អាជ្ញាធរ​អប្សរា ចុះ​រុះរើ​តូប​​លក់​ដូរ នៅ​ជាប់​ជើង​ប្រាសាទ​ប្រែ​រូប


សណ្តាប់ធ្នាប់ ពិតជាមានសារសំខាន់ សម្រាប់រមណីដ្ឋាន និងកន្លែងផ្សេងៗទៀត ក្នុងការទាក់ទាញភ្ងៀវទេសចរណ៍ ឲ្យចូលកម្សាន្ត និងទស្សនា។ ប៉ុន្តែតើការលក់ដូរ នៅប្រសាទប្រែរូប មានសភាពយ៉ាងណា បាន​ជា​តម្រូវ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ទៅ​រៀបចំ​នោះ?
អាជ្ញាធរ​អប្សរា ចុះ​រុះរើ​តូប​​លក់​ដូរ នៅ​ជាប់​ជើង​ប្រាសាទ​ប្រែ​រូប

ពីមុខប្រាសាទប្រែរូប និងសកម្មភាពរុះរើតូប និងរោង របស់ក្រុមអាជ្ញាធរ។ (រូបថតហ្វេសប៊ុក)

នាព្រឹកថ្ងៃទី ២៩ ខែ តុលា ឆ្នាំ២០១៥ អាជ្ញាធរជាតិអប្សរា សហការជាមួយកម្លាំងសមត្ថកិច្ច​ពាក់ព័ន្ធ មាន​ដូចជា នគរបាលទេសចរណ៍ នគរបាលបេតិកភណ្ឌ បានចុះទៅរៀបចំសណ្តាប់ធ្នាប់ អ្នកលក់ដូរ ដែល​អាជ្ញាធរ​​យល់​ថា គ្មានរបៀបរៀបរយ នៅក្នុងបរិវេណប្រាសាទបែ្ររូប ដោយមានការរុះរើតូប និងរោង​របស់​អាជីវករ ចំនួន ១៨ តូប (គ្រែ៥ និងតុ១៣)។ តូប និងរោងអាជីវករទាំងនោះ ត្រូវបានអះអាងថា បាន​សង់​ឡើង ដោយ​គ្មាន​ការ​អនុញ្ញាត ពីអាជ្ញាធរជាតិអប្សរា។

ប្រភពពីអាជ្ញាធរអប្សរា បានឲ្យដឹងថា មុននឹងឈានដល់ ការចុះរើតូបរបស់អាជីវករទាំងនោះ អាជ្ញាធរជាតិ​អប្សរា ធ្លាប់បានប្រាប់ណែនាំ ដល់អ្នកលក់ក្នុងបរិវេណប្រសាទ ទាំងស្ពាយលក់ និងលក់តាមតូប ទៅលក់នៅ​ម្ខាង នាងផ្លូវខាងក្រៅបរិវេណប្រាសាទ ដែលមានអាជីវករ ផ្សេងៗទៀត កំពុងលក់ដូរនៅទីនោះដែរ។ ប៉ុន្តែ​ក្រុម​អាជីវករ មិនបានធ្វើតាមការណែនាំ និងការរៀបចំរបស់អាជ្ញាធរទេ ហើយនាំគ្នាមកបោះទីតាំងលក់ នៅ​ជាប់ នឹងជើងប្រាសាទទឿត ដែរធ្វើឲ្យក្រុមអាជ្ញាធរ សម្រេចចិត្តចុះរុះរើតែម្តងទៅ។

ការរុះរើទីតាំងអ្នកលក់ដូរទាំងនេះ បានធ្វើឡើង ដើម្បីការពារសណ្តាប់ធ្នាប់ និងលើកកម្ពស់គុណតម្លៃ នៃ​ប្រាសាទ អោយសាកសម ជាតំបន់ទេសចរណ៍វប្បធម៌ ដែលជាសម្បត្តិបេតិកភណ្ឌពិភលោក ដ៏ល្បីល្បាញ ដែលមានភ្ញៀវទេសចរណ៍ ចូលមកទស្សនាឥតដាច់ ជាច្រើនលាននាក់ ក្នុងមួយឆ្នាំៗ និងដើម្បីធានា ការ​អភិវឌ្ឍន៍​វិស័យទេសចរណ៍ ប្រកបដោយចីរភាព។ នេះបើតាមការអះអាង របស់ប្រភពដដែលនោះ។

សូមរំលឹកថា ក្នុងពេលកន្លងមកនេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនតែងតែរិះគន់ និង​ត្អូញ​ត្អែរ​ពីការដាក់លក់ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍ គ្មានសណ្តាប់ធ្នាប់។ ទន្ទឹមនឹងនេះ ក៏មានមគ្គុទេសទេសចរណ៍ មួយ​ចំនួនធំបានរិះគន់ និងរាយការណ៍ពីការរំខាន និងជេរប្រមាថ ដល់ភ្ញៀវទេសចរណ៍ ដែលមិនព្រមទិញវត្ថុ​អនុស្សាវរីយ៍ផងដែរ៕