ឆេះ​បង្គោល​ភ្លើង នៅ​ក្បាល​ថ្នល់

អគ្គីភ័យមួយបានឆេះយ៉ាងខ្លាំង នៅតាមបណ្តោយផ្លូវមន្នីរ៉េត បង្កការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរ និង​ពលរដ្ឋ​នៅ​ម្តុំ​នោះ វេលាថ្ងៃត្រង់ ទី៣០ ខែតុលានេះ។
ឆេះ​បង្គោល​ភ្លើង នៅ​ក្បាល​ថ្នល់
ហេតុការណ៍ឆេះបង្គោលភ្លើង នៅក្បាលថ្នល់ រាជធានីភ្នំពេញ។ (រូបថត monoROOM.info/ H. Vuthy)

ហេតុការណ៍អគ្គីភ័យ ផ្ទុះចរន្តអគ្គីសនី ឆាបឆេះបង្គោលភ្លើងនេះ កើតឡើងនៅម៉ោង១២ និង៣០នាទី ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៥ តាមផ្លូវមន្នីរ៉េត ម្តុំច្រមុះជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បណ្តាលឲ្យខូចខាតបង្គោលភ្លើង និងប៉ាណូ មួយចំនួន។

នៅក្នុងករណីភ្លើងឆេះនេះ មានការអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គីភ័យ របស់រាជធានីភ្នំពេញ ចំនួន ៥គ្រឿង និងត្រូវពន្លត់ទៅជាស្ថាពរ នៅម៉ោង ១៣ និង ១០នាទីរសៀល។ តែជាសំណាងល្អ ដែលមិនឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋ និងមិនមានគ្រោះថ្នាក់ ដល់អ្នកណាម្នាក់ឡើយ គ្រាន់តែខូចខាតបង្គោលភ្លើង និង​ប៉ាណូ​នៅក្បែរប៉ុណ្ណោះ។

តាមប្រភពពីស្ត្រីម្នាក់ ដែលមានផ្ទះនៅក្បែរនោះ បានឲ្យដឹងថា នៅពេលអគ្គីភ័យកំពង់តែឆេះ គាត់មានការ​ភិតភ័យណាស់ មិនថាគួរធ្វើយ៉ាងម៉េចនោះទេ ម្យ៉ាងខ្លាចឆេះរាលដាលដល់ផ្ទះ និងរបស់របរផ្សេងទៀត។

ចំណែកបុរសអ្នករត់ម៉ូតូម្នាក់ នៅម្តុំនោះ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា អគ្គីភ័យឆេះនេះ បាន​កើតចេញ ពីការធ្វេលប្រហែស របស់អ្នកគ្រប់គ្រងអគ្គីសនី ដែលមានការដាក់តខ្សែ រយីងរយោងពាស​ពេញ​បង្គោលភ្លើង ហើយពេលខ្លះ ខ្សែធ្លាក់សឹងតែដល់ដីទៀតផង។

ក្រោយពេលកើតហេតុ ក្រុមសមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋាន ពីការខូចខាត ដែលគិតសរុបអស់​ជា​ទឹក​ប្រាក់ ថាអស់ប៉ុន្មាននោះឡើយ៕