បក្ស​ប្រឆាំង​សម្រេច​មិន​ស្នើ​បេក្ខជន​ថ្មី​ជំនួស​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា​ឡើយ

បក្ស​ប្រឆាំង​សម្រេច​មិន​ស្នើ​បេក្ខជន​ថ្មី​ជំនួស​លោក កឹម សុខា សម្រាប់​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា ដែល​ទើប​តែ​ត្រូវ​បាន​បក្ស​កាន់​អំណាច​បោះ​ឆ្នោត​ទម្លាក់​នេះ​ឡើយ។

អនុប្រធាន​បក្ស​សង្គ្រោះជាតិ លោក កឹម សុខា សរសេរ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook) របស់​លោក នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ថា ប្រធាន​និង​អនុប្រធាន​បក្ស​សង្គ្រោះជាតិ បាន​ពិភាក្សា និង​ឯកភាព​គ្នា​ថា ​មិន​ស្នើ​បេក្ខជន​អនុប្រធាន​ទី១ រដ្ឋសភា​ថ្មី​ជំនួស​នោះទេ។

លោក កឹម សុខា បញ្ជាក់​បន្ថែម​ថា ការ​ស្នើ​អ្នក​ជំនួស​ថ្មី​នេះ ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ និង​រំលោភ​លើ​កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ។

នៅ​ថ្ងៃ​ទី៣០ តុលា ដដែល​នេះ ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​ផ្ញើ​លិខិត​ទៅ​កាន់​លោក សម រង្ស៊ី ប្រាប់​ពី​ការ​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា ចេញ​ពី​តំណែង។ នៅ​ក្នុង​លិខិត​នោះ លោក ហេង សំរិន បាន​ស្នើ​ឲ្យ​លោក សម រង្ស៊ី បញ្ជូន​ឈ្មោះ​បេក្ខជន​សម្រាប់​តំណែង​អនុប្រធាន​ទី១ រដ្ឋសភា ដើម្បី​ឲ្យ​សភា​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​បេក្ខជន​នោះ​ជំនួស​លោក កឹម សុខា។

លោក កឹម សុខា ត្រូវ​បាន​សមាជិក​រដ្ឋសភា​បក្ស​កាន់​អំណាច​បោះឆ្នោត​ទម្លាក់​ពី​តួនាទី​អនុប្រធាន​ទី១​រដ្ឋសភា ដោយ​សំឡេង ៦៨ លើ ៦៨​សំឡេង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ តុលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។