ប្រមុខ​ការទូត​កម្ពុជា ប្រាប់​ទូត​បរទេស និង​ភ្នាក់ងារ​បរទេស អំពី​ការដកតំណែង​លោក កឹម សុខា​

ភ្នំពេញ: លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ទូត​បរទេស និង​ភ្នាក់ងារ​តំណាង​អង្គការសហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​៣០​តុលា​នេះ បានលើកឡើង អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការដកតំណែង​លោក​កឹម​សុខា ពី​អនុប្រធាន​ទី​១​រដ្ឋសភា​។​

​នៅក្នុង​របាយការណ៍ ៣​ទំព័រ លោក ហោ ណាំហុង បាន​រៀបរាប់​អំពី​ហេតុផល និង​ដំណើរការ ដែល​ឈានដល់​ការសម្រេចចិត្ត​ដកតំណែង​លោក កឹម​សុខា ចេញពី​អនុប្រធាន​ទី​១​រដ្ឋសភា​។ នោះ​គឺ ដោយសារតែ​លោក​កឹម​សុខា បាន​មួរ​បង្កាច់ ការវាយប្រហារ និង​ការដើរ​អុចអាល​ញុះញង់​ប្រជាជន​ឲ្យ​ប្រឆាំង​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​ក្នុង និង​ក្រៅប្រទេស​។​

​លោក​ប្រមុខ​ការទូត​កម្ពុជា ហោ ណាំហុង ក៏បាន​បញ្ជាក់​ទៅកាន់​មន្ត្រី​ទូត​បរទេស និង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ថា លោក កឹម សុខា បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​ស្មារតី​នៃ​ការអនុវត្ត “​វប្បធម៌​សុន្ទ​នា​” រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។  

​លោក ហោ ណាំហុង បាន​បញ្ជាក់ថា វប្បធម៌​សន្ទនា បាន​តម្រូវ​ឲ្យ​ភាគី​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ស្មោះត្រង់​ជាមួយគ្នា គោរព និង​អោយ​តម្លៃ​គ្នា​ទៅវិញទៅមក ជៀសវាង​ឲ្យ​ខាន​តែ​បាន​នូវ​ការ​ញុះញង់ លុបបំបាត់​នយោបាយ​ប្រកាន់ពូជសាសន៍​ជ្រុលនិយម និង​អប់រំ​សមាជិក​បក្ស​ឲ្យ​ចូលរួម​អនុវត្ត​នូវ​ស្មារតី​ទាំងនេះ​។  

​កិច្ចប្រជុំ​នោះ មាន​រយៈពេល​ខ្លី ត្រឹមតែ ២០​នាទី​ប៉ុណ្ណោះ ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នកកាសែត នៅ​ស្តាប់​ឡើយ​។ បន្ទាប់ពី​កិច្ចប្រជុំ តំណាង​អង្គទូត និង​ភ្នាក់ងារ​សហប្រជាជាតិ ប្រចាំ​កម្ពុជា មិនបាន​ឆ្លើយតប​នឹង​ក្រុមអ្នកកាសែត​ឡើយ​។​
 
​សូម​រម្លឹកថា កាលពី​ព្រឹក​ថ្ងៃទី​៣០​តុលា​នេះ អ្នកតំណាងរាស្ត្រ ៦៨ រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រជុំ​រដ្ឋសភា បោះឆ្នោត​ទម្លាក់​លោក​កឹម​សុខា ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​។​

​ភ្លាមៗ គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្ដីថ្លែងការណ៍ ដោយ​ចាត់ទុកថា ការសម្រេច​របស់​រដ្ឋ​សភា ជាការ​រំលោភ​រដ្ឋធម្មនុញ្ញ និង​រំលោភ​លើ​កិច្ចព្រមព្រៀង​នយោបាយ ថ្ងៃទី​២២​កក្កដា ឆ្នាំ​២០១៤​។

​ក៏ប៉ុន្តែ​រដ្ឋសភា​បានចេញ​សេចក្តីថ្លែងការណ៍ និង​ហើយ​អ្នកនាំពាក្យ​រដ្ឋសភា លោក ឈាង វុន អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ចាត់ទុកថា ដំណើរការ​បោះឆ្នោត​ទម្លាក់​លោក​កឹម​សុខា ជា​រឿង​ត្រឹមត្រូវ ស្របតាម​ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់​បទញ្ជា​ផ្ទៃក្នុង​រដ្ឋសភា និង​ច្បាប់​លក្ខន្តិក​តំណាងរាស្ត្រ​៕