ការ​បាន​បី​ឆ្នាំ​គ្មាន​កូន ប្រពន្ធ​រត់ចោល​

Sanofi

រៀបការ​បាន​ប្រហែល​បី​ឆ្នាំ មិនដឹងថា​ដោយសារតែ​មិនមាន​កូន ឬ បញ្ហា​អាថ៌កំបាំង​អ្វី​ផ្សេង​នោះទេ ទើប​ធ្វើឱ្យ​ភរិយា​ជាទី​ស្រឡាញ់​របស់ខ្ញុំ​ចាកចោល​ខ្ញុំ​ដោយ​មិន​វិលត្រឡប់ បើទោះបី​ខ្ញុំ​អង្វរ​នាង​យ៉ាងណាក៏ដោយ ។​ ឆ្នាំនេះ​ខ្ញុំ​អាយុ ៣៥ ឆ្នាំ ជា​អ្នក​ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន​រស់នៅ​ភ្នំពេញ ។ កាលពី​នៅ​កំលោះ​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ធ្លាប់​ត្រូវគេ​ហៅថា​ជា​បុរស​សម្បូរ ស្នេហ៍​លុះ​ពេល​បាន​ស្គាល់ និង បាន​រៀបការ​ជាមួយ​ភរិយា ភាព​ដើម​របស់ខ្ញុំ បាន​ប្តូរ​ទាំងស្រុង ។

ខ្ញុំ​ស្រឡាញ់ និង ស្មោះត្រង់​ចំពោះ​ប្រពន្ធ​ខ្លាំងណាស់ ព្រោះ​គិតថា​នាង​គឺជា​គូជីវិត​ជា​កែវភ្នែក​របស់ខ្ញុំ ។ ម្យ៉ាងទៀត​ប្រពន្ធ​ខ្ញុំ​មាន អាយុ ២៤ ឆ្នាំ មាន​សម្រស់​ស្រស់ស្អាត រាង​ស្រ​ឡូ​ន ប្រុស​ណា​ឃើញ​ក៏​លួច ស្រឡាញ់ ។ គ្រួសារ​នាង​ជា​អ្នកមាន​ជីវភាព​មធ្យម និង មាន​បងប្អូន​រស់នៅ អាមេរិក រីឯ​គ្រួសារ​ខ្ញុំ​ជា​អ្នកក្រ​ធ្វើស្រែ​ចម្ការ ។​ ក្រោយពី​រៀបការ​បាន​ប្រហែល​បី​ឆ្នាំ មិនទាន់​មានកូន និង មិនទាន់បាន​ទៅពិនិត្យ​សុខភាព​បន្ត​ពូជ​ផង យើង​ក៏​ចាប់​មាន​បញ្ហា​ខ្វែងគំនិត​គ្នា​ខ្លះៗ ក្នុងការ​ធ្វើការ និង ការផ្លាស់​ទីលំនៅ ។

នាង​សុំ​ទៅរក​ស៊ី​នៅឯ​ស្រុក​របស់​នាង​នៅ​ខេត្តក្រចេះ​ខ្ញុំ​ក៏​យល់​ព្រមឱ្យ​នាង​ទៅ​បើក​កន្លែង​លក់​ខោអាវ ។ ដំបូង​នាង​ចុះឡើង​ញឹកញាប់ តែ​ក្រោយមក ៤-៥ ខែ​ទើប​នាង​មករក​ខ្ញុំ​នៅ​ភ្នំពេញ​ម្តង ។ ដោយសារតែ​រវល់​នឹង​ការងារ (​ជា​អ្នករត់​តុ​ពេលយប់​) ទើប​ខ្ញុំ​មិន បាន​ទៅ​ជួប​នាង​នៅឯ​ក្រចេះ​ឱ្យបាន​ញ្ញឹកញ្ញាប់ ។ ជាង​កន្លះ​ឆ្នាំមុន​ទំនាស់ រវាង​ខ្ញុំ និង នាង​បាន​កើតឡើង ព្រោះតែ​នាង​មិន​ព្រម​ត្រឡប់មក​ភ្នំពេញ ។

