បាតុកម្ម​នៅមុខ​ស្នាក់ការ​អង្គការសហប្រជាជាតិ​មិនមែន​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​

ថ្មីៗ​នេះ​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​តាមរយៈ​កញ្ចក់​ទូរទស្សន៍​ជាតិ​ថា ការធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ញូវយ៉ក​ប្រឆាំង​រូបលោក មាន​បាតុករ​ប្រមាណ​៤០​ទៅ​៥០​នាក់ ជាការ​រៀបចំ​ដោយ​គណបក្សប្រឆាំង​។ ប៉ុន្តែ​ការចោទប្រកាន់​នេះ​ត្រូវបាន​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ច្រានចោល​ហើយ​អ្នកដឹកនាំ​ធ្វើបាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅមុខ​ស្នាក់ការ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៥ ក៏បាន​ច្រានចោល​ការអះអាង​របស់​លោក ហ៊ុន សែន ដែរ​។ អ្នករៀបចំ​បាតុកម្ម​មុខ​ស្នាក់ការ​អង្គការសហប្រជាជាតិ​បាន​បញ្ជាក់ថា អ្នកចូលរួម​បាតុកម្ម​មាន​ពី​៥០០​ទៅ​៧០០​នាក់ មិនមែន​៤០​ទៅ​៥០​នាក់​ដូចដែល​លោក ហ៊ុន សែន ព្យាយាម​បិទបាំង​ការពិត​នោះទេ​។

នៅក្នុង​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ លោក ទូច វិបុល ជា​តំណាង​អ្នករៀបចំ​បាតុកម្ម​នៅមុខ​ស្នាក់ការ​អង្គការសហប្រជាជាតិ​បាន​ច្រានចោល​ការអះអាង​របស់​លោក ហ៊ុន សែន នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ ដែលថា​បាតុករ​មានតែ​ប្រមាណ​៤០​ទៅ​៥០​នាក់ និង​ថា​បាតុកម្ម​នោះ​ជាការ​បញ្ជា​ដោយ​គណបក្សប្រឆាំង​។ តាម​សេចក្ដីថ្លែងការណ៍​របស់​លោក ទូច វិបុល បាន​ឲ្យ​ដឹងថា ការធ្វើ​បាតុកម្ម​នៅ​បុរី​ញូវយ៉ក​នោះ មិនមែនជា​ការបញ្ជា​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​។ ការធ្វើ​បាតុកម្ម​នោះ​ចូលរួម​ដោយ​ព្រះ​តេជគុណ លួ​ន សាវ៉ាត មកពី​កម្ពុជា​និង​ពលរដ្ឋ​ប្រមាណ​៥០០​ទៅ​៧០០​នាក់ មកពី​រដ្ឋ​មួយចំនួន​នៅក្នុង​សហរដ្ឋអាមេរិក​ដូចជា រដ្ឋ​កាលីហ្វ័រ​នីញ៉ា រដ្ឋ​តិច​សាស់ និង​រដ្ឋ​ផ្សេងៗ​ទៀត​។

​សេចក្ដីថ្លែងការណ៍​រប​ស់​តំណាង​អ្នករៀបចំ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅមុខ​ស្នាក់ការ​អង្គការសហប្រជាជាតិ បានបញ្ជាក់​យ៉ាងច្បាស់​ថា «​ការរៀបចំ​បាតុកម្ម​គឺធ្វើឡើង​ដោយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ដែល​យើងទាំងអស់គ្នា​មិនអាច​បិទ​ភ្នែក បិទ​ត្រចៀក ចំពោះ​អំពើ​អយុត្តិធម៌​និង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្រោម​ការគ្រប់គ្រង​រប​ស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាង​៣០​ឆ្នាំ​»​។ តាមរយៈ​សេចក្ដីថ្លែងការណ៍​របស់​តំណាង​អ្នករៀបចំ​បាតុកម្ម​នៅ​បុរី​ញូវយ៉ក បានបង្ហាញ​ឲ្យ​ឃើញថា លោក ហ៊ុន សែន ចោទប្រកាន់​ទាំង​បំពាន​ព្រោះ​បាតុកម្ម​នោះ​មិនមែនជា​ការបញ្ជា​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ហើយ​អ្នកចូលរួម​មាន​ពី​៥០០​ទៅ​៧០០​នាក់​។ ការដែល​លោក ហ៊ុន សែន មើលឃើញថា​អ្នកចូលរួម​មាន​ពី​៤០​ទៅ​៥០​នាក់ គឺ​ផ្ទុយ​ពី​ការពិត​ទាំងស្រុង​គួរ​ឲ្យ​អៀនខ្មាស​ផងដែរ​៕

usa10 usa1