ហេង សំរិន៖ ដក​តំណែង កឹម សុខា តាម​ញត្តិ​តំណាង​រាស្រ្ត​៦៣​រូប

របៀបវារៈថ្មី ដែលត្រូវបានរដ្ឋសភា លើកយកមកពិភាក្សា និងអនុម័តភ្លាមៗនោះ គឺការ«ដកតំណែង របស់លោក កឹម សុខា ពីអនុប្រធានទីមួយ នៃរដ្ឋសភា»។ ប្រធានសភាអះអាងថា ការដកតំណែងនេះ ដោយយោង លើ«ញត្តិ» នៃ​អ្នក​តំណាងរាស្រ្តចំនួន៦៣រូប។
ហេង សំរិន៖ ដក​តំណែង កឹម សុខា តាម​ញត្តិ​តំណាង​រាស្រ្ត​៦៣​រូប
លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។ (រូបថត monoROOM.info/ S. Tith)

អង្គកិច្ចប្រជុំសភាពេញអង្គ ដែលមានវត្តមាន នៃអ្នកតំណាងរាស្រ្ត៦៨រូប មកពីគណបក្សប្រជាជនកម្ពុជា បាន«ស្រុះស្រួលគ្នាជាឯកច្ឆ័យ» ក្នុងការទម្លាក់លោក កឹម សុខា ពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នេះ។

តាមសកម្មភាព នៃកិច្ចប្រជុំពេញអង្គ ពាក់ព័ន្ធនឹងការដកតំណែងលោក កឹម សុខា តាមរយៈការបោះឆ្នោត​នោះ ត្រូវទទួលបានលទ្ធផល នៃសម្លេងគាំទ្រឲ្យទម្លាក់លោក កឹម សុខា ៦៨ លើ ៦៨ សម្លេង។ សម្លេង​សំខាន់ៗ ក្នុងការបោះឆ្នោត គាំទ្រទម្លាក់លោក កឹម សុខា នោះរួមមាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន, ប្រធានរដ្ឋសភាលោក ហេង សំរិន, អនុប្រធានទីមួយ នៃរដ្ឋសភាលោក ង៉ួន ញិល, រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ និង​ជាប្រធានក្រុមតំណាងរាស្រ្ត មតិភាគច្រើនក្នុងរដ្ឋសភា លោក ស ខេង។

ក្នុងកិច្ចប្រជុំពេញអង្គនេះ ប្រធានរដ្ឋសភា លោក ហេង សំរិន បានលើកឡើងថា៖ «ការបោះឆ្នោតដកតំណែង អនុប្រធានទីមួយនៃរដ្ឋសភា ពីឯកឧត្តម កឹម សុខា យោងលើញត្តិ របស់ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា និង​ឯកឧត្តម​បណ្ឌិតរដ្ឋ ជាម យៀប តំណាងក្រុមតំណាងរាស្រ្ត ហត្ថលេខីចំនួន៦៣រូប ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ​២០១៥។ យោងតាមការសម្រេច របស់គណៈកម្មការអចិន្ត្រៃយ៍ នៃរដ្ឋសភា កាលពីថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០១៥។»

សូមទស្សនាជាវីដេអូ នៃកិច្ចប្រជុំពេញអង្គ នៃរដ្ឋសភាស ក្នុងការម្រេចដកតំណែងលោក កឹម សុខា ដូចខាង​ក្រោម៖