កែវ សុខផេង​ចង់​ស្ដារ​កិត្តិយស បើ​ជួប​បឹងកេត​វគ្គ​ផ្ដាច់ព្រ័ត្រ

កែវ សុខផេង​ចង់​ស្ដារ​កិត្តិយស បើ​ជួប​បឹងកេត​វគ្គ​ផ្ដាច់ព្រ័ត្រ

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង កែវ សុខផេង​របស់​ក្លិប​ភ្នំពេញ​ក្រោន​មាន​បំណង​ចង់​ស្ដារ​កិត្តិយស​ឡើង​វិញ ប្រសិន​បើ​បាន​ប្រកួត​ជាមួយ​ក្លិប​បឹងកេត​អង្គរ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​មិត្តហ្វូន​ខេមបូឌាន​លីក ( MCL 2015) ​។

 

 កែវ សុខផេង​ចង់​ស្ដារ​កិត្តិយស បើ​ជួប​បឹងកេត​វគ្គ​ផ្ដាច់ព្រ័ត្រកែវ សុខផេង អាវខៀវ ពេលលេង​ទល់នឹង​ក្រុមCambodian Tiger អាវ​លឿង

 

ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​ភ្នំពេញ​ក្រោន​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រនៃ​លីក​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​ ២០១៥ ហើយ បន្ទាប់​ពី​ឈ្នះ Cambodian Tiger ដោយ​លទ្ធផល​ទាំង​ពីរ​ជើង​៦-២។ នេះ​មាន​ន័យ​ថា​ភ្នំពេញ​ក្រោន​អាច​នឹង​ជួប​ក្រុម​ណាហ្គាវើល ឬ ​បឹង​កេត​អង្គរ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រោយ​ពី​ក្រុម​ទាំង​ពីរ​ប្រកួត​កាត់​សេចក្ដី​នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

 

ទន្ទឹម​នឹង​ការ​រង់ចាំ​នេះ​ដែរ សុខផេង បាន​និយាយ​ថា​ខ្លួន​ចង់​ស្ដារ​មុខ​មាត់​ឡើង​វិញ​ជាមួយ​ក្រុម​បឹងកេត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ បើ​សិន​ណា​ក្លិប​តំណាង​ឱ្យ​កម្ពុជា​ទៅ​លេង​ពាន​រង្វាន់ Toyota Mekong Cup ​មួយ​នេះ អាច​វាយ​បក​យក​ឈ្នះ​ណាហ្គាវើល​នៅ​ជើង​ទី​ពីរ ដើម្បី​ឈាន​ទៅ​ប៉ះ​ក្រុម​ខ្លួន​ទៀត​នោះ។ ខណៈ​ដែល​ជើង​ទី​មួយ បឹង​កេត​ចាញ់​ណាហ្គាវើល​ ៣-១ ​ទៅ​ហើយ។

 

មូលហេតុ​ដែល​ធ្វើ​ឱ្យ សុខផេង និយាយ​ដូច្នេះ​គឺ​ដោយសារ​តែ​វគ្គ​សន្សំ​ពិន្ទុ​ ពោល​គឺ​ប្រកួត​ដណ្ដើម​តំណែង​លេខ​មួយ​កំពូល​តារាង​ដើម្បី​បាន​ទៅ​លេង​ពាន​រង្វាន់ Toyota Mekong Cup ​នោះ  បឹង​កេត​បាន​បំបាក់​ក្រោន​យ៉ាង​ចាស់​ដៃ ៤-២ ​នៅ​កីឡដ្ឋាន​ស្ដាត​ចាស់ ដែល​គ្រា​នោះ​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​ជា​អ្នក​រក​បាន​៣​គ្រាប់​ម្នាក់​ឯង។

 

យ៉ាងណា​មិញ សម្ដី​របស់​កែវ សុខផេង​នេះ​​ក៏​មិន​ខុសអី​ពី​លោក Sam Schweingruber គ្រូ​បង្វឹក​ក្រុម​ភ្នំពេញក្រោនដែរ ដោយ​ចង់​ជួប​បឹងកេត​អង្ករ​ដូច​គ្នានៅ​វគ្គផ្ដាច់ព្រ័ត្រ ដើម្បី​សងសឹក​វិញ៕

 

អត្ថបទ៖ មុន្នី រម្យ