បន្ទាប់ពីចូលអង្គុយ កៅអីអនុប្រធានទី១ រដ្ឋសភា បានជាង ១ឆ្នាំ លោក កឹម សុខា ត្រូវបានតំណាងរាស្រ្ត គណ បក្សប្រជាជនកម្ពុជា បោះឆ្នោត ទម្លាក់វិញហើយ

ភ្នំពេញ៖ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានសមាជិកសភា ៦៨រូប មកពីគណបក្សប្រជាជនកម្ពុជា បោះឆ្នោតដកតំណែងចេញពីអនុប្រធានទី១ នៃរដ្ឋសភាហើយ បន្ទាប់ពីរូបលោកកាន់តំណែងនេះ បាន ជាង ១ឆ្នាំ។ ការបោះឆ្នោតដកតំណែងរបស់លោក កឹម សុខា បានធ្វើឡើងដោយមិនមានវត្តមានរបស់លោក កឹម សុខា និងតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិនោះឡើយ។

លោក កឹម សុខា បានឡើងអង្គុយកៅអីអនុប្រធានទី១ នៃរដ្ឋសភា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ បន្ទាប់ពីកិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយរបស់គណបក្សឈ្នះឆ្នោតទាំងពីរ បានធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។

ការបោះឆ្នោតដកតំណែងរបស់លោក កឹម សុខា ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានការសម្រេចពីគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា តាមសំណើរបស់លោក ប៉ែន បញ្ញា និងលោក ជាម យៀប តំណាងឲ្យតំណាងរាស្រ្តប្រ មាណ ៦៣រូប។

បន្ទាប់ពីការបោះឆ្នោតដកតំណែងលោក កឹម សុខា រួចហើយនោះ លោក ឈាង វុន អ្នកនាំពាក្យ នៃរដ្ឋសភា ក៏បានចេញមកធ្វើសន្និសីទព័ត៌មានខ្លីមួយបញ្ជាក់ពីមូលហេតុ និងកំហុស ដែលនាំឲ្យមានការដកតំណែងនេះ។ លោក ឈាង វុន បាបនញ្ជាក់ថា ការដកតំណែង លោក កឹម សុខា ចេញពីអនុប្រធានទី១ រដ្ឋសភា ដោយសារតែ លោក កឹម សុខា បានប្រើតួនាទីជាអនុប្រធានទី១ ទៅនិយាយវាយប្រហារអ្នកនយោបាយគណបក្សដទៃ និងនិយាយប៉ះពាល់អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា នៅសហរដ្ឋអាម៉េរិក និង អូស្រ្តាលី។

លោក ឈាង វុន បានបន្តទៀតថា ការដកតំណែងនេះ ក៏គ្មានជាប់ពាក់ព័ន្ធការធ្វើបាតុកម្មរបស់របស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២៦ ខែតុលា នោះទេ តែយោងទៅលើកិច្ចព្រមព្រៀង ២២ កក្កដា និងយោងទៅលើអ្នកតំណាងរាស្រ្ត ដោយមិនមែនយកញត្តិពីប្រជាពលរដ្ឋ ដែលហែរតាមថ្នល់មកជាអាជ្ញាបញ្ជារបស់រដ្ឋសភាបានទេ។

ក្រោយការដកតំណែងរបស់លោក កឹម សុខា ភ្លាម គណបក្សសង្រ្គោះជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍ ដោយអះអាងថា ការដកតំណែងលោក កឹម សុខា នេះ មានភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរ។

នៅក្នុងសេចក្តីថ្លែងការណ៍ គណបក្សសង្រ្គោះជាតិ បានហៅការដកតំណែងលោក កឹម សុខា ជាការរំលោភលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ព្រោះរដ្ឋធម្មនុញ្ញមិនមានចែងស្តីអំពី ការអនុម័តញត្តិបន្ទោស ឬដកតួនាទី ឬតំណែងរបស់ប្រធាន ឬអនុប្រធានរដ្ឋសភាទេ។ ការបោះឆ្នោតជ្រើសតាំងប្រធាន ឬអនុប្រធានរដ្ឋសភាថ្មីមកជំនួស បានលុះត្រាតែក្នុងករណី ដែលប្រធាន ឬអនុប្រធាននោះ សុំលាលែងពីមុខតំណែង ឬទទួលអនិច្ចកម្ម យោងទៅតាមមាត្រា ៨៧ នៃរដ្ឋធម្មនុញ្ញ។

បើតាមគណបក្សសង្រ្គោះជាតិ ការដកតំណែងនេះ ក៏ជាការរំលោភលើកិច្ចព្រមព្រៀងនយោបាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដែលជាគណបក្ស ដែលមានអាសនៈនៅក្នុងរដ្ឋសភា

ឆ្លើយតបសេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិនេះ លោក ឈាង វុន បានបញ្ជាក់ថា ការដកតំណែងលោក កឹម សុខា មិនមែនជាការរំលោភបំពានលើវប្បធម៌សន្ទនានោះទេ តែជាការការពារទៅវិញ។

