កឹម សុខា ថា​មិន​ស្នើ​បេក្ខភាព​អនុប្រធាន​រដ្ឋសភា​ថ្មី ព្រោះ​បក្ស​សង្គ្រោះ​ជាតិ​មាន​អធិបតេយ្យ

«គណបក្សសង្គ្រោះជាតិ មានអធិបតេយ្យខ្លួន មិនមែនជារណបរបស់នរណាមួយ ត្រូវធ្វើអ្វីតាមគណបក្សដទៃនោះទេ» នេះជាការអះអាងរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលទើបនឹងត្រូវបានរដ្ឋសភា ដែល​មាន​ការ​ចូលរួម​ប្រជុំ ដោយ​តំណាងរាស្ត្រមកពី គណបក្សប្រជាជនកម្ពុជាតែមួយនោះ ដកចេញពីតំណែង ជា​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋសភា។
កឹម សុខា ថា​មិន​ស្នើ​បេក្ខភាព​អនុប្រធាន​រដ្ឋសភា​ថ្មី ព្រោះ​បក្ស​សង្គ្រោះ​ជាតិ​មាន​អធិបតេយ្យ
លោក សម រង្ស៊ី (ឆ្វេង) ប្រធានក្រុមតំណាងរាស្ត្រសម្លេងភាគតិច និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត monoROOM.info/ S. Tith)

គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា បានសម្រេចមិន​បញ្ជូន​បេក្ខភាពថ្មី ទៅជំនួសតំណែង របស់លោក កឹម សុខា ជាអនុប្រធានទីមួយ នៃរដ្ឋសភានោះទេ។ ការមិន​បញ្ជូន​បេក្ខភាពថ្មី ទៅជំនួសតំណែង និងសុទ្ធចិត្តទុកកៅអីនោះឲ្យទំនេរ ដោយសារគណបក្សមួយនេះយល់ថា ខ្លួន​មានអធិបតេយ្យភាពរបស់ខ្លួន ក្នុងការស្នើរបេក្ខភាព មិនមែននរណាម្នាក់ ឬគណបក្សណាមួយ អាចធ្វើការ​ដូរដេញស្រេចនឹងចិត្តនោះឡើយ។

ថ្លែងកាលពីយប់ថ្ងៃទី៣០ ខែតុលា ថនៅក្នុងកម្មវិធី «វេទិកាអ្នកស្ដាប់» របស់វិទ្យុអាស៊ីសេរី លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលជាសាមីខ្លួន រងការដកចេញពីតំណែងនោះ បានថ្លែងរំលឹកថា នៅ​ក្នុង​កិច្ចព្រមព្រៀងនយោបាយ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ មានការចែងឲ្យគណបក្សសង្គ្រោះជាតិ ទទួល​តួនាទី ជាអនុប្រធានទីមួយនៃរដ្ឋសភា។

លោក កឹម សុខា បានឲ្យដឹងទៀតថា៖ «អញ្ចឹង ស្រេចលើគណបក្សសង្គ្រោះជាតិ ជាអ្នកដាក់ទៅ ហើយ​គណបក្ស​សង្គ្រោះជាតិមានអធិបតេយ្យខ្លួន មិនជារណបរបស់គណបក្សណាមួយ ត្រូវធ្វើអ្វីតាម​គណបក្ស​ដទៃនោះទេ។ គណបក្សសង្គ្រោះជាតិ មានសិទ្ធិ​ (និង) អធិបតេយ្យរបស់ខ្លួន គឺថាដាក់អ្នកណា គឺត្រូវលើក​អ្នកណ្នឹង ឲ្យទទួលតំណែងនោះ។»

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលសម្បូរដោយវោហារស័ព្ទ ទើបនឹងត្រូវបានរដ្ឋសភា បោះឆ្នោតសម្រេចបញ្ចប់តំណែង ជាអនុប្រធានទីមួយ នៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ដោយអង្គប្រជុំសភាពេញអង្គ របស់រដ្ឋសភា ក្រោមសម្លេង៦៨លើ៦៨ នៃតំណាងរាស្ត្រមកពីគណបក្ស​ប្រជាជន​កម្ពុជា។ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា មកពី​គណបក្ស​ប្រជាជនកម្ពុជា បានថ្លែងប្រាប់​អ្នក​សារព័ត៌មាន នៅក្រោយការបោះឆ្នោតទម្លាក់នោះថា គឺដើម្បីការពារនូវវប្បធម៌សន្ទនា រវាងគណបក្សទាំងពីរ ទើបតម្រូវឲ្យរដ្ឋសភា ​ត្រូវ​តែ​ដក​លោក កឹម សុខា ចេញពីតំណែង ជាអនុប្រធានទីមួយ នៃរដ្ឋសភា។

លោក ឈាង វុន បានថ្លែងឡើងថា៖ «ជាការចាំបាច់ ដើម្បីធានាវប្បធម៌សន្ទនា ធានាកិច្ចព្រមព្រៀង​នយោបាយ​​ជាមួយ​គ្នា រវាងគណបក្សទាំងពីរ។ (...) ការដកនេះ យោងទៅលើកិច្ចព្រមព្រៀង ថ្ងៃទី២២ (ខែ) កក្កដា យោងទៅលើ​ការពង្រឹងវប្បធម៌សន្ទនា យោងលើញត្តិ អ្នកតំណាងរាស្រ្ត។»

ប៉ុន្តែសម្រាប់គណបក្សសង្គ្រោះជាតិវិញ បានបរិហាករណីដកដេញ តំណែងរបស់លោក កឹម សុខា ថាជា​ការរំលោភយ៉ាងធ្ងន់ធ្ងរ ទៅលើរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងនយោបាយ ដ៏តក់ក្រហល់មួយ ដែលបានធ្វើ​ឡើង ក្រោយពីព្រឹត្តិការណ៍ស្ពាននាគ កាលពីពាក់កណ្ដាលខែកក្កដា ឆ្នាំ២០១៤ ហើយមន្ត្រីជាន់ខ្ពស់ជា​ច្រើន របស់គណបក្ស ត្រូវបានចាប់វាយខ្នោះ យកទៅឃុំខ្លួន នៅពេលនោះ។ លោក កឹម សុខា បានបន្តពន្យល់ ពីការ​មិនបញ្ជូនបេក្ខភាព ទៅជំនួសតំណែងជាអនុប្រធានទីមួយ នៃរដ្ឋសភា នៅក្នុងកម្មវិធី​របស់វិទ្យុអាស៊ី​សេរី​ទៀតថា៖ «បើយើងយល់ព្រមបញ្ជូនទៅ នោះបានន័យថា យើងយល់ស្រប ពីការធ្វើខុសរដ្ឋធម្មនុញ្ញ រំលោភ​កិច្ចព្រមព្រៀង ហើយគណបក្សសង្គ្រោះជាតិនេះ អត់មានអធិបតេយ្យខ្លួនឯងទេ»។