តើ​គេ​ត្រូវការ​គេង​តិចជាង​ធម្មតា​ឬ នៅពេល​ដែល​ចាស់​ទៅ​?

តើ​គេ​ត្រូវការ​គេង​តិចជាង​ធម្មតា​ឬ នៅពេល​ដែល​ចាស់​ទៅ​?

​ការ​គេង​លក់​ស្កប់ស្កល់​ធ្វើឱ្យ​រាងកាយ​របស់​យើង​បាន​សម្រាក ហើយ​ស្តារ​ថាមពល​ឡើងវិញ​។ បើសិនជា​យើង​គេង​មិនបាន​ស្កប់ស្កល់​ទេ វា​នឹង​ធ្វើឱ្យ​យើង​ទៅ​ជា​មួ​ម៉ៅ ឆាប់​ខឹង ហើយ​មិន​សូវ​ប្រុងប្រយ័ត្ន ដែល​ងាយ​នឹង​មាន​គ្រោះថ្នាក់​បាន​។ ដូចជា​ចំណីអាហារ​និង​ទឹក​ដែរ ការ​គេង​គ្រប់គ្រាន់​ក៏​សំខាន់​ចំពោះ​សុខភាព​ដែរ​។​
​គេ​បែងចែក​ការ​គេង​ជា​២​ប្រភេទ​៖

  • ​ការ​គេង​ដែល​ភ្នែកមាន​ចលនា​យឺតៗ​(NREM sleep - non-rapid eye movement)
  • ​និង​ការ​គេង​ដែល​ភ្នែកមាន​ចលនា​លឿន​(REM sleep - rapid eye movement)

NREM sleep មាន​៤​ដំណាក់កាល ចាប់ផ្តើម​ពី​ការ​គេង​លក់​រលីវៗ រហូត​ដល់​ការ​គេង​លក់     ស៊ប់​។ មនុស្ស​យើង​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ទាំង​៤​នេះ​ក្នុង​រយៈពេល​ប្រមាណ​ជា​៩០​នាទី បន្ទាប់មក​ក៏​ឈាន​ចូល​ទៅ​ដល់ REM sleep ដែល​ជា​ដំណាក់កាល​គេង​លង់លក់ អាច​នឹង​មាន​យល់សប្តិ​ផង​។​
​អ្នកស្រាវជ្រាវ​ពន្យល់ថា មាន​ប្រព័ន្ធ​ពីរ​ដែល​ចាត់ចែង​ការ​គេង​របស់​យើង ជាពិសេស​គឺ​ធ្វើឱ្យ  យើង​ងងុយគេង​នៅពេល​យប់ និង​ស្វាង​ងងុយ​នៅពេល​ថ្ងៃ នោះ​គឺ​ដំណើរការ​គេង​និង​ភ្ញាក់​(the sleep-wake process)​និង​ម៉ោង​ជីវសាស្ត្រ​មួយថ្ងៃ​(circadian biologic clock)​។ Sleep-wake process ធ្វើការ​ដោយ​រៀបចំ​សេចក្តីត្រូវការ​ដេក​របស់​មនុស្ស​ម្នាក់​ទៅ​តាម​បរិមាណ​ពេល​ដែល​នៅ​ដឹងខ្លួន ចំណែកឯ វិញ circadian biologic clock ដែល​មាន​ចង្វាក់​អាស្រ័យ​ទៅ​តាម​ការ​ប៉ះ​ជាមួយ​ពន្លឺ​ថ្ងៃ គឺជា​អ្នក​រៀបរយ​អ័រម៉ូន melatonin  ដែល​មាន​បញ្ចេញ​នៅពេល​យប់​ហើយ​ធ្វើឱ្យ​ងងុយ​គេង និង​រៀបរយ​សីតុណ្ហភាព​របស់​រាងកាយ​ផងដែរ​។ ការ​គេង​ត្រូវ​នឹង​ចង្វាក់​នេះ​ធ្វើឱ្យ​មាន​សុខភាព​ល្អ​។​

​បរិមាណ​ម៉ោង​គេង​ប្រែប្រួល​ទៅតាម​អាយុ​។ កូន​ក្មេង​និង​តរុណវ័យ​ត្រូវកា​រគេង​ច្រើន​ជា​មនុស្ស​ពេញវ័យ​។ មនុស្ស​ចាស់​ក៏​ត្រូវការ​គេង​ច្រើន​ដូច​កុមារ​និង​តរុណវ័យ​ដែរ គឺ​ពី​៧​ទៅ​៩​ម៉ោង​ក្នុង​១​យប់ៗ​។

​ក៏ប៉ុន្តែ​មនុស្ស​ចាស់​ច្រើន​តែ​មិន​បាន​គេង​ឱ្យបាន​គ្រប់គ្រាន់​ទេ ដោយ​មក​ពី​មិន​ងងុយ ឬ​ភ្ញាក់​ញឹកញាប់​នៅ​ពេលយប់​ជាដើម ដែល​ធ្វើឱ្យ​គេង​មិន​បាន​ស្កប់ស្កល់​។ ជួន​កាល​ទៀត មនុស្ស​ចាស់​ទៅ​ជា​ឆាប់​ងងុយ ចូល​គេង​ពី​ព្រលប់ ហើយ​ឆាប់​ភ្ញាក់​ពី​ព្រឹក​ទៅ​វិញ​។ គេ​ពន្យល់​ថា​មូលហេតុ​គឺ​មក​ពី​មនុស្ស​ចាស់​បញ្ចេញ melatonin តិចជាង ហើយ​ច្រើន​តែ​មិន​អាច​សម្រប​ខ្លួន​បាន​កាលណា​ប្លែក​កន្លែង​គេង​។​

​ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។