ប្រទេសចិន ចេញគោលការណ៍ថ្មី អាចឲ្យប្រជាជនរបស់ខ្លួន មានកូន ២នាក់បាន!

ចិន៖ វាគឺជាដំណឹងដ៏ល្អមួយ​ មិនត្រឹមតែសម្រាប់ ប្រជាជនចិន ប៉ុណ្ណោះទេ តែវាក៏ជាដំណឹង ដ៏គួរឲ្យភ្ញាក់ផ្អើល សម្រាប់មនុស្សជាច្រើនទៀត នៅជុំវិញពិភពលោក បន្ទាប់ពីប្រទេស ចិន បានធ្វើការប្រកាស លុបបំបាត់គោលការណ៍ គ្រួសារ១កូន១ នាពេលថ្មីៗកន្លងទៅនេះ។

បើយោងតាមប្រភព ព័ត៌មានដែលបានដកស្រង់ នូវសេចក្តីថ្លែងការណ៍ របស់បក្សកុម្មុយនីស្តចិន បានឲ្យដឹងថា គោលការណ៍ដែលពោរពេញ ទៅដោយភាពចម្រូងចម្រាស និងត្រូវបានដាក់ឲ្យគោរពអនុវត្តតាំងពីឆ្នាំ ១៩៧៩ មក ពោលគឺហាមមិនឲ្យគ្រួសារនីមួយៗ មានកូនលើសពី១នាក់នោះ ពេលនេះត្រូវបានលុបចោល និងដាក់ឲ្យប្រើប្រាស់គោលការណ៍ថ្មីជំនួសវិញ ដែលអាចឲ្យពួកគេ មានកូន ២នាក់ ក្នុងមួយគ្រួសារ ហើយដំណឹងមួយនេះត្រូវបានទទួលការសាទរ និងរីករាយពីសំណាក់ ប្រជាជនចិនទូទាំងប្រទេស។

សព្វថ្ងៃនេះ ប្រទេសចិន មានចំនួនប្រជាជន ប្រមាណ ១.៣៦ពាន់លាននាក់ ដោយក្នុងនោះ ជាង ៣០ភាគរយ នៃចំនួនប្រជាជនសរុប គឺមានវ័យលើសពី ៥០ឆ្នាំ ដែលជាកត្តាមួយ បង្ហាញអំពីកំណើននៃប្រជាជនវ័យចំណាស់នៅប្រទេសចិន។ ហេតុនេះហើយ វាជាបញ្ហា និងជាសម្ពាធដ៏ធំមួយ ដែលញ៉ាំងឲ្យមានការសម្រេចផ្លាស់ប្តូរ គោលការណ៍នេះឡើង។

ប្រទេសចិន ចេញគោលការណ៍ថ្មី អាចឲ្យប្រជាជនរបស់ខ្លួន មានកូន ២នាក់បាន!
គោលការណ៍គ្រួសារ១កូន១ របស់ប្រទេសចិន ត្រូវបានផ្លាស់ចេញ

ជាមួយគ្នានេះដែរ គណៈកម្មាធិការកណ្តាល របស់បក្សកុម្មុយនីស្តចិន បានបញ្ចេញសេចក្តីថ្លែងការណ៍ ដែលក្នុងនោះមាន អត្ថន័យសំខាន់ថា “ការសម្រេចអនុញ្ញាតឲ្យគ្រួសារទាំងអស់ អាចមានកូនដល់ទៅ២នោះ គឺធ្វើឡើងដើម្បី អាចឲ្យការអភិវឌ្ឍនៃ តុល្យភាពទៅលើចំនួនប្រជាជន មានភាពល្អប្រសើរ ហើយក៏ដើម្បីដោះស្រាយ នូវបញ្ហានៃចំនួនប្រជាជន ដែលមានវ័យចំណាស់ផងដែរ”។

គូសបញ្ជាក់ផងដែរថា កាលពីពេលដែល ប្រទេសចិន បញ្ចេញគោលការណ៍ គ្រួសារ១កូន១ ឲ្យប្រជាជន របស់ខ្លួនគោរពតាមនោះ ក៏ព្រោះតែដើម្បីការពារនៃកំណើន ប្រជាជនច្រើនលើសលប់ ហើយប្រសិនបើគ្រួសារណា មិនគោរពទៅតាមគោលការណ៍ ពួកគេត្រូវប្រឈមមុខ នឹងការទទួលទណ្ឌកម្មផ្សេងៗ មានដូចជាការផាកពិន័យជាទឹកប្រាក់ ឬត្រូវបង្ខំឲ្យរំលូតកូនចេញ ឬបាត់បង់ការងារ ​ជាដើម៕

ប្រទេសចិន ចេញគោលការណ៍ថ្មី អាចឲ្យប្រជាជនរបស់ខ្លួន មានកូន ២នាក់បាន!
កំណើននៃប្រជាជន មានវ័យចំណាស់ កំពុងក្លាយជាការព្រួយបារម្ភ នៅក្នុងប្រទេស ចិន

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត