យុវ​សិស្ស​២​ក្រុម​ណាត់​មក​កាប់​គ្នា​នៅ​មុខ​សាលា​ដូច​រឿង​ហុងកុង

រាជធានី​ភ្នំពេញ ៖ យុវ​សិស្ស​២​ក្រុម​បាន​ណាត់​កាប់​គ្នា​ដូច​រឿង​ហុងកុង​នៅ​មុខ​សាលារៀន​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​កិច្ច​ចាប់​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣០ តុលា ២០១៥ នៅ​ចំណុច​មុខ​សាលា​វ៉េ​សឡា​ញ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៥៤ កែង​ផ្លូវ​លេខ​៥១ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យុវជន​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ អ៊ុំ សុចិ​ត្រា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្សសាលា​វ៉េ​សឡា​ញ និង​ឈ្មោះ មុត ពុធ​ភារ​ក្ស អាយុ​២២​ឆ្នាំ ។ ទាំង​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ ភ្នំពេញ 1AY-2307 ។ ចំណែក​ជន​រង​គ្រោះ​២​នាក់​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​មក​ធ្វើការ​សាកសួរ​ដែរ​ឈ្មោះ ប៊ុត សីហា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បាន​រង​របួស​ដៃ​ឆ្វេង​ដោយសារ​កាប់​នឹង​ដាវ និង​ឈ្មោះ ចាន់ សុ​ថា​ន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ បាន​រង​របួស​ដៃស្តាំ​ដោយសារ​ជន​បង្ក​ជិះ​ម៉ូតូ​បំ​បុក​ផ្តួល​ម៉ូតូ ។ ទាំង​២​នាក់​គឺជា​សិស្សសាលា​វ៉េ​សឡា​ញ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្កុប​ពី ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1CV-6147 ។

ប្រភព​ពី​ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ពួក​គេ​បាន​ទាស់​គ្នា​តាម​ទូរស័ព្ទ ហើយ​ក៏​បាន​ណាត់​ថាបើ​ខ្លាំង​មក​កាប់​គ្នា​នៅ​មុខ​សាលា ស្រាប់តែ​នៅ​ម៉ោង​៥​ល្ងាច ពេល​ចេញពី​សាលា​ក៏​ឃើញ​គូ​បក្ខ​ដិ​បក្ខ​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​សុទ្ធតែ​ម៉ាក​ហុងដា​សេ​១២៥​មក​ដល់ ហើយ​សួរ​ខ្លួន​ថា ហ្អែ​ង​ចង់​ម៉េច​ហា ពេល​នោះ​ស្រាប់តែ​បក្ខពួក​របស់​គេ​ម្នាក់​បាន​ដក​ដាវ​កាប់​មក​លើ​រូបគេ​បណ្តាល​ឲ្យ​រង​របួស​ដៃ​ឆ្វេង ខណៈនោះ​មិត្តភក្តិ​ខ្លួន​ម្នាក់​ទៀត​ភ័យ​ក៏​បម្រុង​ជិះ​ម៉ូតូ​គេចខ្លួន​តែ​ត្រូវ​បក្ខពួក​គេ​ជិះ​ម៉ូតូ​បំ​បុក​ដួល​បណ្ដាល​ឲ្យ​រង​របួស​ដៃស្ដាំ ។

ប្រភព​ពី​យុវជន​២​នាក់​ទៀត​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ដែរ​នោះ​បាន​ឲ្យ​ដឹង​ថា ៤​នាក់​ដែល​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​នោះ​ពួក​គេ​មិន​ដែល​ស្គាល់​ទេ ។ ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ពួក​គេ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​មក​មុខ​សាលា​បំណង​សួរនាំ​ឲ្យ​ដឹង​រឿង ខណៈ​មក​ដល់​ជួប​គូ​បក្ខ​ដិ​បក្ខ​ទើបតែ​សួរនាំ​បាន​២-៣​ម៉ាត់ ស្រាប់តែ​មាន​មនុស្ស​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មក​ដល់​ទាញ​ដាវ​កាប់​គូ​បក្ខ​ដិ​បក្ខ​របស់​ខ្លួន ពេល​នោះ​ខ្លួន​មាន​ភ័យ​យ៉ាង​ខ្លាំង​ក៏​ជិះ​ម៉ូតូ​គេចខ្លួន តែ​ដោយ​ភ័យ​ពេក​ក៏​ជិះ​ទៅ​បុក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ដួល ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ។ ​យុវជន​២​នាក់​នេះ​បាន​ឲ្យសមត្ថកិច្ច​ដឹង​ទៀត​ថា ៤​នាក់​នោះ​ជា​អ្នក​កាប់ ហើយ​ពួក​គេ​មិន​ដែល​ស្គាល់​ពួក​គេ​ទេ ។

ក្រោយ​ពេល​កើតហេតុ យុវ​សិស្ស​ទាំង​២​ក្រុម​ត្រូវ​បាន​សមត្ថកិច្ច​នាំ​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​៣​ដើម្បី​ធ្វើការ​សាកសួរ និងបញ្ជូន​ជន​រង​គ្រោះ​២​នាក់​ទៅ​លាង​របួស​នៅ​មន្ទីរពេទ្យ​ផង​ដែរ ៕