ខ្ញុំ​ធ្លាប់បាន​ទៅផ្ទះ​ម្តាយក្មេក​ព្រមទាំង​បាន​អង្វរ​ឱ្យ​នាង​មក​ភ្នំពេញ​វិញ តែ​នាង មិន​ស្តាប់​តាម ។ ការផ្សះផ្សា​ពី​ឪពុកម្តាយ​នាង និង ការប្រឹងប្រែង​របស់ខ្ញុំ​បាន​បរាជ័យ​ស្របពេល​បងប្អូន​របស់​នាង​នៅ​ស្ងៀម​ហាក់​មិន​ចង់ឱ្យ​ខ្ញុំ​ជួបជុំគ្នា​ឡើងវិញ ។ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ខ្ញុំ​បាន​ប្រើ​គ្រប់​មធ្យោបាយ​រួមមាន​ទាំង​ពាក្យ លួងលោម​អង្វរករ រំឭក​អនុស្សាវរីយ៍​ចាស់ៗ​រហូតដល់​បង្ហោះ​រូប​អារ​ដៃ​សម្រក់​ឈាម​ទៀតផង ប៉ុន្តែ​នៅតែ​មិនបាន​ផល ។​ពេលនេះ​ខ្ញុំ​បាន​ជួល​កន្លែង​មួយ​សម្រាប់​លក់ដូរ​បន្តិច​បន្តួច និង សង្ឃឹមថា នាង​នឹង​វិល​មករក​ខ្ញុំ​វិញ ។

ក្រៅពីនេះ​ខ្ញុំ​មិនដឹងថា​ត្រូវធ្វើ​យ៉ាងណា​ទៀត ដើម្បី​បាន​ជួបជុំ​ប្រពន្ធ ? សូម​មេត្តាជួយ​ផ្តល់យោបល់​ដល់​ខ្ញុំបាទ​ផង ។ សូម​អរគុណ ! ពី​ក្រុងភ្នំពេញ​ទៅ​ក្រចេះ​មាន​ចម្ងាយ​ផ្លូវ ៣១៥ គីឡូម៉ែត្រ នេះ​ក៏​ចាត់ទុកថា​ឆ្ងាយ​សម្រាប់​អ្នក​មិន​ធ្លាប់​ទៅមក ប៉ុន្តែ​សេចក្តីស្រឡាញ់ គេ​ប្រាកដជា​មិន​គិត​អំពី​ចម្ងាយ​ផ្លូវ​ទេ ។ ញ​ក្យ​ថា​«​ឃ្លាត​កាយ​ណាយចិត្ត​» នៅតែ​ជា​ពាក្យ​ត្រឹមត្រូវ​គ្រប់​សម័យកាល ។​

«​ប្រជាប្រិយ​»​សូម​លើក​បញ្ហា​ខ្លះ​របស់​អ្នក​ទាំងពីរ​ដើម្បី​ជាការ​ពិចារណា និង បកស្រាយ​មានដូចជា​ការបារម្ភ​អំពី​អសមត្ថភាព​បន្ត​ពូជ ប្រាក់ចំណូល​ទាប​ការរស់នៅ​បែក​ពីគ្នា​យូរ ការ​អាង​រូប​សម្រស់ និង ទ្រព្យ​របស់​ឪពុកម្តាយ​នាង​ឬមួយ​ការ​ញ៉ុះ​ញ​ង់​ពី​បងប្អូន​របស់​នាង​ជាដើម ។ លោក​រៀបរាប់ថា «​រៀបការ បាន​បី​ឆ្នាំ តែ​មិនទាន់​មានកូន​» នេះ​គឺជា​បញ្ហា​ធំ​មួយ​សម្រាប់​មនុស្ស​មួយចំនួន ព្រោះ​វា​ទាក់ទិន​នឹង​ការបន្ត​ពូជ ហើយ​វា​ក៏​អាច​នាំឱ្យមាន​បញ្ហា​ជាច្រើន​នា ពេលខាងមុខ ដូចជា ការ​ផិត​ក្បត់គ្នា ។​ល​។

