លោក អ៊ុំ សំអាន ចោទ​វៀតណាម​ថា ចង់​បង្វែ​បញ្ហា​ព្រំដែន​ទើប​នាំ​ឲ្យ CPP ដក​តំណែង​លោក កឹម សុខា

ភ្នំពេញ៖ លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលសព្វថ្ងៃកំពុងរស់នៅ សហរដ្ឋអាម៉េរិកដោយសារ តែមានសកម្មភាពខ្លាំងក្លាក្នុងការ ចុះទៅបង្គោលព្រំដែនកម្ពុជា-វៀតណា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥បានធ្វើការចោទប្រកាន់ភាគីវៀតណាមថា ចង់បង្វែស្ថានការណ៍ព្រំដែន ដែលជាហេតុធ្វើ ឲ្យគណបក្សប្រជាជនកម្ពុជា(CPP) ដកតំណែងលោក កឹម សុខា ចេញពីអនុប្រធានទី១នៃរដ្ឋសភា។

លោកបានលើកឡើងនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “វៀតណាមចង់បង្វែស្ថានការណ៍បញ្ហាព្រំដែននិងផែនទី ឲ្យខ្មែរវិលវក់គិតរឿងផ្សេងវិញ ទើបគណបក្សប្រជាជនដកតំណែងលោក កឹម សុខា និងបាតុករវាយអ្នកតំណាងរាស្រ្ត២រូប” ។

លោកលើកឡើងបន្តថា “ព្រួញមួយបាញ់បានសត្វ៣៖១- បង្វែរស្ថានការណ៍បញ្ហាព្រំដែននិងផែនទី , ២- បំបែកបំបាក់ផ្ទៃក្នុង CNRP , ៣- បន្ថយប្រជាប្រិយភាព CNRP ប៉ុន្តែគេភ្លេចគិតថាការដកតំណែងនេះ នឹងធ្វើឲ្យ CNRP កាន់តែមានប្រជាប្រិយភាព ហើយប្រជាពលរដ្ឋនឹងថ្កោលទោល CPP ពីការដកតំណែងនេះ និងការបង្កហឹង្សាមកលើតំណាងរាស្រ្ត”៕