អតីតប្រធាន មន្ទីរបរិស្ថាន លោក ហេង គួន សម្រុកដឹក ឈើប្រភេទ ម្រេញទៅទម្លាក់ស្តុកទុក នៅចំណុច ដីអំបិលទាំងយប់

កំពង់ស្ពឺ : អតីតប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ លោក ហេង គួន ត្រូវបានគេរាយការណ៏មកថា បានប្រើកូនក្មួយរបស់ខ្លួន សម្រុកដឹកឈើប្រភេទម្រេញ ចេញពីផ្ទះរបស់ខ្លួន យកទៅស្តុកទុកនៅចំណុចដីអំបិល ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច នៅយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នេះ ដោយគ្មានការទប់ស្កាត់ពីសមត្ថកិច្ច ជំនាញនោះទេ ។

យោងតាមប្រភពព័ត៌មានពីឃុំត្រែងត្រយឹង បានអោយដឹងថា ក្រោយពីមានការចុះស្រាវជ្រាវពីសំណាក់ថ្នាក់លើ ពាក់ព័ន្ធការរកសីុ ខុសច្បាប់ និងភាពមិនក្រតីមួយចំនួននោះ លោក ហេង គួន ដែលបច្ចុប្បន្ន ត្រូវបានតែងតាំង ជាអនុប្រធាននាយកដ្ឋាន នៃក្រសួងបរិស្ថាន ក៏សម្រុកដឹកជញ្ជូនឈើម្រេញ ឫហៅថា ឈើរាជថ្កុល ទៅស្តុកទុកនៅទីតាំងថ្មី ទាំងយប់តែម្តង។

តាមប្រភពព័ត៌មានដដែល ឈើម្រេញ ជាប្រភេទឈើ ភាគច្រើន ត្រូវបានគេកែច្នៃ និងធ្វើជាគ្រឿងសង្ហារឹម ដែលមានតម្លៃ ជាងឈើប្រណីតផ្សេងៗទៀតផង ដូចជា ឈើគ្រញូងជាដើម។

យ៉ាងណាក៏ដោយ លោក ហេង គួន មិនទាន់អាចទាក់ទងសុំការបកស្រាយ ចំពោះព័ត៌មាននេះទេ នៅយប់ថ្ងៃដដែលនេះ៕