ឈ្លោះ​គ្នា​ក្នុង​ក្លិប​កម្សាន្ត​ហ្គោ​ល​ថោ​ន កាប់​ដាច់​ដៃ​ភាគី​ម្ខាង

ខេត្តបន្ទាយមានជ័យ ៖ អំពើ​ហិង្សា​ដ៏​សាហាវ​មួយ​បាន​កើតឡើង​បណ្ដាល​ឱ្យ​យុវជន​ម្នាក់​ត្រូវ​ជន​ដៃដល់​កាប់​ដាច់​ដៃស្ដាំ របួស​ពោះ និង​ម្នាក់​ទៀត​របួស​ក្បាល​ផ្នែក​ខាងក្រោយ​ ។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺ​ជន​រង​គ្រោះ​កាន់​ដៃ​ដែល​ដាច់​នោះ​រត់​មក​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ជួយ​នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ តុលា នៅ​ចំណុច​ខាងជើង​ស្ពាន​សែ​សិន ស្ថិត​ក្នុងភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ។

នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ព្រះ​ពន្លា​បានឱ្យ​ដឹង​ថា យុវជន​រង​គ្រោះ​ទាំង​២​នាក់​ម្នាក់​ឈ្មោះ​ គេង ឡាយ​ស៊ី​ម អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ រង​របួស​ដាច់​ដៃស្ដាំ​ធ្លាក់​ដល់​ដី និង​រយះ​ពោះ​ផ្នែក​ខាងស្ដាំ ។ ចំណែក​ម្នាក់​ទៀត​ឈ្មោះ​ ជា វែង​ឡុ​ង អាយុ​២១​ឆ្នាំ នៅ​ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ របួស​ក្បាល​ផ្នែក​ខាងក្រោយ​ និង​ក​.​ដៃ​ខាងស្ដាំ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ដែល​បាន​ចុះ​ស្រាវជ្រាវ​ជុំវិញ​ករណី​នេះ​បាន​និយាយ​ថា ជម្លោះ​រវាង​ភាគី​ជន​រង​គ្រោះ​ និង​ជន​ដៃដល់​បាន​កើតឡើង​នៅ​ក្នុង​ក្លិប​កម្សាន្ត ហ្គោ​ល​ថោ​ន ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។ បន្ទាប់​មក​ភាគី​ជន​រង​គ្រោះ​បាន​ចេញពី​ក្លិប​ទៅ​ផ្ទះ​មុន រួច​នាំ​គ្នា​ត្រឡប់​មក​វិញ ដោយ​សង្ស័យ​ថា​ទៅ​យក​កាំបិត​មក​កាប់​ខាង​ក្រុម​ជន​ដៃដល់ ។ ពេល​ទៅ​ដល់​ក្លិប​ហ្គោ​ល​ថោ​ន មិនឃើញ​ក្រុម​ប​ដិ​បក្ស ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​ចូល​មក​ក្នុង​ទីរួមខេត្ត​វិញ តែ​ពេល​កំពុង​ធ្វើ​ដំណើរ​នោះ​ត្រូវ​ក្រុម​ជន​ដៃដល់​ដែល​ពួន​តាម​ដើមឈើ​ក្នុង​សួនច្បារ​កន្លែង​កើតហេតុ​ស្ទុះ​ចេញ​មក​កាប់​ប្រហារ​តែ​ម្ដង ។ 

ប្រភព​ដដែល​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​នៅ​ពេល​សមត្ថកិច្ច​សាកសួរ​អំពី​បញ្ហា​ដែល​កើតឡើង​នេះ​មិន​និយាយ​ប្រាប់​នោះ​ទេ ដោយ​ពួក​គេ​មិន​សហការ​ជាមួយ​សមត្ថកិច្ច​ឡើយ ។

បច្ចុប្បន្ន​ជន​រង​គ្រោះ​ដាច់​ដៃ​ត្រូវ​បាន​នាំ​យក​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ហើយ ។ តាម​ប្រភព​ព័ត៌មាននានា ​ក៏​ដូច​ជា​លោក​មេ​ភូមិ​រង​សែ​សិន​ បានឱ្យ​ដឹង​ថា កន្លែង​កើតហេតុ​នោះ គេ​សង្កេត​ឃើញ​ក្រុម​ក្មេង​ទំនើង​តែងតែ​ធ្វើ​សកម្មភាព​ស្ទើរតែ​រៀង​រាល់​យប់ ចាប់ពី​ម៉ោង​១​ទៅ​ម៉ោង​២​រំលង​អធ្រាត្រ បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​នៅ​ម្ដុំ​នោះ​យ៉ាង​ខ្លាំង ៕