ជនជាតិ​ប៉ាឡេស្ទីន​ប៉ុនប៉ង​ធ្វើ​ការ​វាយប្រហារ​ដោយ​ប្រើ​កាំបិត​នៅ​ក្រុង​ហ្ស៊េរុយសាឡិម

ជនជាតិ​ប៉ាឡេស្ទីន​ប៉ុនប៉ង​ធ្វើ​ការ​វាយប្រហារ​ដោយ​ប្រើ​កាំបិត​នៅ​ក្រុង​ហ្ស៊េរុយសាឡិម

ប៉ូលិស​អ៊ីស្រាអែល​យាម​កន្លែង​កើត​ហេតុ​នៃ​ហេតុការណ៍​ចាត់​សម្លាប់​នៅ​ក្នុង​ក្រុង​ហ្ស៊េរុយសាឡិម​ កាលពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥។

ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់​ដែល​បាន​ចាក់​និស្សិត​ខាង​សាសនា​អ៊ីស្រាអែល​ពីរ​នាក់​ក្នុង​ក្រុង​ហ្ស៊េរុយសាឡិម (Jerusalem) កាល​ពី​ថ្ងៃ​សុក្រ​ត្រូវ​បាន​បាញ់ និង​រង​របួស​ដោយ​កងកម្លាំង​សន្តិសុខ​អ៊ីស្រាអែល។​

កងកម្លាំង​ប៉ូលិស​ធំ​មួយ​បាន​ចាប់ផ្តើម​យាម​ល្បាត​ខាង​សន្តិសុខ​នៅ​ក្រោយ​ការ​វាយ​ប្រហារ​ដោយ​កាំបិត​នោះ​នៅ​ជិត​ស្ថានីយ៍​រទេះ​ភ្លើង​មួយ​កន្លែង​នៅ​ក្នុង​ប៉ែក​ខាង​កើត​នៃ​ក្រុង​ហ្ស៊េរុយសាឡិម។​

កាលពី​ពេល​មុន​ ជនជាតិ​ប៉ាឡេស្ទីន​ពីរ​នាក់​ត្រូវ​បាន​បាញ់​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​ដោយ​កាំបិត​ទៅ​លើ​ប៉ូលិស​អ៊ីស្រាអែល​នៅ​ឯ​កន្លែង​ឆែកឆេរ​ West Bank នៅ​ជិត​ក្រុង Hebron។​

អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ក្រុម​ប៉ូលិស​បាន​និយាយ​ថា​ អ្នក​វាយ​ប្រហារ​ម្នាក់​ក្នុង​ចំណោម​អ្នក​វាយ​ប្រហារ​ពីរ​នាក់​នៅ​ក្រុង Hebron ត្រូវ​បាន​សម្លាប់ ហើយ​ម្នាក់​ទៀត​បាន​រង​របួស។​ ប៉ូលិស​អ៊ីស្រាអែល​ម្នាក់​ក៏​ត្រូវ​រង​របួស​ដែរ។

សេចក្តី​រាយការណ៍​ព័ត៌មាន​បាន​និយាយ​ថា​ ក្រុម​បាតុករ​បាន​ប៉ះទង្គិច​ជាមួយ​ក្រុម​ទាហាន​អ៊ីស្រាអែល​នៅ​ជាយ​ក្រុង Ramallah ហើយ​ជនជាតិ​ប៉ាឡេស្ទីន​៩នាក់​ត្រូវ​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​ជ័រ។​

ឧប្បត្តិហេតុ​កាលពី​ថ្ងៃ​សុក្រ​ជា​ការ​ប៉ះទង្គិច​គ្នា​ កាលពី​ពេល​ថ្មីៗ​បំផុត​នៅ​ក្នុង​បណ្តា​ការ​ប៉ះ​ទង្គិច​គ្នា​ដ៏​ឃោរឃៅ​មួយ​ចំនួន​កាលពី​ពេល​ថ្មីៗ​នេះមាន​ទាក់ទិន​ជាមួយ​ជនជាតិ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ ​មនុស្ស​មួយ​ចំនួន​ធំ​បាន​ស្លាប់​កាល​ពី​ខែ​មុន​នៅ​ក្នុង​ការ​វាយ​ប្រហារ និង​ការ​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​នោះ។ មនុស្ស​ភាគ​ច្រើន​ដែល​បាន​ស្លាប់​ជា​ជនជាតិ​ប៉ាឡេស្ទីន៕