ចង្អុល​គេ តែ​ភ្លេច​មើល ម្រាមដៃ ៤ ទៀត ចង្អុល​ត្រូវ​ខ្លួនឯង​!

ភ្នំពេញ: ព្រឹត្តិការណ៍​ដែល​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ទាំង ៦៨ រូប បាន​បោះឆ្នោត​ជា​ឯក​ច្ឆ័​ន្ត ទម្លាក់​លោក​កឹម​សុខា ចេញពី​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​៣០​តុលា ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុកថា ជាការ​រំលោភ​រដ្ឋធម្មនុញ្ញ ត្រង់​មាត្រា ៨៧​។ នោះ​គឺ គណបក្ស​សង្គ្រោះ​ជាតិ សំអាងថា ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន ឬ​អនុប្រធានរដ្ឋសភា​ថ្មី មក​ជំនួស​បាន លុះត្រាតែ ក្នុងករណី ដែល​ប្រធាន ឬ​អនុប្រធានរដ្ឋសភា​នោះ សុំលាលែង​ពីមុខ​តំណែង ឬ​ទទួលអនិច្ចកម្ម​។​

​ក៏ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ដូច្នេះ ហាក់ដូចជា ភ្លេច​គិត​កាលពីពេល​លោក​កឹម​សុខា ដែល​ត្រូវបាន​រដ្ឋសភា បោះឆ្នោត​ជ្រើសតាំង​ជា​អនុប្រធាន​ទី​១ រដ្ឋសភា កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៤ គឺ​កាលណោះ លោក ងួន ញ៉ិល រួមទាំង​លោកស្រី ឃួន សុ​ដា​រី មិនបាន​លាលែង ឬក៏​ទទួលអនិច្ចកម្ម ឯណា​!​

​សរុបមក គណបក្ស​សង្គ្រោះ​ជាតិ ពេលនេះ គឺ​លើកដៃ​ចង្អុល​ទៅ​គេ តែ​ម្រាម​ចង្អុលដៃ​តែមួយ​ទេ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ ភ្លេច​មើល ម្រាមដៃ​៤ ផ្សេងទៀត បាន​ចង្អុល​មក​ខ្លួន​វិញ​សោះ​។ ពោលគឺ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាសថា ការបោះឆ្នោត​ដក​លោក​កឹម​សុខា ចេញពី​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា ជា​រឿង​រំលោភ​រដ្ឋធម្មនុញ្ញ​។

ចុះ​កាលពី​លោក​កឹម​សុខា ត្រូវបាន​គេ​បោះឆ្នោត​ជ្រើសតាំង​ជា​អនុប្រធាន​ទី​១ រដ្ឋសភា ជំនួស​លោក​ងួន​ញ៉ិល កាលពី​ថ្ងៃទី​២៦​សីហា ឆ្នាំ​២០១៤ មិនមែនជា​ការរំលោភ​លើ​រដ្ឋធម្មនុញ្ញ ទេ​ឬ​? 

​បែប​មកពី​យល់ថា រំលោភ​រដ្ឋធម្មនុញ្ញ​ហើយ បានជា​កាលណោះ ក្នុង​កិច្ចប្រជុំ​រដ្ឋសភា លោក​ងួន​ញ៉ិល ហាក់ដូចជា មិន​ព្រម​ប្តូរ​កៅអី ឲ្យ​លោក​កឹម​សុខា ចូល​អង្គុយ ជា​អនុប្រធាន​ទី​១​រដ្ឋសភា​។​

​ពាក់ព័ន្ធ​នឹង​ការលើកដៃ​ចង្អុល​គេ ហើយ​ភ្លេច​មើល​ម្រាមដៃ ៤ ផ្សេងទៀត ចង្អុលមក​​លើ​ខ្លួនឯង​នេះ បាន​កើតឡើង​ច្រើនណាស់ នៅក្នុង​សង្គម​កម្ពុជា​។ ដូចជា ការរិះគន់​រដ្ឋាភិបាល ថា ដឹកនាំ​ផ្តាច់ការ ឬក៏​រំលោភ​សិទ្ធិសេរីភាព បក្ខពួកនិយម ធ្វើការ​សម្រេច​តែ​លើ​បុគ្គល​តែ​ម្នាក់ ជាដើម​។

ក៏ប៉ុន្តែ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ក៏មាន​ការលើក​ឡើងជា​ហូរហែ​ពី​ការដឹកនាំ និង​ការសម្រេច​អ្វីមួយ ធំ​តែ​លើ​ប្រធាន ឬ​អនុប្រធាន​គណបក្ស ហើយក៏​មានការ​លើក​ឡើង​ពី​បញ្ហា​បក្ខពួក គ្រួសារនិយម នៅក្នុង​ជួរ​គណបក្ស​ផងដែរ​។​

​ដូច្នេះ ដើម្បី​កុំ​ឲ្យ​មើល​ឃើញតែ​ពី​កំហុស​របស់គេ មើលឃើញ​តែ​ពី​កំហុស​របស់​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា គឺ​គណបក្ស​សង្គ្រោះ​ជាតិ មុននឹង​លើកដៃ​ចង្អុល ទៅ​គេ​គួរតែ​គិតដល់​ម្រាមដៃ​៤​ផ្សេងទៀត ពោលគឺ​ត្រូវធ្វើ​ខ្លួន​ឲ្យ​ប្រសើរ​សិន ចាំ​រិះគន់​គេ ជា​ក្រោយ​៕​