អតីត​កីឡាករ​ម្នាក់​ថា Chelsea កាន់​តែ​ខ្សោយ​បើ​ដេញ Jose Mourinho ចោល

អតីត​កីឡាករ​ម្នាក់​ថា Chelsea កាន់​តែ​ខ្សោយ​បើ​ដេញ Jose Mourinho ចោល

លោក Jamie Carragher ដែល​ជា​អតីត​ខ្សែ​ការពារ ១៧​ឆ្នាំ​របស់​ក្រុម Liverpool និង​ជា​អ្នក​ជំនាញ​ខាង​វិភាគ​កីឡា​ម្នាក់​បាន​និយាយ​ថា ក្រុម Chelsea នឹង​កាន់​តែ​ចុះ​ខ្សោយ ប្រសិន​បើ​ដេញ​អ្នក​ចាត់​ការ​​សញ្ជាតិ​ព័រទុយហ្គាល់ Jose Mourinho នៅ​ពេល​នេះ។

 

អតីត​កីឡាករ​ម្នាក់​ថា Chelsea កាន់​តែ​ខ្សោយ​បើ​ដេញ Jose Mourinho ចោល

​លោក Jose Mourinho

 

ក្រុម​តោ​ខៀវ Chelsea កំពុង​ដុនដាប​ខ្លាំង​ក្នុង​ការ​ចាប់​ផ្ដើម​ពាន​រង្វាន់​លីក​កំពូល​អង់គ្លេស​រដូវ​កាល​នេះ។ ឆ្លង​កាត់ ១០​ប្រកួត​កន្លង​ទៅ ក្រុម​លោក Jose Mourinho ទើប​ស្គាល់​ជ័យ​ជម្នះ ៣​ដង ស្មើ​២ និង​ចាញ់​ដល់​ទៅ ៥ដង ស្ថិត​ក្នុង​លេខ​រៀង​ទី១៥ ដែល​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ពី​អ្នក​គាំទ្រ និង​ទាម​ទារ​ឲ្យ​មាន​ការ​បណ្ដេញ​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​នេះ​ចោល​ផង។

 

ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​អ្នក​គាំទ្រ លោក Jamie Carragher បាន​បញ្ជាក់​ថា ប្រសិន​បើ Chelsea បណ្ដេញ​លោក Jose Mourinho គឺ​ជា​កំហុស​ដ៏​ធំ​មួយ។ លោក​បាន​លើក​ហេតុផល​ថា បើ​ Chelsea ចាញ់ ហើយ​​ទម្លាក់​កំហុស​ទៅ​លើ​លោក Jose Mourinho តើ​ពួក​គេ​សង្ឃឹម​ថា​សម្រេច​អ្វី​មក​វិញ នៅ​ពេល​ប្ដូរ​អ្នក​ចាត់​ការ​ថ្មី។

 

អតីត​ខ្សែ​ការពារ ១៧​ឆ្នាំ​នៅ​ក្រុម​ហង្ស​ក្រហម Liverpool បាន​បន្ត​ទៀត​ថា បើ​ទោះ​បី Chelsea កំពុង​ធ្លាក់​ទម្រង់​លេង​ខ្លាំង ប៉ុន្តែ​ក៏​មិន​គួរ​បណ្ដេញ​អ្នក​ចាត់​ការ​ចោល​ដែរ ព្រោះ​លោក Jose Mourinho គឺ​ជា​អ្នក​ចាត់ការ​ល្អ​បំផុត​ដែល​ក្រុម Chelsea មិន​ធ្លាប់​មាន។ ក្រុម Chelsea គួរ​ទុក​ឱកាស​ឲ្យ​លោក Jose Mourinho ស្ដារ​ស្ថានការណ៍​ដ៏​អាក្រក់​នេះ​ឡើង​វិញ។

 

​អតីត​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា លោក Jose Mourinho បាន​ចាប់​ផ្ដើម​ការ​ដឹក​នាំ​យ៉ាង​ល្អ​ដោយ​ជួយ​ឲ្យ Chelsea លើក​ពាន​រដូវ​កាល​មុន។ អ្នក​ចាត់​ការ​រូប​នេះ​អាច​នឹង​ដណ្ដើម​បាន​ពាន​ទៀត ប្រសិន​បើ​មាន​ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​ដូច​ជា Liverpool (Luis Suarez) និង Manchester City (Sergio Aguero) ជា​ដើម។

 

អតីត​កីឡាករ​ម្នាក់​ថា Chelsea កាន់​តែ​ខ្សោយ​បើ​ដេញ Jose Mourinho ចោល

លោក Jamie Carragher

 

គួរ​បញ្ជាក់​ផង​ដែរ​ថា បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម West Ham កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ បាន​ធ្វើ​ឲ្យ​កៅអី​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​កំពុង​តែ​កើន​កម្ដៅ​ខ្លាំង ហើយ​ប្រសិន​បើ​ចាញ់​​ក្រុម Liverpool នៅ​យប់​នេះ​ទៀត លោក Jose Mourinho អាច​​ត្រូវ​​ប្រឈម​មុខ​​នឹង​​ការ​បណ្ដេញ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ក្រុម Chelsea៕

 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ dailymail