​ប៉ូលិស​​បង្ក្រាប​​​ជនសង្ស័យ​​ចោរកម្ម​​​​​២​នាក់នៅ​ក្រុង​ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ​ជនសង្ស័យ​ចំនួន​​២​នាក់ រួម​ជាមួយ​វត្ថុ​តាង​ម៉ូតូ​មូ​យ​គ្រឿង ត្រូវ​បាន​​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​​ធ្ងន់​ខេត្ត​​ ធ្វើការ​ស៊ើបអង្កេត និងបង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​២៩ ​តុលា​ ​​២០១៥ ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ពី​ជន​រង​គ្រោះ​ឈ្មោះ សុខ វុ​ទ្ធី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ​ជា​អាជីវករ កាលពី​២​ថ្ងៃមុន​ ។

លោកឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ឋ ស្នងការ​នគរបាល​ខេត្ត​ បាន​បញ្ជាក់​ថា ​កាល​ពី​វេលា​​ម៉ោង​៣​​រសៀលថ្ងៃ​ទី​២៩ ​តុលា​​ ២០១៥ កម្លាំង​នគរបាល​​​ធ្វើ​ការ​ស្រាវជ្រាវ​ចាប់​បានជនសង្ស័យ​ចំនួន​២​នាក់ ពី​បទ​កាច់​​សោ.ក​ម៉ូតូ កាលពី​ថ្ងៃ​ទី២៦ តុលា ២០១៥ នៅ​ម៉ោង​៤ទៀប​ភ្លឺ ​ស្ថិត​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​ព្រះ​សីហ​នុ ។

​ជនសង្ស័យ​​​ដែល​​សមត្ថកិច្ច​​ចាប់​ខ្លួន​ទាំង​​២នាក់​ខាង​លើនេះ​ ម្នាក់​​ឈ្មោះ​: ​​រ៉េ​ត ធី​ណា​រ័​ត្ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ​និង​ម្នាក់​ទៀត​​ឈ្មោះ​ ឃី សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ។​ ​ចំណែកវត្ថុ​តាង ដែល​ដក​ហូត​​​បានមាន​ម៉ូតូម៉ាក​​អែរប្លែក​ ព​ណ៌​ក្រហម ស៊េរី​ឆ្នាំ​២០១៣ មួយ​​គ្រឿង ។

ជនសង្ស័យ​ និង​វត្ថុ​តាង ត្រូវ​បាន​​នគរ​បាល​​កសាង​សំណុំរឿង​​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​​ ដើម្បី​ចាត់​តាម​ទៅ​នីតិវិធី ៕ ​