វៀតណាម​ឆ្លើយតប​ដោយ​មិន​បង្ហាញ​គោលជំហរ​ចំពោះ​វត្តមាន​របស់​អាមេរិក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

វៀតណាម​ឆ្លើយតប​ដោយ​មិន​បង្ហាញ​គោលជំហរ​ចំពោះ​វត្តមាន​របស់​អាមេរិក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

អ្នក​នាំ​ពាក្យ​របស់​វៀតណាម​ លោក Le Hai Binh (រូប​កណ្តាល) ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ស្តី​ពី​ការ​ដាក់​ពង្រាយ​ម៉ាស៊ីន​បូម​ប្រេង​ពី​ផ្នែក​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ នៅ​ក្នុង​ក្រុង​ហាណូយ កាលពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤។

ពីរ​ថ្ងៃ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​បើក​នាវា​ចម្បាំង​នៅ​ចម្ងាយ​ប្រមាណ​២០គ.ម​ពី​តំបន់​ប្រជុំ​កោះ​សិប្បនិមិត្ត​ក្នុង​ផ្ទៃ​ទឹក​មាន​ជម្លោះ​ក្តៅ​គគុក​ វៀតណាម​បាន​ធ្វើ​ការ​ឆ្លើយតប​ដោយ​គ្មាន​គោលជំហរ​ចំពោះ​ឧបទ្ទវហេតុ​នេះ។

​ខណៈ​ដែល​ប្រទេស​ស្ទើរ​ទាំងអស់​នៅ​ក្នុង​តំបន់​បាន​ឆ្លើយតប​ដ៏​ឆាប់រហ័ស​ដល់​ព្រឹត្តិការណ៍​នេះ ​វៀត​ណាម​បាន​រក្សា​ការ​ស្ងៀមស្ងាត់​រហូតដល់​ថ្ងៃ​ព្រហស្បតិ៍ ​នៅពេល​ដែល​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ក្នុង​ទីក្រុង​ហាណូយ​ត្រូវ​បាន​អ្នក​យក​ព័ត៌មាន​សួរ​ពី​ឧបទ្ទវហេតុ​នេះ។

ដោយ​មិន​បាន​រិះគន់​ចំៗ​ដល់​ប្រទេស​ចិន ​ឬ​សហរដ្ឋ​អាមេរិក ​លោក​ Le Hai Binh អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​វៀតណាម​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ​វៀតណាម​ ​គោរព​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​ និង​ការ​ហោះហើរ​ក្នុង​សមុទ្រ​ខាង​កើត​ស្រប​ទៅ​តាម​បទ​បញ្ញតិ្ត​ពាក់ព័ន្ធ​នៃ​អនុសញ្ញា​ស្តី​ពី​ច្បាប់​សមុទ្រ​ និង​ច្បាប់​ជាតិ​របស់​ខ្លួន។

​ទោះ​ជាយ៉ាង​ណា​ក៏ដោយ មនុស្ស​ផ្សេង​ទៀត​ក្នុង​ប្រទេស​វៀតណាម​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​របស់​ខ្លួន​ឲ្យ​គាំទ្រ​ចំណាត់ការ​របស់​សហរដ្ឋ​អាមេរិក។

លោក Pham Minh Hoang សកម្មជន​សង្គម ​និង​នយោបាយ​ដ៏​ល្បីល្បាញ​បាន​ប្រាប់ VOA ផ្សាយ​ជា​ភាសា​វៀតណាម​ថា ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ចាំបាច់​ស្វែងរក​មធ្យោបាយ​ដើម្បី​កាត់​បន្ថយ​ឥទ្ធិពល​របស់​ចិន​ក្នុង​ប្រទេស​វៀតណាម។

លោក Pham Minh Hoang និយាយ​ថា «យើង​ត្រូវ​តែ​ស្វែងរក​មធ្យោបាយ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​វៀតណាមប្រុង​ប្រយ័ត្ន​ខ្ពស់​នៅពេល​ដែល​ចិន​ពង្រីក​ទឹក​ដី​ និង​ឥទ្ធិពល។ វា ជា​ពេល​វេលា​សម្រាប់​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ត្រូវ​ការ​ស្វះស្វែង​រក​សម្ព័ន្ធ​មិត្ត​ដូចជា​សហរដ្ឋ​អាមេរិក​ដើម្បី​ដោះ​ស្រាយ​ជាមួយ​ចិន។​ វា​ជា​ការ​រកាំ​ចិត្ត​ដែល​ពួកគេ​មិន​បាន​ចាប់​យក​ឱកាស​ដ៏​មាន​តម្លៃ​នេះ​ដើម្បី​ប្រកាន់​ជំហរ​កាន់​តែ​ខ្លាំង​ឡើង​ប្រឆាំង​នឹងចិន​ និង​ចេញ​ពី​រណប​របស់​ចិន‍ នៅពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ជំទាស់​ប្រឆាំង​នឹង​ការ​ទាមទារ​អធិបតេយ្យភាព​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង»៕