លោក​កឹម​សុខា​៖ គណបក្ស​សង្គ្រោះ​ជាតិ មិន​ដាក់​បេក្ខភាព សម្រាប់​តំណែង​អនុប្រធាន​ទី​១ រដ្ឋសភា ទេ​

ភ្នំពេញ: នៅ​ព្រលប់​ថ្ងៃទី​៣០​តុលា​នេះ លោក កឹម​សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បានប្រកាសថា "​នៅ​រសៀល​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥​នេះ លោក​ប្រធាន សម រង្សី និង ខ្ញុំ កឹម សុខា ក្នុងនាម​ជា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពិភាក្សាគ្នា និង​បាន​ឯកភាពគ្នា​ហើយ​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ស្នើ​បេក្ខជន អនុប្រធាន​ទី​១ រដ្ឋសភា​ថ្មី​ជំនួស ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ និង​រំលោភ​លើ​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ទាំងពីរ​នោះឡើយ​។ អាស្រ័យហេតុនេះ សូម​សាធារណជន ជាពិសេស​ថ្នាក់ដឹកនាំ សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​ទាំងអស់​មេត្តា​ជ្រាប​"​។​

​សេចក្តីបញ្ជាក់​របស់លោក​កឹម​សុខា នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​យ៉ាង​ដូច្នេះ បានធ្វើ​ឡើង បន្ទាប់ពី​រដ្ឋសភា ដែលមាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ៦៨ រូប បាន​ប្រជុំ​បោះឆ្នោត​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ដក​លោក​កឹម​សុខា ចេញពី​អនុប្រធាន​ទី​១​រដ្ឋសភា​។​

​ភ្លាមៗ សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា បាន​សរសេរ​លិខិត​ជូន​លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​ដាក់​បេក្ខភាព​ថ្មី ជំនួស​តំណែង​អនុប្រធាន​ទី​១ រដ្ឋសភា ជំនួស​លោក​កឹម​សុខា​៕​