បក្ស​ប្រឆាំង​ប្រកាស​មិន​ស្នើ​បេក្ខជន​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា​ថ្មី​ ជំនួស​ឯកឧត្តម​ កឹ​ម​ សុខា​ ទេ​

​ក្រោយ​ការ​អនុម័ត​ដកហូត​មុខ​តំណែង​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ចេញពី​អនុប្រធាន​ទី​១​រដ្ឋសភា​នីតិកាល​ទី​៥​ ដោយ​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​៦៨​នាក់​ នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​ គឺ​នៅ​ថ្ងៃ​ដដែល​ រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្នើ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ ឲ្យ​ដាក់​បេក្ខជន​ថ្មី​សម្រាប់​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា​ ជំនួស​ឯកឧត្តម​ កឹ​ម​ សុខា​ ប៉ុន្តែ​ការ​ស្នើ​នេះ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​មិន​យល់​ស្រប​ ដោយ​សំអាង​ថា​ ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រំលោភ​បំពាន​លើ​កិច្ចព្រមព្រៀង​នយោបាយ​ ចុះ​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៤​ រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ។​

​នៅ​រសៀល​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​ ឯកឧត្តម​ កឹ​ម​ សុខា​ បាន​ Post​ ព័ត៌មាន​មួយ​តាម​រយៈ​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ ឲ្យ​ដឹង​ថា​ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ឯកភាព​គ្នា​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ស្នើ​បេក្ខជន​អនុប្រធាន​ទី​១​រដ្ឋសភា​ថ្មី​ ជំនួស​តំណែង​ឯកឧត្តម​ កឹ​ម​ សុខា​ ដែល​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ និង​រំលោភ​លើ​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ​នោះ​ឡើយ​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរ​មិន​ស្នើ​ដាក់​បេក្ខជន​សម្រាប់​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា​ ជំនួស​ឯកឧត្តម​ កឹ​ម​ សុខា​ ទេ​នោះ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទំនងជា​អាច​ទុក​តំណែង​នេះ​ឲ្យ​នៅ​ទំនេរ​សិន​ ឬ​អាច​នឹង​មិន​ទុក​ឲ្យ​នៅ​ទំនេរ​ឡើយ​ ហើយ​ក្នុង​ករណី​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​ដាក់​តំណាងរាស្ត្រ​មក​ពី​គណបក្ស​របស់​ខ្លួន​ កាន់​តំណែង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា​ រឹត​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់លាស់​ថា​ ស្ថាប័នរដ្ឋ​សភាជាតិ​ត្រូវ​បាន​គ្រប់គ្រង​អំណាច​ទាំងស្រុង​ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល​(​ទាំង​ប្រធាន​ ទាំង​អនុប្រធាន​ទី​១​ ទាំង​អនុប្រធាន​ទី​២​ សុទ្ធ​ជា​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​)​ និង​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ដែរ​ថា​ កិច្ចព្រមព្រៀង​នយោបាយ​ចុះ​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៤​ រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​ហែក​ចោល​លែង​មាន​តម្លៃ​ ដោយសារ​ស្នាដៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ៕​

បក្ស​ប្រឆាំង​ប្រកាស​មិន​ស្នើ​បេក្ខជន​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា​ថ្មី​ ជំនួស​ឯកឧត្តម​ កឹ​ម​ សុខា​ ទេ​បក្ស​ប្រឆាំង​ប្រកាស​មិន​ស្នើ​បេក្ខជន​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា​ថ្មី​ ជំនួស​ឯកឧត្តម​ កឹ​ម​ សុខា​ ទេ​