ឈាង វុន៖ ដក​តំណែង កឹម សុខា ដើម្បី​ការពារ​«វប្បធម៌​សន្ទនា»

អ្នកនាំពាក្យរដ្ឋសភា បានអះអាងថា ការដកលោក កឹម សុខា ចេញពីតំណែង ជាអនុប្រធានរដ្ឋសភា ត្រូវបានធ្វើឡើង ដើម្បី«ការពារវប្បធម៌សន្ទនា» ដោយយោងតាមច្បាប់បី គឺរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងលក្ខន្តិកៈ នៃអ្នកតំណាងរាស្រ្ត។
ឈាង វុន៖ ដក​តំណែង កឹម សុខា ដើម្បី​ការពារ​«វប្បធម៌​សន្ទនា»
លោក ឈាង វុន (ខាងឆ្វេង) ធ្វើសន្និសីទសារព័ត៌មាន និងលោក កឹម សុខា។ (រូបថត monoROOM.info/ S. Tith)

សន្និសីទសារព័ត៌មានមួយ របស់អ្នកនាំពាក្យរដ្ឋសភា ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់រដ្ឋសភា បានបញ្ចប់​តំណែង លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា។ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា មកពី​គណបក្ស​ប្រជាជនកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ដើម្បីការពារនូវវប្បធម៌សន្ទនានេះ រដ្ឋសភា​ត្រូវ​តែ​ដក​លោក កឹម សុខា ចេញពីអនុប្រធានទីមួយ នៃរដ្ឋសភា។

លោកបានថ្លែងឡើងថា៖ «ជាការចាំបាច់ ដើម្បីធានាវប្បធម៌សន្ទនា ធានាកិច្ចព្រមព្រៀង​នយោបាយ​ជាមួយ​គ្នា រវាងគណបក្សទាំងពីរ។ (...) ការដកនេះ យោងទៅលើកិច្ចព្រមព្រៀង ថ្ងៃទី២២ (ខែ) កក្កដា យោងទៅលើ​ការពង្រឹងវប្បធម៌សន្ទនា យោងលើញត្តិ អ្នកតំណាងរាស្រ្ត។»

អ្នកនាំពាក្យរូបនេះ បានបន្តទៀតថា ការដកតំណែងនេះ ត្រូវបានធ្វើឡើង ដោយយោងលើច្បាប់បី ជាសំខាន់ មានច្បាប់រដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា និងលក្ខន្តិកៈ នៃអ្នកតំណាងរាស្រ្ត។ លោកបន្តថា ការដក​តំណែងនេះ មិនមែនយោងលើ «ញត្តិ» នៃក្រុមបាតុករ ដែលបានស្នើ កាលពីថ្ងៃ២៦ ខែតុលាមុននេះឡើយ តែយោងតាមកិច្ចព្រមព្រៀង២២ ខែកក្កដា និងយោងទៅលើ«ញត្តិ» អ្នកតំណាងរាស្រ្ត។ លោកបាន​អះអាង​បន្ថែមថា៖ «មិនអាចយកញត្តិ ប្រជាពលរដ្ឋ ដែលហែរតាមថ្នល់ មកជាអាជ្ញា បញ្ជារបស់រដ្ឋសភាបានទេ»។

សូមស្តាប់ និងទស្សនាការបកស្រាយទាំងស្រុង របស់លោក ឈាង វុន ដូចខាងក្រោម៖