អតីត​និស្សិត​​ត្រូវ​ដោះលែង​​​បន្ទាប់ពី​កាត់​ឲ្យ​ជាប់​ទោស​ពីបទ​គំរាម​បោក​គ្រាប់​បែក​

អ្នក​ចាត់​ចែង​ភោជនីយដ្ឋាន​មួយ​រូប​​ដែល​ជាប់​គុក​កាលពី​ខែ​កញ្ញា ​ពីបទ​សរសេរ​លើ​ហ្វេសប៊ុក​​ដែល​ពេល​នោះ​បុរស​រូប​នេះ​បាន​គំរាម​​បោក​គ្រាប់​បែក​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​​ក្រោម​អធិបតី​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​​ត្រូវ​បាន​ដោះលែង​​ពី​ពន្ធនាគារ​ខេត្ត​សៀមរាប​​កាលពី​ថ្ងៃ​សុក្រ​។

លោក តៅ សាវឿន អាយុ​២៦​ឆ្នាំ​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​​ពីបទ​​គំរាម​សម្លាប់​​កាលពី​ដើម​ខែ​នេះ ​ប៉ុន្តែ​ទោស​​ជាប់​ពន្ធនាគារ​រយ​ៈពេល​១៥​ខែ​ត្រូវ​កាត់​បន្ថយ​មក​​​ត្រឹម​១ខែ​​​ដោយ​ចៅក្រម​ ឈុន ចាន់សីហា ​ដែល​បាន​ពិចារណា​លើ​ការ​អះអាង​​របស់​ចុង​ចោទ​​ដែល​ថា គាត់​មិន​ដែល​មាន​បំណង​​បោក​គ្រាប់​បែក​​ទេ ហើយ​ក៏​បាន​សុំ​ទោស​ជា​សាធារណៈ​ដល់​​លោក ស​ ខេង ផង​ដែរ។

យោង​តាម​ប៉ូលិស​ឲ្យ​ដឹង​ថា លោក សាវឿន បាន​និយាយ​ថា ​ការ​សរសេរ​របស់​លោក​​គឺ​ដោយ​សារ​តែ​ខឹង​ច្រឡោត​ ពីព្រោះ​សាកល​វិទ្យាល័យ​​ សៅស៍អុីសថ៍​អេយសៀ ​បាន​​ផ្លាស់​ប្ដូរ​​កាល​បរិច្ឆេទ​នៃ​​ពិធី​ទទួល​សញ្ញាបត្រ​​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​បង្ខំ​ឲ្យ​រូប​គាត់​​ផ្លាស់​ប្ដូរ​កាល​វិភាគ​ធ្វើ​ការ​​ជា​ញឹកញាប់​។

យោងតាម​ប៉ូលិស​ឲ្យ​ដឹង​ថា ​ដោយ​សរសេរ​​​បង្ហោះ​​​​នៅ​លើ​ទំព័រ​មិត្ត​ភក្ដិ​​ដែល​ជូន​ដំណឹង​ថា កាលវិភាគ​​ចែក​សញ្ញាបត្រ​នឹង​ផ្លាស់​ប្ដូរ​នោះ​​ លោក សាវឿន បាន​សរសេរ​ថា “​​ចាំ​សម្ដេច​ [ក្រឡាហោម ស ខេង]​ មក​ដល់​ នាំគ្នា​​ដាក់​គ្រាប់​បែក​​ឲ្យ​ងាប់​ទាំង​អស់​គ្នា​ម្ដង​”។ មន្ត្រី​រដ្ឋបាល​នៃ​សាកលវិទ្យាល័យ​បាន​ជូន​ដំណឹង​ដល់​នគរ​បាល​ក្រោយ​ពី​ពិធី​ចែក​សញ្ញាបត្រ ដោយ​នាំ​ឲ្យ​មាន​​ការ​ស៊ើបអង្កេត​មួយ​ ហើយ​ក៏មាន​ការ​ចាប់​ខ្លួន​លោក សាវឿន តែ​ម្ដង​។ លោក សៀន សុវណ្ណា ​សាកលវិទ្យាធិការ​បាន​និយាយ​បន្ទាប់ពី​មាន​ការ​ចាប់​ខ្លួន​នោះ​ថា សាកលវិទ្យាល័យ​បាន​ព្រមាន​និស្សិត​​មិន​ឲ្យ​សរសេរ​អត្ថាធិប្បាយ​រិះគន់​​​តាម​អុីធឺណិត​ទេ។

លោក សុវណ្ណា ​បាន​និយាយ​ពេល​នោះ​ថា “​យើង​សុំ​ឲ្យ​ពួកគេ​នៅ​ស្ងៀម​ ហើយ​មិន​ត្រូវ​សរសេរ​ពាក្យ​ពេចន៍​តាម​​បណ្ដាញ​ទំនាក់​ទំនង​សង្គម​​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​​សាកលវិទ្យាល័យ​ ឬ​រដ្ឋាភិបាល​។  ​មាន​តែ​មនុស្ស​ឆ្កួត​ដែល​សរសេរ​បែប​នេះ​”។

បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​កាលពី​ថ្ងៃ​សុក្រ លោក សាវឿន បាន​និយាយ​ថា លោក​ត្រេក​អរ​ណាស់​ដែល​ត្រូវ​គេ​ដោះលែង​ ហើយ​បាន​និយាយ​បន្ថែម​ថា ការ​សរសេរ​លេង​សើច​​នឹង​មិន​ធ្វើ​ឲ្យ​គាត់​ជាប់​គុក​បាន​ទេ​ ប្រសិន​បើ​​សាកលវិទ្យាល័យ​មិន​បាន​រាយការណ៍​ទេ​​នោះ។

លោក សាវឿន បាន​និយាយ​ថា “​​ខ្ញុំ​បាន​សរសេរ​អ៊ីចឹង​មែន ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​​ខ្ញុំ​ត្រូវ​​ជាប់​គុក​ទេ​ ពីព្រោះ​ខ្ញុំ​គ្រាន់​តែ​សរសេរ​លេង​សើច​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​មិត្ត​ភក្តិ​ប៉ុណ្ណោះ​។ ខ្ញុំ​គិត​ថា ប្រសិន​បើ​សាលា​ខ្ញុំ​មិន​បាន​​រាយការណ៍​ឲ្យ​ប៉ូលិស​ ប៉ូលិស​ក៏​មិន​បាន​ដឹង​រឿង​នោះ​ដែរ”។

អតីត​និស្សិត​រូប​នេះ​បាន​និយាយ​ថា “​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ចេញពី​គុក”។ អតីត​និស្សិត​រូប​នេះ​បាន​និយាយ​បន្ថែម​ថា គាត់​នឹង​ស្វែង​រក​ការ​ងារ​​​ថ្មី​ទៀត​​បន្ទាប់ពី​បាត់​បង់​ការ​ងារ​ពីមុន​​ដោយសារ​តែ​ការ​ចាប់​ខ្លួន និង​ការ​កាត់​ឲ្យ​ជាប់​ទោស​។

អតីត​និស្សិត​រូប​នេះ​បាន​និយាយ​បន្ថែម​ថា “​ខ្ញុំ​លែង​ហ៊ាន​សរសេរ​លេង​សើច​ទៀត​ហើយ”។

ករណី​របស់​លោក សាវឿន ​គឺស្ថិត​ក្នុង​ចំណោម​ការ​ចាប់​ខ្លួន​ថ្មីៗ​ និង​​ការ​ចាត់​វិធានការ​ព្រហ្មទណ្ឌ​ដោយសារ​តែ​ការ​បង្ហោះ​​លើ​ហ្វេសប៊ុក​។

និស្សិត​សាកលវិទ្យាល័យ​មួយ​រូប​​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​សីហា ហើយ​ពេល​នេះ​កំពុង​រង់ចាំ​ការ​ជំនុំជម្រះ​​ពីបទ​ញុះញង់​​ដោយ​សារ​​ការ​សរសេរ​បង្ហោះ​លើ​ហ្វេសប៊ុក​ នៅ​ពេល​នោះ​និស្សិត​រូប​នេះ​បាន​អំពាវ​នាវ​ឲ្យ​​ប្រជាពលរដ្ឋ​​ចូល​រួម​​ក្នុង​បដិវត្តន៍​ពណ៌​​​។ កម្មករ​ចំណាក​ស្រុក​ម្នាក់​​​​​ត្រូវ​បាន​​ចាប់​ខ្លួន​កាលពី​ខែ​មុន ​ហើយ​នឹង​​ប្រឈម​មុខ​​ការ​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​​ពីបទ​គំរាម​​បាញ់​​​ចំក្បាល​លោក សុខ ទូច អ្នក​ស្រាវជ្រាវ​។

លោក ហុង សុខហួរ ​សមាជិក​ព្រឹទ្ធសភា​​​គណបក្ស​​ប្រឆាំង​​ក៏​​កំពុង​ជាប់​គុក​​រយៈ​ពេល​ជាង​២ខែ​បន្ទាប់ពី​ចោទ​​ពីបទ​ក្បត់​ជាតិ​ ដោយសារ​​បង្ហោះ​វីដេអូ​​នៅ​លើ​ហ្វេសប៊ុក​​​ដែល​មាន​រូប​ភាព​នៃ​សន្ធិសញ្ញា​​ព្រំដែន​ក្លែងក្លាយ​។ សវនាការ​របស់​លោក​នៅ​បន្ត​នៅ​ឡើយ​៕ រើន​​​​​​​​​​​​​​

 

 

The post អតីត​និស្សិត​​ត្រូវ​ដោះលែង​​​បន្ទាប់ពី​កាត់​ឲ្យ​ជាប់​ទោស​ពីបទ​គំរាម​បោក​គ្រាប់​បែក​ appeared first on ខេមបូឌា ដេលី.