សតវត្ស​ទី​២១​ហើយ កម្ពុជា​នៅតែ​បន្តធ្វើ​ស្រែ​ពឹង​លើទឹក​ភ្លៀង​ដដែល​!

​ភ្នំពេញ​៖ កម្ពុជា បាន​ក្លាយជា​ប្រទេស​កសិកម្ម​ដោយ​មិនអាច​ប្រកែក​បាន ព្រោះ​ប្រជាជន​ភាគច្រើន គឺជា​កសិករ​។ កសិករ​គឺជា​អ្នក​ផលិត​ស្បៀង​ដ៏​មាន​សំខាន់​សម្រាប់​ផ្គត់​ផ្ត​ង់  ទាំង​ក្នុងស្រុក​និង​ធ្វើ​ការនាំ​ចេញទៅ​ក្រៅប្រទេស​ដើម្បី​កំណើន​សេដ្ឋកិច្ចជាតិ​។ ប៉ុន្តែ​កសិករ​ខ្មែរ​នៅតែ​ធ្វើស្រែ​ដោយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ និង​ពឹងផ្អែក​ស្ទើរ​ទាំងស្រុង​លើទឹក​ភ្លៀង​ដដែល​។ តើ​កសិកម្ម​របៀបនេះ អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​បានដែរ​ឬទេ​?

​ដើម្បី​ជ្រាប​លម្អិត សូម​អញ្ជើញ​ស្តាប់​បទ​អត្ថាធិប្បាយ​របស់លោក រ៉ឹ​ម ភា​រី​៖

​កម្ពុជា​ជា​ប្រទេសមួយ​ដែល​គេ​ប្រសិទ្ធ​នាម​ឲ្យ​ថា ជា​ទឹកដី​សុវណ្ណ​ភូមិ ព្រោះ​កម្ពុជា​មានទ្រព្យ​សម្បត្តិ​ដែល​ផ្តល់​ឲ្យ​ពី​ធម្មជាតិ​ច្រើនណាស់ ដូចជា ទឹកសាប ទឹកប្រៃ រ៉ែ​គ្រប់​ប្រភេទ ព្រៃឈើ និង​ភោគទ្រព្យ​ដ៏​មហាសាល​ដទៃទៀត​។ ធនធានធម្មជាតិ​ជា​រឿង​មួយ​គួរ​ឲ្យ​មោទនភាព​ទៅហើយ តែ​អ្វីដែល​អំណោយផល​ជាងនេះទៀត​នោះ គឺ​កម្ពុ​ជាមាន​ចំនួន​ប្រជាជន​ជា​យុវជន​យ៉ាងច្រើន​។ យុវជន​ទាំងនេះហើយ ដែលជា​កម្លាំង​ពលកម្ម​សម្រាប់​កសាង​សង្គម​។ តែ​កម្លាំង​ពលកម្ម​របស់​យុវជន បាន​បែងចែក​ទៅ​ក្រៅប្រទេស​ជាច្រើន ហើយ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​មាន​កាន់តែ​តិច​ទៅៗ​។

​ក្រៅពី​ធនធាន​ទាំង​ខាងលើនេះ កម្ពុ​ជាមាន​ដីជី​ជាតិ​ល្អ មាន​ដំណាំ​ជាច្រើន​ប្រភេទ​អាច​ដាំ​បាន ប៉ុន្តែ​ប្រទេស​ដ៏​កម្សត់​មួយ​នេះ បាន​ក្លាយជា​វាលរហោឋាន​ទៅវិញ​។ ដីស្រែ​នៅ​ទីជនបទ​មួយចំនួន ត្រូវបាន​កសិករ​បោះបង់​ចោល​។ កសិករ​ខ្មែរ​ជាទូទៅ ធ្វើស្រែ​បានតែ​ម្តងគត់ គឺ​ធ្វើ​នៅ​ខែវស្សា ដោយ​ពឹង​លើទឹក​ភ្លៀង​ស្ទើរ​ទាំងស្រុង​។

