ការដកហូត​តំណែង​លោក កឹម សុខា ពី​អនុប្រធាន​ទី​១​រដ្ឋសភា កំពុង​ប្រឈម​នឹង​ការរិះគន់​ជុំ​ទិស​

ការដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​៦៨​នាក់ បោះឆ្នោត​ដកហូត​តំណែង​លោក កឹម សុខា ពី​អនុប្រធាន​ទី​១​រដ្ឋសភា យ៉ាង​តក់ក្រហល់​កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ កំពុង​ប្រឈម​នឹង​ការរិះគន់​ជុំ​ទិស​ពី​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុងប្រទេស​កម្ពុជា បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា និង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា ដែល​បានអនុម័ត​ដក​លោក កឹម សុខា ពី​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ ដោយ​ហៅ​ការសម្រេច​ដក​នោះ​ថា បំពាន​លើ​រដ្ឋធម្មនុញ្ញ​និង​ខុស​នីតិវិធី​ផងដែរ​។

​អង្គការ​សង្គម​ស៊ីវិល​ជាង​១០​ស្ថាប័ន​ក្នុងប្រទេស​កម្ពុជា​បាន​លើកឡើងថា ការដកហូត​តំណែង​លោក កឹម សុខា គឺ​ប៉ះពាល់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅក្នុង​រដ្ឋសភា​ពហុបក្ស និង​សិទ្ធិសេរីភាព​បញ្ចេញមតិ​របស់​តំណាងរាស្ត្រ​ដែលជា​សិទ្ធិ​មូលដ្ឋាន​នៃ​សិទ្ធិមនុស្ស និង​បង្កើត​ភាពមិនប្រក្រតី​នៃ​ការដកតំណែង​ថ្នាក់ដឹកនាំ​រដ្ឋសភា​។ សេចក្ដីថ្លែងការណ៍​រួម​របស់​ក្រុម​សង្គម​ស៊ីវិល​ជាង​១០​អង្គការ​សមាគម បាន​បញ្ជាក់ថា​«​ការបាត់បង់​តំណែង​លោក កឹម សុខា ក្រោម​ហេតុផល​បញ្ចេញមតិ​គឺជា​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​តុល្យភាព​អំណាច​នៃ​របប​សភានិយម ព្រមទាំង​គំរាមកំហែង​ធ្ងន់ធ្ងរ​ផ្នែក​ស្មារតី​ដល់​ថ្នាក់ដឹកនាំ​រដ្ឋសភា តំណាងរាស្ត្រ និង​ប្រជាពលរដ្ឋ​ទូទៅ​ក្នុងការ​បំពេញភារកិច្ច តួនាទី និង​សិទ្ធិ​ជា​មូលដ្ឋាន ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​»​។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ លោក កុល បញ្ញា នាយក​អង្គការ​ខុមហ្វ្រែល បាន​អះអាង​កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥​ថា សង្គម​ស៊ីវិល​កំពុងមាន​ការព្រួយបារម្ភ​ពី​ដំណើរ​ការតឹងតែង និង​ទំនាស់​ខាង​នយោបាយ​។ លោក កុល បញ្ញា បាន​សង្កត់ធ្ងន់ថា​ការដក​លោក កឹម សុខា ពី​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា​នេះ បាន​ជះឥទ្ធិពល​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅក្នុង​រដ្ឋសភា ដែល​ទាក់ទង​ទៅដល់​ប្រសិទ្ធភាព​នៃ​រដ្ឋសភា​។ សំខាន់​គឺថា​បំបិទមាត់​ថ្នាក់ដឹកនាំ​រដ្ឋសភា​ដែល​ចេញ​មកពី​គណបក្សប្រឆាំង​។

ចំណែក​លោក អំ សំអាត អ្នកគ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើបអង្កេត​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ បានចាត់ទុក​ការដកហូត​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា​របស់លោក កឹម សុខា នៅពេលនេះ គឺ​បង្ហាញថា​កិច្ចព្រមព្រៀង​នយោបាយ​កំពុងមាន​ភាព​រង្គោះរង្គើ​នៅពេល​មេដឹកនាំ​គណបក្សជំទាស់ ត្រូវបាន​ដក​ពី​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា​។ លោក អំ សំអាត បាន​អះអាងថា​ការដកហូត​តំណែង​លោក កឹម សុខា គឺមាន​ហេតុផល​នយោបាយ​ច្រើនជាង​ហេតុផល​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់ ឬ​ការប្រព្រឹត្ត​ទោសកំហុស​ណាមួយ​ដែល​មានចែង​នៅក្នុង​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​។ ជាមួយគ្នានេះ​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​បានស្នើ​ឲ្យ​គណបក្ស​ទាំង​២​ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា ដោះស្រាយ​បញ្ហា​ដោយ​ឈរលើ​គោលការណ៍​នីតិរដ្ឋ គោរព​គោលការណ៍​សិទ្ធិមនុស្ស ព្រមទាំង​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​រឿង​សំខាន់​៕

ST-123 ST-124image