ព្រឹត្តិការណ៍​រដ្ឋសភា បោះឆ្នោត ដកតំណែង​លោក​កឹម​សុខា មិនមែន​បង្កើតឡើង ដើម្បី​បិទ​រឿង​បាតុកម្ម បង្ក​ហិង្សា​លើ​តំណាងរាស្ត្រ​ទេ​

ភ្នំពេញ: ៤ ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​កើតមាន​បាតុកម្ម ហើយ​ចុងក្រោយ មាន​ការបង្ក​អំពើហិង្សា វាយ​លើ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ២ រូប ឲ្យ​របួសធ្ងន់ បញ្ជូនទៅ​ព្យាបាល វះកាត់​នៅ​មន្ទីរពេទ្យ​ថៃ គឺ​នៅ​ថ្ងៃទី​៣០​តុលា ក៏​កើតមាន​ព្រឹត្តិការណ៍​រដ្ឋសភា បោះឆ្នោត ដកតំណែង​លោក​កឹម​សុខា ចេញពី​អនុប្រធាន​ទី​១ រដ្ឋសភា​។ ដូច្នេះហើយ បានជា​នាំ​ឲ្យ​មានការ​លើកឡើងថា ការបង្កើត​ព្រឹត្តិការណ៍​ថ្មី នៃ​ការបោះឆ្នោត​ដកតំណែង​លោក​កឹម​សុខា ដើម្បី​បិទ​រឿង​បាតុកម្ម បង្ក​ហិង្សា​លើ​តំណាងរាស្ត្រ​។​

​បើ​មើ​លពី​ព្រឹត្តិការណ៍ គឺ​ច្បាស់​ណាស់​ថា ហេតុការណ៍​រដ្ឋសភា​បោះឆ្នោត​ដកតំណែង​លោក​កឹម​សុខា នៅ​ថ្ងៃទី​៣០​តុលា បានកើត​ឡើង ក្រោយពេល ៤​ថ្ងៃ នៃ​ការធ្វើ​បាតុកម្ម ដែលមាន​ការប្រើ​អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​២៦​តុលា​។

​ក៏ប៉ុន្តែ​ក្រោយ​កើតហេតុ​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៨​តុលា សម្តេច​ហ៊ុនសែន ដែល​ទើបតែ​វិល​ត្រលប់​មកពី​ប្រទេស​បារាំង បានប្រកាស​ចាត់វិធានកា​រ​បន្ទាន់ ដោយ​សម្តេច បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច តាម​ចាប់​ជន​ប្រព្រឹត្តិ​បង្ក​អំពើហិង្សា​លើ​តំណាងរាស្ត្រ​ទាំងនោះ យកមក​កាត់ទោស​តាមច្បាប់ ដោយ​គ្មាន​ការលើកលែង ទោះជា​ជន​ទាំងនោះ ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឬក៏​គាំទ្រ​រដ្ឋាភិបាល​ក៏ដោយ​។​

​មហាជន បាន​សាទរ​នឹង​សេចក្តីប្រកាស​ផ្ទាល់មាត់​របស់​សម្តេច​ហ៊ុនសែន ដូច្នេះ​។ ប៉ុន្តែ​គេ​ឆ្ងល់​ថា ក្រុមបាតុករ សុទ្ធតែជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។ រីឯ​អ្នក​វាយ​តំណាងរាស្ត្រ ក៏​ចេញ​មកពី​ក្រុមបាតុករ ( នេះ​បើ​ផ្អែក​តាម​រូបភាព​ដែល​ថត​បាន )​។ ចុះ​ហេតុអ្វី បានជា​សម្តេច​ហ៊ុនសែន ប្រកាស​ឲ្យ​តាម​ចាប់​ជនបង្ក​អំពើហិង្សា​លើ​តំណាងរាស្ត្រ​ដូច្នេះ​?

​មកដល់​ថ្ងៃទី​៣១​តុលា គឺ​៥​ថ្ងៃ​ហើយ បន្ទាប់ពី​ព្រឹត្តិការណ៍​ថ្ងៃ​២៦​តុលា ហើយ​ត្រូវជា ៣ ថ្ងៃ បន្ទាប់ពី​បទបញ្ជា​ផ្ទាល់មាត់​របស់​សម្តេច​ហ៊ុនសែន បានដាក់​ចេញ​ឲ្យ​ចាប់ខ្លួន​ជនដៃដល់​វាយ​តំណាងរាស្ត្រ យកមក​ផ្តន្ទាទោស​។ ប៉ុន្តែ​មកដល់​ថ្ងៃទី​៣១​តុលា​នេះ គឺ​ជនល្មើស មិនទាន់​ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ក្រសួងមហាផ្ទៃ ប្រកាស​ពី​ការចាប់ខ្លួន នាំយកទៅ​តុលាការ ដើម្បី​កាត់ទោស​នៅឡើយ​ទេ​។​

​តាមពិត គម្រោង​រដ្ឋសភា កោះប្រជុំ ដើម្បី​ដកតំណែង​លោក​កឹម​សុខា គឺ​ស្ថិតនៅក្នុង​ផែនការ​មួយ​ស៊េរី បន្ទាប់ពី​បាតុកម្ម ទាមទារ​ឲ្យ​លោក​កឹម​សុខា ចុះ​ចេញពី​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា​។ ដូច្នេះ បន្ទាប់ពី​បាតុកម្ម គឺ​ជំ​ហ៊ាន​បន្ទាប់ ត្រូវតែ​រដ្ឋសភា កោះប្រជុំ​បោះឆ្នោត ដកតំណែង ដូច​អ្វីដែល​ញត្តិ​របស់​មហាជន ទាមទារ ហើយ​រដ្ឋសភា គ្រាន់តែ​គោរព​ឆន្ទៈ​រាស្ត្រ​ប៉ុណ្ណោះ​។ នេះ​បើ​គេ​យោង​លើ​ញត្តិ​របស់​តំណាងរាស្ត្រ​ហត្ថលេខី ៦៣ រូប ដែល​តំណាង​ដោយ​លោក​ជាម​យៀប និង​លោក​ប៉ែន​បញ្ញា កាលពី​ថ្ងៃទី​២៨​តុលា ហើយ​ត្រូវ​បានប្រកាស​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​៣០​តុលា​។​

​សរុបមក ព្រឹត្តិការណ៍​ដែល​រដ្ឋសភា សម្រេច​បោះឆ្នោត​ដកតំណែង​លោក​កឹម​សុខា ពី​អនុប្រធាន​ទី​១​រដ្ឋសភា មិនមែនជា​ការបង្កើត​ឡើង ដើម្បី​ឲ្យ​មហាជន ងាក​ចេញពី​ព្រឹត្តិការណ៍​វាយ​តំណាងរាស្ត្រ និង​ការ​តាម​ចាប់ខ្លួន​ជនដៃដល់ នោះទេ​។​

​ដំណើរ​រឿងហេតុ នឹងមិន​ទាន់​ចប់​ត្រឹមនេះ​ទេ លើ​គណបក្ស​សង្គ្រោះ​ជាតិ​។ ចំណាត់ការ​របស់​តុលាការ លើ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​សំណុំរឿង​បាតុកម្ម បង្ក​អំពើហិង្សា នៅ​ស្ពាន​នាគ ថ្ងៃទី​១៥​កក្កដា ឆ្នាំ​២០១៤ ព្រមទាំង​រឿង​បង្ហោះ​សន្ធិសញ្ញា​ក្លែងក្លាយ​របស់លោក​ហុង​សុខ​ហួរ នឹង​អាច​កើត​ឡើងជា​បន្តបន្ទាប់​៕​