​នៅក្នុង​ពិភពលោក ប្រទេស​ណា​ដែល​គ្មាន​ស្បៀងអាហារ​គ្រប់គ្រាន់ ពោលគឺ​វិស័យ​កសិកម្ម​ទន់ខ្សោយ ប្រទេស​នោះ​នឹងមាន​ការព្រួយបារម្ភ ពីព្រោះ តម្រូវការ​ក្រពះ​របស់​ប្រជាជន គឺជា​រឿង​ស្លាប់​រស់​សម្រាប់​កំណត់​វិស័យ​ដទៃទៀត​។ ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង ដែលមាន​លក្ខណៈ​អាកាសធាតុ​ប្រហាក់ប្រហែលគ្នា កម្ពុជា​គួរ​កែទម្រង់​វិស័យ​កសិកម្ម​ឲ្យ​មាន​លក្ខណៈ​ទំនើប​។ មាន​ចំណុច​ខ្វះខាត​មួយចំនួន​ដែល​រដ្ឋាភិបាល នៅ​មិនទាន់បាន​បំពេញ​ឲ្យ​បាន​ពេញលេញ​និង​ត្រូវ​ប្រញាប់​ធ្វើកំណែទម្រង់​ក្នុងនោះ​មាន​៖

​ទី​១)​រដ្ឋ​ត្រូវមាន​គោលនយោបាយ​ទឹក​ច្បាស់លាស់ ព្រោះ​កសិករ​ត្រូវការ​ទឹក​ដើម្បី​ធ្វើស្រែ​ចម្ការ​ចិញ្ចឹមសត្វ និង​ដាំ​ដំណាំ​ផ្សេងៗ​។ ការដែល​កសិករ​ធ្វើស្រែ​ពឹង​លើទឹក​ភ្លៀង​គឺ​ប្រាកដ​ណាស់​កសិកម្ម​និង​ក្លាយជា​កសិកម្ម​បែប​យថាផល ហើយ​កសិកម្ម​របៀបនេះ គឺ​មិនអាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​បានទេ​។ លើសពីនេះ រដ្ឋ​ត្រូវមាន​សកម្មភាព​ជីក​ប្រឡាយ លើក​ទំនប់ ស្ដារ​និង​ថែរក្សា​ចំពោះ​ទំនប់​ប្រឡាយ​ដែលមាន​ស្រាប់ ដើម្បី​បង្កើន​លទ្ធភាព​ដល់​កសិក​រ​ធ្វើស្រែ​ឲ្យ​បាន​ពីរដង​យ៉ាងតិច​ក្នុង​មួយឆ្នាំ​។​

​ទី​២)​រដ្ឋ​មាន​គោលនយោបាយ​ចែក​ដី​កសិកម្ម​ជូន​ពលរដ្ឋ​បន្ថែមទៀត ព្រោះ​ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក ប្រជាជន​បានទទួល​បាន​ដី​ពីរ​ដ្ឋ នៅមាន​ចំនួន​តិចតួច​ណាស់​។ ការធ្វើ​ស្រែ​របស់​កសិក​រ កុំថាឡើយ​ស្រូវ​នាំចេញ​សូម្បីតែ​ស្រូវ​ហូប​ក៏​មិន​គ្រប់គ្រាន់​ផង​។

​ទី​៣)​រដ្ឋ​ត្រូវ​ផ្តល់​បច្ចេកទេស​កសិកម្ម​ដល់​ពលរដ្ឋ​ឲ្យ​គ្រប់គ្រាន់  ដើម្បី​ឲ្យ​កសិករ​ធ្វើស្រែ​តាម​បច្ចេកទេស​ត្រឹមត្រូវ​។ មន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កន្លងមក ហាក់​មាន​ភាព​អសកម្ម​ចំពោះ​សកម្ម​ភាពចុះ​ផ្តល់​បច្ចេកទេស​ដល់​កសិក​រ​។ កសិករ​ខ្មែរ​នៅតែ​ធ្វើស្រែ​តាម​ដូនតា​បង្រៀន​តៗ​គ្នា​។ ការធ្វើ​ស្រែ​របៀបនេះ​គឺ​មិន​អាចមាន​ទិន្នផល​ខ្ពស់​នោះទេ​។​

