លោក កឹម សុខា បញ្ជាក់ថា​គេ​មិនអាច​ដក​សេចក្តីស្រឡាញ់​របស់លោក​ចំពោះ​ជាតិ​បានឡើយ​

​បន្ទាប់​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បានសម្រេច​បោះឆ្នោត​ទម្លាក់ លោក កឹម សុខា ចេញពី​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា​ទាំង​បំពាន​ច្បាប់រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ទាំងពីរ​មក​នោះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បានបញ្ជាក់​ថា​គេ​អាច​ដកតំណែង​របស់លោក​បាន តែ​គេ​មិនអាច​ដក​សេចក្តីស្រឡាញ់​របស់លោក​ចំពោះ​ជាតិ​មាតុភូមិ​បានឡើយ ។ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បានបញ្ជាក់​ទៀតថា​គណ​បក្ស​ប្រជាជន​កម្ពុជា ក៏​មិនអាច​ដក​សេចក្តីស្រឡាញ់ និង​ការជឿទុកចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មកលើ​រូបលោក ក៏ដូចជា​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​បានដែរ​។​

ចំពោះមុខ​បញ្ហា​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា លោក​ប្រធាន សម រង្សី និង រូបលោក ក្នុងនាម​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពិភាក្សាគ្នា និង​បាន​ឯកភាពគ្នា​ហើយ​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ស្នើ​បេក្ខជន​អនុប្រធាន​ទី​១ រដ្ឋសភា​ថ្មី​ជំនួស ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ និង​រំលោភ​លើ​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ទាំងពីរ​កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ នោះឡើយ​។ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា អាស្រ័យហេតុនេះ សូម​សាធារណជន ជាពិសេស​ថ្នាក់ដឹកនាំ សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​មេត្តា​ជ្រាប​។​

​គួរ​កត់សម្គាល់ថា គណបក្ស​សង្គ្រោះ​ជាតិ​បានចាត់ទុក​ការទម្លាក់​លោក កឹម សុខា ចេញពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​កម្ពុជា​ថា​ជាការ​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ត្រង់​មាត្រា​៨៧ និង​ជាការ​រំលោភ​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤​។ ជុំវិញ​បញ្ហា​ខាងលើនេះ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ជាង​១០​ស្ថាប័ន​បានចាត់ទុក​ការបោះឆ្នោត​ទម្លាក់​លោក កឹម សុខា ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ថា​បាន​ប៉ះពាល់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា ហើយ​ថា​ដំណើរការ​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា គឺធ្វើឡើង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា​៕

10151329_1619124945017382_1482024537883900482_n12049201_1222147124469251_3779780245148000843_n