​វិធីសាស្ត្រ​១០​យ៉ាង​ដើម្បី​មាន​សុខភាព​ល្អ​នៅពេល​ដែល​ចាស់​ទៅ​

​វិធីសាស្ត្រ​១០​យ៉ាង​ដើម្បី​មាន​សុខភាព​ល្អ​នៅពេល​ដែល​ចាស់​ទៅ​

​សព្វថ្ងៃនេះ ការរីកចម្រើន​នៃ​វេជ្ជសាស្ត្រ​បាន​ធ្វើឱ្យ​មនុស្ស​យើង​មាន​អាយុ​កាន់តែ​វែង​ទៅៗ ក៏​ប៉ុន្តែ​គ្មាន​ឱសថ​ទិព្វ​ឯ​ណា​ដែល​ជួយ​មិន​ឱ្យ​ចាស់​បាន​ទេ​។ បើទោះជា​យ៉ាងណាក្តី វិធីសាស្ត្រ​១០​យ៉ាង​ខាងក្រោម​នេះ​អាច​ជួយ​ឱ្យ​អ្នក​នៅ​តែ​មាន​សុខភាព​ល្អ​ដដែល ដូច​នៅ​ក្មេង​ដែរ​។​
 
១- ហាត់ប្រាណ​ជាប្រចាំ​
​គេ​មិន​អាច​មាន​សុខភាព​ល្អ​បានទេ​បើ​គេ​មិន​ធ្វើ​ចលនា​អ្វី​សោះ​នោះ​។ ការដើរ​ត្រឹមតែ​៣០​ទៅ​៤៥​នាទី​ក្នុង​១​ថ្ងៃៗ​អាច​ជួយ​ឱ្យមាន​សុខភាព​ល្អ​បាន​។ ក្រៅពី​ការដើរ ការ​ហែល​ទឹក​និង​ការអនុវត្ត​យោគ​ក៏​ជួយ​ដល់​សុខភាព​សន្លាក់ និង​ធ្វើឱ្យ​រាងកាយ​នៅ​ទន់ភ្លន់ ផងដែរ​។​
 

២- គ្រប់គ្រង​ស្ត្រេ​ស​
​ការ​ដែល​មាន​ស្ត្រេ​សជាប់​ជា​ប្រចាំ​ធ្វើឱ្យមាន​ការបញ្ចេញ​អ័រម៉ូន cortisol កាន់តែ​ច្រើន​ដែល​នឹង​ធ្វើ​ឱ្យ​ឆាប់​ចាស់​។ ថ្វីបើ​គេ​មិន​អាច​បំបាត់​ស្ត្រេ​សបានទេ ក៏​ប៉ុន្តែ​គេ​អាច​គ្រប់គ្រង​វា​បាន ដោយ​ធ្វើ​សកម្មភាព​អ្វី​មួយ​។ លោក​វេជ្ជបណ្ឌិត​Viguier អ្នកជំនាញ​ខាង​ផ្នែក​ជីវវិទ្យា​នៃ​អាហារូបត្ថម្ភ បាន​ឱ្យ​យោបល់​ថា គេ​អាច​គ្រប់គ្រង​ស្ត្រេសបាន​ដោយ​សរសេរ​ចំនួន​៥​នាទី​ក្នុង​១​ថ្ងៃៗ​។​

៣- ត្រួតពិនិត្យ​ស្ថានភាព​សុខភាព​ជា​ប្រចាំ​
​ត្រូវ​ឱ្យ​គេ​ពិនិត្យមើល​ឈាម ធ្វើតេស្ត​បេះដូង ពិនិត្យ​មាត់​-​ច្រមុះ​-​ត្រចៀក ជា​ទៀងទាត់ ហើយ​ចាប់ផ្តើម​ការព្យាបាល ឬ​បង្ការ​ភ្លាម​បើ​មាន​ភាពខុសប្រក្រតី​។​
 

៤- អនុវត្ត​លំ​ហាត់​ដកដង្ហើម​
លំ​ហាត់​ដកដង្ហើម​អាចជួយ​ស្តារ​ថាមពល​សរសៃប្រសាទ​បាន​។ សូម​អង្គុយ​នៅលើ​គែម​កៅអី ងើប​ដងខ្លួន​ឱ្យ​ត្រង់ ដាក់​ដៃ​សណ្តូក​ពី​លើ​ភ្លៅ បិទ​ភ្នែក រួច​ដកដង្ហើម​ចូល​ឱ្យ​វែង​តាម​ច្រមុះ រួច​បញ្ចេញ​ខ្យល់​មក​វិញ​យឺតៗ​តាម​មាត់​។ ធ្វើ​បែប​នេះ​ឱ្យបាន​៥​ដង​អាចជួយ​ឱ្យមាន​សុខភាព​ល្អ​បាន​។​
 

