យ៉េន ឌីណា ដណ្តើមខ្សែក្រវាត់ជាមួយឡាវ ខណៈសោភ័ណ្ឌ និង ហ៊ុច ប៉ះថៃ

អ្នក​ប្រដាល់​ជើង​ខ្លាំងរបស់​កម្ពុជា យ៉េន ឌីណា នឹង​​ត្រូវ​ធ្វើ​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ខ្សែ​ក្រវាត់​គោជល់​ទម្ងន់​៦០​គីឡូ​ក្រាម ​ជាមួយកីឡាករ​ឡាវ Chhanakchhai Saraphiyim នៅ​សង្វៀន CNC នា​យប់​​ថ្ងៃ​សៅរ៍ខាង​មុខ​នេះ គឺ​បន្ទាប់​ពី សុខ សុវណ្ណ ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣​ជាមួយ​ឡាវ​ដូច​គ្នា។
mm1
សិស្ស​គណ​ក្លិប​អប្សរា យ៉េន ឌីណា ធ្លាប់បាន​ផ្តួល​ឲ្យ ​Chhanakchhai ឲ្យ​សន្លប់​​ក្នុង​ទឹក​ទី​​៤​ម្តង​ហើយ សម្រាប់​ការ​ប្រកួត​វិល​ជុំ ដែល​មាន​កីឡាករ​សរុប​៨​នាក់​នោះ ប៉ុន្តែ​ការ​យក​ឈ្នះ​កីឡាករ​កម្ពុជា សុខ សុវណ្ណ ក្នុង​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កន្លង​មកនេះ​ បាន​ជួយ​ឲ្យ​ឡាវ​រូប​នេះ បាន​វិល​មក​ជួប យ៉េន ឌីណា ម្តង​ទៀត​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ប៉ុន្តែ​ការ​ទទួល​បាន​លទ្ធ​ផល​បែប​ណា​នោះ​គ្មាន​អ្នក​ណា​អាច​ព្យា​ករ​បាន​ឡើយ។
mm2
ចំណែក សុខ សុវណ្ណ របស់​ក្រសួង​ការពារជាតិ ​ត្រូវ​ធ្វើ​ការ​ប្រកួតដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣​​ជាមួយ​កីឡាករ​ឡាវ Wanmichhok Sor Sakunthong។ សុខ សុវណ្ណ ធ្លាប់​បាន​យក​ឈ្នះ​ដោយ​ពិន្ទុ​លើ​កីឡាករ Wanmichhok ម្តង​ហើយ ហើយ​កីឡាករ​ឡាវ​ម្នាក់​នេះ​ក៏​ធ្លាប់​បាន​ចាញ់​ពិន្ទុ យ៉េន ឌីណា ក្នុង​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ផង​ដែរ ទើប​គេ​វិល​មក​ជួប សុខ សុវណ្ណ ជា​ថ្មី​នេះ។ រីឯ ស្រិល ទ្រី និង សុខ ទូ នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​បើក​ឆាក មុន​ពេល​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ទាំង​២​គូ​នេះ​ចាប់​ផ្តើម។
mm3
ដោយ​ឡែក សម្រាប់​ការ​ប្រកួត​មិត្ត​ភាពអន្តរជាតិ នៅ​សង្វៀន​ស៊ីធីន ឬ CNC នា​រសៀល​ថ្ងៃ​សៅរ៍​នោះ​ដែរ ​កីឡាករ​​ជើង​ខ្លាំង រឿង សោភ័ណ្ឌ ត្រូវ​ប្រកួត​​​ជាមួយ​ថៃ Chhlamdam Sithfangmay ក្នុង​ទម្ងន់​ ៦៩​គីឡូ​ក្រាម ដែល​ថៃ​ម្នាក់​នេះ​ធ្លាប់​ប្រកួត​​ប៧៣​ដង ឈ្នះ​៥៤ ចាញ់​១៩ និង​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​១២​ដង។
mm4
ចំណែក​អ្នក​លេង​​ស្នៀត​ជើង មឿន សុខហ៊ុច ​ក៏​ត្រូវ​ប៉ះកីឡាករ​ថៃ Niv Vangchan ក្នុង​ទម្ងន់​៦៧​គីឡូ​ក្រាម ក្នុងថ្ងៃ​នោះ​ដែរ ដោយ​ថៃ​ម្នាក់​នោះ​ធ្លាប់​ប្រកួត​៨៥​ដង ឈ្នះ​៦៥ ចាញ់​១៧ និង​ស្មើ​៣​ដង ហើយ​ពី​ការ​ប្រកួត​អន្តរជាតិនេះ​ក៏​​មាន​ការ​ប្រកួត​មិត្ត​ភាព​ក្នុងស្រុក​ចំនួន​៣​គូ​ទៀត​ផង​ដែរ ដោយ​ក្នុង​នោះ មាស ច័ន្ទ​មាន ត្រូវ​ជួប សុខ ចិន្តា ក្នុង​ទម្ងន់​៦៣,៥គីឡូ​ក្រាម រិទ្ធ ​ប្រាក់ប៊ីន ប៉ះ សង គង់ ក្នុង​ទម្ងន់​៥៤​គីឡូ​ក្រាម ខណៈ ជួង ស្រេង ​ត្រូវ​ប្រកួត​ជាមួយ នី សមស័ក្ត ក្នុង​ទម្ងន់​៥៧​គីឡូក្រាម៕