បញ្ហា​ខាងលើ​ប្រហែលជា​នឹងមិន កើតឡើង​ទេ ប្រសិនបើ​លោក និង ភរិយា​បាន​ទៅពិនិត្យ​សុខភាព​ផ្នែក​បន្ត​ពូជ​ដើម្បី​រក​ដំណោះស្រាយ ព្រោះ​នៅ​អង្គការ​ខ្លះ​មាន​ផ្តល់​សេវា​នេះ ។​ ​លោក​គឺជា​កូន​អ្នកស្រែ ហើយ​ធ្វើការ​ជា​អ្នករត់​តុ​ពេលយប់ ដូច្នេះ​ប្រាក់ចំណូល​ក៏​ប្រហែល​មិន​គ្រប់គ្រាន់​សម្រាប់​ការចំណាយ ឬ សន្សំ​ដើម្បី​ធ្វើ មាន​ធ្វើបាន​នឹង​គេ ។ ថ្វីបើ​ស្នេហា​មួយ​ដែលមាន​ចិត្ត​ស្រឡាញ់គ្នា​«​ចាក់ទឹកមិនលេច​»​ក៏ដោយ​កាលណា​ប្រឈម​នឹង​បញ្ហា​កង្វះ​ហិរញវត្ថុ​ក្នុង​រយៈ ពេល​យូរ ច្បាស់​ណាស់​ថា​នឹងមាន​ការខ្វែងគំនិត​គ្នា​កើតឡើង (​ករណី​របស់ លោក គឺ​ប្រពន្ធរ​ត់ទៅ​ប្រកបមុខរបរ​នៅឯ​ស្រុកកំណើត ) ។

ម្យ៉ាងទៀត​ការដែល​ប្រពន្ធ​លោក​នៅ​ឆ្ងាយ​ពី​លោក (​ឃ្លាត​កាយ​ណាយចិត្ត​) បូករួម​នឹង​កត្តា​នឹកស្មាន​មិន​ដល់​ខ្លះទៀត អាច​នឹងធ្វើ​ឱ្យ​នាង​ប្រែចិត្ត​ផ្លាស់​គំនិត ។​ ការ​អាង​លើ​សម្រស់​របស់ខ្លួន អាង​ទ្រព្យ​ឪពុកម្តាយ ក៏​អាច​បណ្តាលឱ្យ​នាង​ចាត់ទុក​ប្តី​ជាម​នុស្ស​មិន​សំខាន់ ព្រោះ​នាង​គិតថា បើ​គ្មាន​លោក​ក៏​នាង​អាច​រកបាន​បុរស​ផ្សេង​ដែល​ល្អ​ជាង​លោក​មាន​ជាង​លោក ។ ជាង​នេះ​លោក និយាយថា «​បងប្អូន​របស់​នាង​នៅ​ស្ងៀម ហាក់​មិន​ចង់ឱ្យ​អ្នក​ទាំងពីរ​ជួបជុំគ្នា វិញ​» ប្រការនេះ​អាច​បញ្ជាក់ថា មុននេះ​ពួកគេ​ក៏​ប្រហែលជា​ធ្លាប់​ញ្ញុះ​ញ​ង់​ប្អូនស្រី​របស់ខ្លួន​ឱ្យនៅ​ឆ្ងាយ​ពី​លោក​បំណង​ឱ្យ​អ្នក​ទាំងពីរ​បែក​គ្នា​សន្សឹមៗ ។

យោបល់​របស់​«​ប្រជាប្រិយ​» ពេលនេះ​អ្វីដែល​លោក​ត្រូវធ្វើ​មិនមែន ទន្ទឹងរង់ចាំ​ឡើយ តែ​លោក​ត្រូវ​ដោះស្រាយ​ឱ្យដាច់​ស្រេច​ដោយ​អញ្ជើញ​ឪពុកម្តាយ​របស់លោក​ទៅ​ជួប​គ្រួសារ​ខាង​ស្រី​ដើម្បី​ផ្សះផ្សា ។ បញ្ហា​ខ្វែងគំនិត​គ្នា​ទាំងឡាយ​ត្រូវតែ​លើក​មក​ជជែក​គ្នា​ដើម្បី​រក​ចំណុច​ល្អ​រួម បើ​មិនអាច​រកឃើញ​ចំណុចរួម​ទេ លោក​គួរ​ពិនិត្យ​លើ​ជំហរ​របស់​គ្រួសារ​ខាង​ស្រី ពិសេស​គឺ​ប្រពន្ធ​របស់លោក «​តើ​នាង​នៅតែ​ចង់​រួមរស់​ជាមួយ​លោក​ដែរ​ឬ​អត់ ?» ជាការ​ប្រសើរ​ប្រសិនបើ​នាង​ព្រម​វិល​មកជួបជុំ​នឹង​លោក ប៉ុន្តែ​បើ​ផ្ទុយ​ពីនេះ​លោក​ត្រូវ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ដើម្បី​ចៀសវាង​មាន​បញ្ហា​ថ្ងៃក្រោយ ៕ សូម​ជូនពរ​លោក​ឆាប់​បាន​ជួបជុំ​គ្រួសារ​ឡើងវិញ !

Related