៥- អនុវត្ត​វិធី « F3 = Free-Fast-Fasting»
គឺ​អត់​អាហារ​ឱ្យបាន​១៦​ម៉ោង ឱ្យ​បាន​ម្តង​ក្នុង​១​សប្តាហ៍ ដោយ​ញ៉ាំ​តែ​ទឹកតែ​នៅ​ពេល​ល្ងាច​ណាមួយ រួច​អត់​អាហារ​រហូតដល់​ពេល​ស្អែក​ឡើង បាន​ញ៉ាំ​អាហារ​ពេលព្រឹក​ពោរពេញ​ទៅ​ដោយ​ប្រូតេ      អ៊ី​ន​។ ការអនុវត្ត​ដូច្នេះ​ជួយ​ឱ្យ​រាងកាយ​បាន​សម្រាក និង​សម្អាត​ជាតិពុល​ផង​។​
 

៦- ញ៉ាំ​ផ្លែឈើ​និង​បន្លែ​ឱ្យ​ច្រើន​
លោក​វេជ្ជបណ្ឌិត​Viguier បាន​ពន្យល់ថា ដើម្បី​ថែរក្សា​សុខភាព​ពេល​មាន​វ័យចាស់​ទៅ អាហារ​ដែល​គេ​ទទួលទាន​ត្រូវមាន​ជាតិ​អាស៊ីត​ឱ្យបាន​៣០% និង​មាន​ជាតិ​បាស​៧០% ដែល​គេ​អាច​សម្រេច​យ៉ាងនេះ​បាន​ដោយ​ញ៉ាំ​ផ្លែឈើ​និង​បន្លែ​ឱ្យបាន​ច្រើន ហើយ​កាត់បន្ថយ​សាច់​និង​ខ្លាញ់​ចេញ​។​
 

៧- លាយ​ចំណីអាហារ​ចម្រុះ​គ្រប់​ពណ៌​
 លោក​វេជ្ជបណ្ឌិត​Dr Yann Rougier អ្នកជំនាញ​ខាង​សរសៃវិញ្ញាណ​វិទ្យា​និង​អាហារូបត្ថម្ភ បាន​អភិវឌ្ឍ​របបហូបចុក​មួយ​ដែល​កាត់បន្ថយ​ការឡើង​ទម្ងន់​និង​បង្កើន​ការរស់នៅ មានឈ្មោះ​ថា Slim-data ដោយ​បែង​ចែង​ចំណីអាហារ​ទៅតាម​ពណ៌​បៃតង ពណ៌​ទឹកក្រូច និង​ពណ៌​ក្រហម​។ គេ​ត្រូវ​លាយ​ចម្រុះ​អាហា​រទាំង​៣​ប្រភេទ ដើម្បី​មាន​សុខភាព​ល្អ​។​
 

៨- យកចិត្តទុកដាក់​នឹង​អាហារ​ក្រុម​អង់​ទី​អុក​ស៊ីដង់​
អាហារ​ក្រុម​អង់​ទី​អុក​ស៊ីដង់​ប្រយុទ្ធប្រឆាំង​នឹង​អាហារ​ក្រុម​រ៉ាឌីកាល់​សេរី​ដែល​មិនល្អ​ទេ​ចំពោះ​សុខភាព​។ អាហារ​ក្រុម​អង់​ទី​អុកស៊ី​ដង់​នេះ​រួម​មាន​ពួក​bioflavonoïdes, ពួក caroténoïdes, វីតាមីន C និង E, ហើយ​និង sélénium​។​
 

៩- ចំណាយពេល​ជាមួយ​មិត្តភក្តិ​
ការចំណាយ​ពេល​ជួប​ជាមួយនឹង​មិត្តភក្តិ សប្បាយរីករាយ​ជាមួយគ្នា និង​ធ្វើ​សកម្មភាព​សង្គម​ផ្សេងៗ​ជា​វិធី​មួយ​ដែល​ជួយ​ឱ្យ​គេ​មាន​អារម្មណ៍ល្អ និង​នៅ​ស្រស់ថ្លា​បាន​។​
 

១០- មាន​សុភនិច្ឆ័យ​
ត្រូវ​ទទួលស្គាល់​ថា​គ្មាន​ទេ​ជីវិត​អមតៈ ម្ល៉ោះហើយ​កុំ​ចង់​នៅ​រស់​រហូត ឬ​ខ្លាច​សេចក្តីស្លាប់​ឱ្យសោះ​។ ការ​ដែល​មានគំនិត​បែបនេះ​អាច​ធ្វើឱ្យ​យើង​មិន​សូវ​មាន​ស្ត្រេ​ស ហើយ​ជួយ​ឱ្យ​យើង​រស់​បាន​សប្បាយ​បាន​៕

ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។