​ទី​៤)​រដ្ឋ​ត្រូវ​ផ្តល់ប្រាក់​កម្ចី​ដែលមាន​តម្លៃ​ការប្រាក់​ថោក ដើម្បី​ជាដើម​ទុន​ដល់​កសិករ​ក្នុងការ​អនុវត្ត​ការងារ​ជាក់ស្តែង​។ មកដល់​សព្វថ្ងៃនេះ កសិករ​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​ជាខ្លាំង ព្រោះ​ធនាគា និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា មានការ​ប្រាក់​ខ្ពស់​ពេក​។ ស្ថាប័ន​ខ្លះ​មានការ​ប្រាក់​២​ភាគរយ​ក្នុង​មួយខែ ខ្លះ​មានការ​ប្រាក់​២,៥​ភាគរយ និង​ស្ថាប័ន​ខ្លះ​មានការ​ប្រាក់​រហូតដល់​៣​ភាគរយ​ក៏មាន​។ ការប្រាក់​ខ្ពស់​បែបនេះ ធ្វើ​ឲ្យ​កសិករ​ខិតខំ​ផលិត​មិនបាន​ចំណេញ​។ កសិករ​មួយចំនួន គ្រាន់តែ​ច្រូតស្រូវ​ហើយ គឺ​ពួកគេ​ត្រូវ​បង្វិលប្រាក់​សង ធនាគារ ថ្លៃ​ជី​និង​ប្រេងសាំង​ជួនកាល​ខាត​ទាំង​ប្រាក់​ដើម​ទៅទៀត​។

​ទី​៥)​រដ្ឋ​ត្រូវ​ស្វែងរក​អ្នកវិនិយោគ​ដើម្បី​បង្កើត​រោងចក្រ​កែច្នៃ​កសិផល ព្រោះ​ការនាំចេញ​ផលិតផល​កែច្នៃ គឺ​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​យ៉ាងច្រើន​ឥត​គណនា​។ ការបង្កើត​រោងចក្រ​កែច្នៃ បាន​ស្រូប​ទាញ​កម្លាំង​ពលកម្ម​ក្នុងស្រុក ដែល​អាច​កាត់បន្ថយ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​។ លើសពីនេះ ផលិតផល​កែច្នៃ មានតម្លៃ​ខ្ពស់ជាង ការនាំចេញ​វត្ថុធាតុដើម​។

​និង​ទី​៦) រដ្ឋ​ត្រូវ​ធានា​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ ដល់​កសិករ ព្រោះ​កន្លងមក ប្រទេសជិតខាង គឺជា​អ្នកកំណត់​តម្លៃ​ផលិតផល​កសិកម្ម​កម្ពុ​ជា ។ អ្នក​នៅ​ម្ខាង​ជាប់​ព្រំដែន​វៀតណាម គឺ​លក់​កសិផល​ឲ្យ​វៀតណាម ក្នុងតម្លៃ​ស្រេច​តែ​វៀតណាម​ជា​អ្នកកំណត់​។ ចំណែកឯ​អ្នក​នៅជាប់​ព្រំដែន​ដែន​ខ្មែរ ថៃ គឺ​លក់​ទៅ​ឲ្យ​ថៃ ស្រេច​តែ​ថៃ​ជា​អ្នកកំណត់​តម្លៃ​។ ទើប​តែមួយ​រយៈពេល​ចុងក្រោយ​នេះ​ទេ ដែល​កម្ពុជា​ទៅទាក់ទង​ទីផ្សារ​នៅ​អឺរ៉ុប ចិន និង​ប្រទេស​អាស៊ាន​មួយចំនួនទៀត​។

​ដូច្នេះ ចំនុច​គន្លឹះ​ទាំង​៦​នេះ ប្រសិនបើ​រដ្ឋាភិបាល​អ​នុ​វត្ត​បាន នោះ​ដំណោះស្រាយ​បញ្ហា​កម្សោយ​វិស័យ​កសិកម្ម ប្រាកដជា​អាច​ដោះស្រាយបាន​។ រដ្ឋាភិបាល​កម្ពុជា គួរតែ​យកចិត្តទុកដាក់​វិស័យនេះ​ឲ្យ​មែនទែន ព្រោះ​វា​ជា​ផ្នែក​មួយ​យ៉ាងសំខាន់ នៃ​ចំណូល​ថវិការ​ជាតិ ដើម្បី​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ជាតិ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វិស័យ​កសិកម្ម បាន​ជួយ​បង្កើត​ការងារ​ក្នុងស្រុក កាត់បន្ថយ​ការ​ចំណាកស្រុក​ដោយ​ខុសច្បាប់ ព្រមទាំង​បាន​លើកស្ទួយ​ប្រជាជន​ឲ្យ​មាន​ជីវភាព​ធូរធារ និង​មាន​ភាព​សុ​ខុ​ដុមរ​មនា​នៅក្នុង​គ្រួសារ​ផងដែរ​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​