អ្នកនាំពាក្យរូបនេះ បានថ្លែងថា «កិច្ចព្រមព្រៀងថ្ងៃទី២២កក្កដា ២០១៤ គឺជាមូលដ្ឋាន នៃវប្បធម៌សន្ទនារវាងគណបក្សទាំងពីរដើម្បីធ្វើការជាមួយគ្នា។ យើងមិនដែលគិតថា ត្រូវរំលាយ ឬត្រូវឲ្យប៉ះពាល់វប្បធម៌សន្ទនាទេ ហើយការដកតំណែង លោក កឹម សុខា មូលហេតុធំ គឺយើងកំពុងតែការពារវប្បធម៌សន្ទនាទៅតាមរយៈកិច្ចព្រមព្រៀងថ្ងៃទី២២ កក្កដា ចឹងវប្បធម៌សន្ទនាមិនប៉ះពាល់ទេ កិច្ចព្រមព្រៀង ក៏មិនបានប៉ះពាល់ដែរ»។

ពាក់ព័ន្ធនិងការដកតំណែងរបស់លោក កឹម សុខា នេះដែរ រដ្ឋសភា ក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីភាពត្រឹមត្រូវរបស់ខ្លួនភ្លាមៗផងដែរ។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋសភា បានបញ្ជាក់ថា ការដកតំណែងរបស់លោក កឹម សុខា បានធ្វើឡើងស្របតាមប្រការ១៩ និងប្រការ២០ នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា តាមសំណើរបស់តំណាងរាស្រ្តចំនួន ៦៣រូប ដោយបានស្នើសុំ។

សេចក្តីថ្លែងការណ៍បានបន្តថា យោងតាមមាត្រា ៨២ថ្មី នៃរដ្ឋធម្មនុញ្ញ ការបោះឆ្នោតជ្រើសរើសតំណែងប្រធាន និងអនុប្រធានរដ្ឋសភា គឺត្រូវធ្វើឡើងដោយមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូលមូល ដូចនេះ ក្នុងករណីដែលត្រូវមានការផ្លាស់ប្តូរមុខតំណែងនេះក៏ទាមទារឲ្យរដ្ឋសភាត្រូវធ្វើការបោះឆ្នោត ដោយមតិភាគច្រើន ដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូលដូចគ្នាផងដែរ។ ហើយមាត្រា ៨៧នៃរដ្ឋធម្មនុញ្ញ ក៏ពុំបានហាមឃាត់រដ្ឋសភា ក្នុងការផ្លាស់ប្តូរមុខតំណែងប្រធាន ឬអនុប្រធាន នៃរដ្ឋសភាឡើយ។

ទន្ទឹមនិងការដកតំណែងអនុប្រធានទី១ នៃរដ្ឋសភា នៅថ្ងៃម្សិលមិញ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក៏បានធ្វើលិខិតមួយច្បាប់ផងដែរផ្ញើទៅលោក សម រង្ស៊ី ឲ្យដាក់បេក្ខភាពថ្មី ដើម្បីរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជំនួសតំណែងរបស់លោក កឹម សុខា។

បើទោះបីរដ្ឋសភា បានអះអាងថា ការដកតំណែងលោក កឹម សុខា ត្រូវបានធ្វើឡើង យោងតាមនីតិវិធីរបស់រដ្ឋសភា និងច្បាប់នានា ដោយមិនជាប់ពាក់ព័ន្ធជាមួយការតវ៉ារបស់ប្រជាពលរដ្ឋយ៉ាងណាក្តី តែជាការគត់សម្គាល់ការប្រជុំដកតំណែងអនុប្រធានទី១ នៃរដ្ឋសភា គឺបានធ្វើឡើងភ្លាមៗ បន្ទាប់ពីប្រជាពលរដ្ឋបានតវ៉ានៅមុខវិមានរដ្ឋសភា តែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ប្រជាពលរដ្ឋប្រមាណ ៥០០០នាក់ បានតវ៉ាទាមទារដកតំណែងរបស់លោក កឹម សុខា ដោយលើកហេតុផលថា លោក កឹម សុខា បានដើរផ្សព្វផ្សាយសារនយោបាយបំផុសបំផុលបំពុលបរិ យាកាសនាំឲ្យមានការរើសអើងពូជសាសន៍ និងអាចនាំឲ្យឈានដល់ការផ្ទុះសង្រ្គាមជាដើម៕

បន្ទាប់ពីចូលអង្គុយ កៅអីអនុប្រធានទី១ រដ្ឋសភា បានជាង ១ឆ្នាំ លោក កឹម សុខា ត្រូវបានតំណាងរាស្រ្ត គណ បក្សប្រជាជនកម្ពុជា បោះឆ្នោត ទម្លាក់វិញហើយ