មាន​អ្នកគាំទ្រ និង​អ្នកប្រឆាំង ចំពោះ​ការដកតំណែង លោក កឹម សុខា​

​ភ្នំពេញ​៖​បន្ទាប់ពី​សភា​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា ចេញពី​អនុប្រធាន​ទីមួយ​នៃ​រដ្ឋសភា ប្រជាជន​ស្ទើរ​គ្រប់​ម​ជ្ឍ​ដ្ឋា​ន​បាន​សម្តែង​ការមិនសប្បាយចិត្ត ដោយ​ពួកគេ​អះអាងថា ករណីនេះ ជា​រឿង​អយុត្តិធម៌ និង​មិន​ត្រឹមត្រូវ​។ ពួកគាត់​បាន​និយាយ​ប្រៀបធៀប ថា ករណី​ធ្វើបាតុកម្ម​ដែលមាន​មនុស្ស​១​ពាន់​ឬ​២​ពាន់​នាក់​សោះ អាច​ដកតំណែង លោក កឹម សុខា ចេញពី​អនុប្រធាន​ទី​១​រដ្ឋសភា ប៉ុន្តែ​ប្រជាជន​រាប់លាន​នាក់​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​លោក ហ៊ុន សែន​ចុះ​ចេញពី​តំណែង បែរជា​សភា​ធ្វើ​មិនដឹងមិនលឺ​ទៅវិញ​។​

​លោក សោម ចិ​ត្រា ជា​និស្សិត​ម្នាក់ បាន​សម្តែង​អារម្មណ៍​មិន​សប្បាយចិត្ត​សោះ ពេលលឺ​ដំណឹង​ថា សភា​បោះឆ្នោត​ទម្លាក់ លោក កឹម សុខា ចេញពី​អនុប្រធាន​ទីមួយ​នៃ​រដ្ឋសភា​។ លោក​ថា ចំពោះ​ករណីនេះ លោក​មិន​គាំទ្រ​នោះទេ ព្រោះ​ការធ្វើ​បាតុកម្ម​របស់​ប្រជាជន​ប៉ុន្មាន​ពាន់​នាក់​នេះ គឺ​មិនបាន​បង្ហាញ​ពី​ឆន្ទៈ​ប្រជាជន​ភាគច្រើន​នោះទេ​។ លោក​បញ្ជាក់ថា «​ខ្ញុំ​មិន​គាំទ្រ ការដក លោក កឹម សុខា នោះទេ ព្រោះ​គាត់​តស៊ូ​យូរហើយ ហើយ​ការដែល​ធ្វើបាតុកម្ម​ទាមទារ​នោះ គឺ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នោះទេ​»​។ លោក​បន្តទៀតថា «​បើ​ប្រៀបធៀប​នឹង​ចំនួន​ប្រជាជន​ដែល​ធ្វើបាតុកម្ម​ទម្លាក់ លោក ហ៊ុន សែន កន្លងមក គឺ​ប្រជាជនមាន​ចំនួន​ច្រើនជាង ប៉ុន្តែ​សភា​ហាក់​គ្មាន​វិធានការ បោះឆ្នោត​ទម្លាប់​លោក ហ៊ុន សែន នោះទេ​»​។​

​លោក នួន រី ជា​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភ្នំពេញ ក៏បាន​សម្តែង​អារម្មណ៍​មិន​គាំទ្រ ចំពោះ​ករណី​ដក លោក កឹម សុខា នេះដែរ​។ លោក​ថា ការដក លោក កឹម សុខា ហាក់​មានរឿង​ពាក់ព័ន្ធ​នឹង​ការធ្វើ​បាតុកម្ម​នៅ​បារាំង​។ លោក​បញ្ជាក់ថា « ការដក លោក កឹម សុខា គឺជា​រឿង​អយុត្តិធម៌​ចំពោះ​គាត់ ព្រោះ​គាត់ ហាក់​គ្មាន​កំហុស ដូច​ការចោទប្រកាន់រ​បស់​បាតុករ​នោះទេ​»​។ លោក​បន្ថែមថា​«​បាតុកម្ម​នេះ​មិនមែនជា​ការចង់បានរ​បស់​ប្រជាជន​ភាគច្រើន​នៅក្នុង​ប្រទេស​នោះទេ​»​។

​លោក ឃឹម សុ​គុ​ម្ភៈ អ្នករត់​ទុក​ទុក​ម្នាក់ នៅ​ភ្នំពេញ បាន​សម្តែង​អារម្មណ៍​ម៉ួ​មៅ​ចំពោះ​ការដក​លោក កឹម សុខា ព្រោះ​លោក​ថា លោក កឹម សុខា ហាក់​គ្មាន​កំហុស​ដូច​ការចោទប្រកាន់​រប​ស់​បាតុករ​ទាំង​នោះទេ​។ លោក​អះអាងថា «​ខ្ញុំ​គិតថា វា​ជា​រឿង​មិន​ត្រឹមត្រូវ​នោះទេ ព្រោះ​អត់​ស្មើភាព​គ្នា​។ សភា​ត្រូវមាន​បក្សប្រឆាំង​ចូលរួម តែបើ​មាន​បក្ស​តែមួយ​បែប​ហ្នឹង មិន​ត្រឹមត្រូវ​ទេ​»​។ លោក​បន្តថា​«​ការដក​លោក កឹម សុខា​នេះ នឹងមាន​ចលនា​ប្រជាពលរដ្ឋ​តវ៉ា​ទៀតហើយ ហើយ​ខាង​រដ្ឋាភិបាល​នឹង​ប្រើ​អាវុធ ប្រើ​កាំភ្លើង​ទៀត គ្មាន​អ្នកណា​រងគ្រោះ​ក្រៅពី​ប្រជាពលរដ្ឋ​នោះទេ​»​។​

