Angelina Jolie ចាប់ផ្តើម​ថត​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង “​ដំបូង​ពួកគេ​សម្លាប់​ឪពុក​ខ្ញុំ​”

: ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង "​ដំបូង​ពួកគេ​សម្លាប់​ឪពុក​ខ្ញុំ​" របស់​អ្នកស្រី Angelina Jolie pitt នឹង​ចាប់ផ្តើម​ថត នៅក្នុង​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដល់​ចុងខែ​មករា ឆ្នាំ​២០១៦ ដោយ​គ្រោង​នឹង​ប្រើប្រាស់​តួ​សម្តែង​ជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាជាង ២៥០០​នាក់​។ នេះ​ជាការ​ឱ្យដឹងពី​សំណាក់​លោក Bill Wilsan តំណាងឱ្យ​អ្នកស្រី Angelina Jolie pitt ក្នុងឱកាស​ដែល​លោក​បាន​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥​។​

​លោក Bill Wilsan បានឱ្យដឹងថា ខេត្តសៀមរាប គឺជា​ខេត្ត​មួយ ដែលមាន​ការចាប់អារម្មណ៍​បំផុត ទាំង​ផ្នែក​ទស្សនីយភាព ទេសភាព ភូមិសាស្ត្រ​និង​វប្បធម៌ ស័ក្តិសម​នឹង​ឈុត​ឆាក ធ្វើឱ្យ​អ្នក​ផលិត​មានការ​ពេញចិត្ត​យ៉ាងខ្លាំង​។ លោក​បាន​អះអាងថា រឿង​វាលពិឃាត​បែបនេះ កន្លងមក​មាន​គេ​ថត​ច្រើន​ហើយ​ដែរ​។ ប៉ុន្តែ​សម្រាប់​ហូលីវូត នេះ​ជា​លើ​ទី​១​ហើយ ដែល​បានសម្រេច​ជ្រើស​រើសយក​ប្រទេស​កម្ពុជា សម្រាប់​ធ្វើជា​ទីតាំង​ថត​។ រឿងនេះ ក៏​ខុសប្លែក​ពី​គេ​ដែរ​ត្រង់​ថា ផ្តោត​សំខាន់​ទៅលើ​ជីវិត​ក្មេងស្រី​ម្នាក់ ដែល​បាន​ឆ្លងកាត់​វាលពិឃាត​ដ៏​ជូរចត់​។​

​លោក ជៀប សុវិជ្ជា អ្នកសម្របសម្រួល​មក​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានឱ្យដឹង​ដែរ​ថា ការថត​ខ្សែភាពយន្ត​ខ្នាត​ធំ​នៅ​កម្ពុជា​នេះ បានផ្តល់​សារៈប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ចំនួន​ពីរ​ជាសំខាន់ ក្នុងនោះ​ទី​១.​ការទទួលបាន​ដោយផ្ទាល់ គឺ​ទទួលបាន​កម្រៃ​ពី​ការ​ដើរតួ​សម្តែង និង​ថ្លៃ​ចាយវាយ​ផ្សេងៗ និង​ទី​២.​បាន​ដោយ​ប្រយោល​គឺ​នៅពេល​ចាក់ផ្សាយ​ខ្សែភាពយន្ត​របស់គេ ដូចជា​បាន​ជួយ​ផ្សព្វផ្សាយ​ពី​ទេសភាព​ស្រុក​យើង​អញ្ចឹង​ដែរ ពេល​អ្នកទេសចរ​បាន​ឃើញ គេ​នឹង​មក​ទស្សនា​ប្រទេស​យើង​កាន់តែច្រើន ពោលគឺ​នៅពេល ដែល​គេ​ចាក់ផ្សាយ​ម្តងៗ​ដូចជា​បាន​ជួយ​ផ្សព្វផ្សាយ​ពី​ប្រទេស​យើង​ម្តង​ដែរ​។​

​នៅក្នុង​ជំនួប​នោះដែរ លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​បាន​ថ្លែង​នូវ​ការគាំទ្រ​ជានិច្ច​ចំពោះ​ដំណើរ​នៃ​ការថត​ខ្សែភាពយន្ត​ខ្នាត​ធំ​នេះ​។ ប៉ុន្តែ​លោក​ស្នើឱ្យ​ក្រុមការងារ​ជូនដំណឹង​ជាមុន មុនពេល​ត្រូវ​ថត​នៅ​ទីតាំង​ណា ដើម្បីឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ឱ្យបាន​ដឹង​មុន ព្រោះ​ខ្សែភាពយន្ត​នេះ មានពេលខ្លះ ថត​ឈុត​ផ្ទុះ​គ្រាប់ និង​មានការ​បិទផ្លូវ​ផងដែរ​៕