ស្ត្រី​ខ្មែរ​អ៊ី​ស្លា​ម​ម្នាក់​សុំ​មន្ត្រី​កម្ពុជា​ជួយ​រក​យុត្តិធម៌​ឲ្យ​បងប្រុស​ស្លាប់​លើ​ដី​ថៃ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ខ្មែរ​អ៊ី​ស្លា​ម​ម្នាក់​បាន​ស្វះស្វែង​ជួប​ជាមួយ​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ តុលា ២០១៥ ដើម្បី​សុំ​អន្តរាគមន៍​ជួយ​រក​យុត្តិធម៌​ឲ្យ​បងប្រុស​របស់​គាត់​ដែល​បាន​ស្លាប់​លើ​ទឹកដី​ថៃ​ដោយសារ​ការ​បាក់​ពិ​ដាន​ចំ និង​ធ្លាក់​ពី​ជាន់​ទី​២​ នៅ​ខេត្ត​ឈុ​ន​បូ​រី​នា​ពេល​កន្លង​មក ។

ស្ត្រី​ខាងលើ​ឈ្មោះ ហ៊ឹ​ម ស្រី​ពៅ អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែ​ត ។

ជួប​ជាមួយ​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ស្ត្រី​ខាងលើ​បាន​ប្រាប់​ថា បងប្រុស​របស់​គាត់​ឈ្មោះ ហ៊ឹ​ម​ សុខ​អ៊ី អាយុ​៤២​ឆ្នាំ បាន​ទៅ​ធ្វើការ​ជា​កម្មករ​សំណង់​នៅ​ខេត្ត​ឈុ​ន​បូ​រី ប្រទេស​ថៃ ហើយ​ជួប​ឧប្បត្តិ​ហេតុ​ធ្លាក់​ពិ​ដាន​ចំ ថែម​ទាំង​ធ្លាក់​ពី​ជាន់​ទី​២ ​កាលពី​ថ្ងៃ​ទី​១៧ តុលា និង​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ក្នុង​ខេត្ត​កើតហេតុ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​១៩ តុលា ២០១៥ ហើយ​សព​បងប្រុស​គាត់​ត្រូវ​បាន​គេ​បញ្ជូន​ពី​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​ម៉ោង​ជិត​៨​យប់ ថ្ងៃ​ទី​២៣​ខែ​ឆ្នាំ​ដដែល ។ ស្ត្រី​ខាងលើ​បញ្ជាក់​ថា ដោយសារ​ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​មិន​ទទួល​បាន​សំណង ហើយ​ឮ​ថា​ថៅកែ​ម៉ៅ​ការ​សំណង់​នោះ​គេចខ្លួន​បាត់​ផង ទើប​គាត់​ស្វះស្វែង​ជួប​មន្ត្រី​កម្ពុជា​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ ដើម្បី​ឲ្យ​ទំនាក់ទំនង​ទៅ​មន្ត្រី​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​ទាមទារ​រក​យុត្តិធម៌​ជូន​បងប្រុស ។

យ៉ាងណា​ក៏​ដោយ​ប្រភព​នានា​ជា​ច្រើន​បាន​លើក​ឡើង​ថា ភាគច្រើន​នៃ​ការ​រង​គ្រោះ​របស់​ពលករ​ខ្មែរលើ​ទឹកដី​ថៃ​ដែល​ក្រោយ​កើតហេតុ​សាច់ញាតិ​ទាមទារ​រក​យុត្តិធម៌​ កម្រ​ទទួល​បាន​នូវ​ភាព​យុត្តិធម៌​ណាស់ ។ ជាក់ស្តែង​ករណី​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​ថៅកែ​បន​ល្បែង​ថៃ​វាយ​សម្រាត​ខោអាវ​នៅ​ក្រុង​បាងកក​កាលពី​ម៉ោង​១២​យប់​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៣ ដែល​ជន​រង​គ្រោះជា​អ្នក​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ និង​ករណី​ពលករ​ខ្មែរ​ម្នាក់​ត្រូវ​មេកា​សំណង់​ថៃ​បាញ់​សម្លាប់​នៅ​ឯ​ខេត្ត​ឆាក់​ឆឺ​ន​សៅ ត្រូវ​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ប្រចាំ​ខេត្តបន្ទាយមានជ័យ​ប្រាប់​តាម​ទូរស័ព្ទ​ថា សាច់ញាតិ​មិន​ទាន់​ទទួល​បាន​សំណង​នៅឡើយ​ទេ ហើយ​ក្រុម​សាច់ញាតិ​នៅ​តែ​បន្ត​ដង្ហោយ​ក​យុត្តិធម៌​នៅឡើយ ៕