​លោកយាយ គួ​ន សុ​ផន អ្នកលក់​ចាប់ហួយ​វ័យ​ជាង ៦០​ឆ្នាំ បានបង្ហាញ​អារម្មណ៍​សប្បាយចិត្ត ពេល​លឺថា សភា​ដក លោក កឹម សុខា ។ លោកយាយ បញ្ជាក់ថា «​ខ្ញុំ​មិន​ឯកភាព​ឲ្យ​លោក​កឹម សុខា នៅ​បន្តទៀត​ទេ ព្រោះថា​មិន​ថា​លោក កឹម សុខា និង​លោក​សម រង្ស៊ី គឺ​អត់​បាន​ជួយ​ជាតិ​អី​ទេ ដូចជា​មិនដែល​មាន​ប្រវត្តិ​តស៊ូ​អី​ផង ហេតុនេះ​អ្នក​ទាំងពីរ​នេះ​សម​នឹងត្រូវ​បាន​គេ​ដក​ចេញពី​តំណែង​»​។

​លោក សៀ យិ​ត អ្នករត់ម៉ូតូឌុប វ័យ​៤៥​ឆ្នាំ និយាយថា ការធ្វើ​បែបនេះ គឺ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​សភា​ត្រូវមាន​សមាជិក​មកពី​ពីរ​គណបក្សនយោបាយ ដល់ពេល​មានតែ​បក្ស​មួយ​ដូចជា​មិន​ត្រឹមត្រូវ​តាមច្បាប់​ទេ​មើលទៅ ហើយ​ដូចជា​មិនត្រូវ​តាម​លទ្ធិប្រជាធិបតេយ្យ​ទេ​។ លោក​បានបង្ហាញ​ពី​ការព្រួយបារម្ភ​យ៉ាង​ដូច្នេះ ថា «​ខ្ញុំ​មានការ​ព្រួយបារម្ភ​ខ្លាច​មាន​ចលនា​ទាមទារ​របស់​ប្រជាពលរដ្ឋ​ដើម្បី​គាំទ្រ​បក្សប្រឆាំង ព្រោះ​បក្សប្រឆាំង​មាន​អ្នកគាំទ្រ​ច្រើន​»​។​

​ចំណែក​លោក​សា​ស្រា​ចា​រ្យ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា ការទម្លាក់ លោក កឹម សុខា គឺជា​ល្បិច​នយោបាយ ពីព្រោះ​នេះ​ជា​យុទ្ធសាស្ត្រ​បំបែកបំបាក​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ដែល​ធ្វើ​កន្លងមក​។ លោក​បញ្ជាក់ថា​«​ខ្ញុំ​គិតថា នេះ​ករណី​យុទ្ធសាស្ត្រ​របស់​បក្ស​ប្រជាជន ប្រហែល​ការដក លោក កឹម សុខា​នេះ គឺ​គេ​នឹងដាក់​មនុស្ស​នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល ប៉ុន្តែ​មាន​ជំហ​ទន់​ជាង លោក កឹម សុខា​។ ការធ្វើ​បែបនេះ​គឺ​ដើម្បី​ឲ្យ​មានការ​បែកបាក់​ផ្ទៃក្នុង​គណបក្សប្រឆាំង​»​។​

​ចំណែក​សាស្ត្រាចារ្យ​ម្នាក់ទៀត សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​មានប្រសាសន៍ថា ការដក​លោក កឹម សុខា គឺ​ហាក់ដូចជា​ប្រញាប់ប្រញាល់​ពេក ដោយ​មិនបាន​គិតគូរ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។ លោក​បន្ថែមថា​« ខ្ញុំ​គិតថា ដក​លោក​កឹម សុខា នឹងធ្វើ​ឲ្យ​ប្រជាជន​រាប់លាន​នាក់​មិន​សប្បាយចិត្ត​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា តែ​ផ្ទុយទៅវិញ គឺ​ធ្វើ​ឲ្យ​ប្រជាជន​បែរជា​អាណិត​និង​គាំទ្រ​លោក កឹម សុខា ទៅវិញ​ទេ​»​។

​គួរ​បញ្ជាក់ថា បន្ទាប់ពី​មាន​បាតុកម្ម​ទាមទារ​ដក​លោក កឹម សុខា ចេញពី​តំណែង​អនុប្រធាន ទីមួយ​នៃ​រដ្ឋសភា មិន​ដល់​មួយ​សប្តាហ៍​ផង នៅ​ថ្ងៃ​៣០ តុលា​នេះ រដ្ឋសភា បាន​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា តាម​ការទាមទារ​រប​ស់​បាតុករ ក្នុង​សំឡេង​ឯកច្ឆ័ន្ទ​៦៨​លើ​៦៨៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​