មន្ត្រី​ច្បាប់​អំពាវនាវ​ឲ្យ​ក្រសួង​យុត្តិធម៌​ស៊ើប​អង្កេត​ការ​អនុវត្ត​សាលក្រម​បង្ខំ​រុះរើ​ផ្ទះ​ពលរដ្ឋ

មន្ត្រី​ផ្នែក​ច្បាប់​មាន​ការិយាល័យ​នៅ​ខេត្ត​រតនគិរី អំពាវនាវ​សុំ​ឲ្យ​ក្រសួង​យុត្តិធម៌ ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​ការ​អនុវត្ត​សាលក្រម​បង្ខំ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ ២​គ្រួសារ តាម​រយៈ​ប្រធាន​តុលាការ​ខេត្ត​ដែល​ធ្វើ​ឡើង​មិន​ត្រឹមត្រូវ​តាម​ក្រម​នីតិវិធី​រដ្ឋប្បវេណី និង​សេចក្ដី​ណែនាំ​របស់​ក្រសួង​យុត្តិធម៌។ ចំណែក​ប្រធាន​តុលាការ​ខេត្ត​ឆ្លើយ​តប​វិញ​ថា លោក​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់ និង​ការ​ណែនាំ​របស់​ក្រសួង​យុត្តិធម៌។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ប្រធាន​តុលាការ​ខេត្ត​រតនគិរី បាន​ដឹកនាំ​កង​រាជអាវុធហត្ថ​បង្ខំ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ពីរ​គ្រួសារ​នៅ​ភូមិ​ភ្នំស្វាយ សង្កាត់​បឹងកន្សែង ក្រុង​បានលុង កាល​ពី​ថ្ងៃ​ទី​២៨ ​ខែ​តុលា តាម​អំណាច​សាលក្រម​ស្ថាពរ​របស់​សាលាដំបូង​ខេត្ត​រតនគិរី ដែល​បាន​សម្រេច​ប្រគល់​ដី​ជាង ៨​អារ​របស់​ឈ្មោះ អ៊ុំ សារិត្យ និង​ភរិយា​ឈ្មោះ ទូច ណៃអេង ដែល​ជំពាក់​ប្រាក់​ទៅ​ឲ្យ​ឈ្មោះ ស្រេង សុខហូរ និង​ឈ្មោះ យ៉ែម លីឡា ជា​ម្ចាស់​បំណុល។

មន្ត្រី​ច្បាប់​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ប្រចាំ​ខេត្ត​រតនគិរី លោក មាស សុភា កត់សំគាល់​ថា ប្រធាន​តុលាការ​ខេត្ត​ដែល​ដឹកនាំ​អនុវត្ត​សាលក្រម​បង្ខំ​រុះរើ​ផ្ទះ​ដើម្បី​យក​ដី​ប្រគល់​ឲ្យ​ម្ចាស់​បំណុល គឺ​មិន​អនុលោម​ទៅ​នឹង​ច្បាប់​រដ្ឋប្បវេណី និង​សេចក្ដី​ណែនាំ​របស់​ក្រសួង​យុត្តិធម៌ ដែល​​​តម្រូវ​ឲ្យ​មន្ត្រី​អយ្យការ​គឺ​ជា​អ្នក​មាន​ភារកិច្ច​អនុវត្ត ខណៈ​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អាជ្ញាសាលា​មិន​ទាន់​ចាត់តាំង​ចូល​បំពេញ​ភារៈ។

លោក​កត់សំគាល់​ទៀត​ថា ដី​ទំហំ​ជាង ៨​អារ ដែល​ប្រធាន​តុលាការ​អនុវត្ត​សាលក្រម​រឹប​អូស​នោះ គឺ​ជា​ដី​ត្រូវ​បាន​ផ្ទេរ​សិទ្ធិ​កាន់កាប់​អចលនៈ​ទៅ​ឲ្យ​អ្នក​ទិញ​ដី​ដោយ​មិន​បាន​ឆ្លង​កាត់​ការ​ប្រគល់​ទៅ​ឲ្យ​គូភាគី​ឈ្នះ​ក្ដី​តាម​រយៈ​មន្ត្រី​អយ្យការ​នៅ​ឡើយ៖ «វា​ជា​តួនាទី​របស់​ព្រះរាជអាជ្ញា ឬ​ព្រះរាជ​អាជ្ញា​រង​មិន​មែន​តួនាទី​របស់​ប្រធាន​តុលាការ ឬ​មួយ​ចៅក្រម​ទេ»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​តុលាការ​ខេត្ត​រតនគិរី លោក សួស ឡា ចាត់​ទុក​ការ​អះអាង​របស់​មន្ត្រី​ផ្នែក​ច្បាប់​ថា ជា​ការ​យល់​ខុស ពី​ព្រោះ​លោក​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់ និង​ការ​ណែនាំ​របស់​ក្រសួង​យុត្តិធម៌ ស្ដីពី​ការ​អនុត្តរ​រុះរើ​ដោយ​បង្ខំ។

លោក​ថា ដី​ដែល​រឹប​អូស​នេះ​មិន​ទាន់​មាន​ការ​ប្រគល់​ឲ្យ​គូ​ភាគី​ឈ្នះ​ក្ដី​នៅ​ឡើយ គឺ​ការ​ប្រគល់​ដី​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​មន្ត្រី​ស្ថាប័ន​អយ្យការ​តាម​ការ​ណែនាំ​របស់​ក្រសួង​យុត្តិធម៌៖ «យើង​អត់​ទាន់​ប្រគល់​ទេ គ្រាន់តែ​រឹប​អូស។ ​តុលាការ​អនុវត្ត​នីតិវិធី​រឹប​អូស បើ​រឹប​អូស​មិន​ទាន់​បាន​ផង ប្រគល់​យ៉ាង​ម៉េច? យើង​រុះរើ​អស់​ហើយ​បាន​យើង​ដល់​ដំណាក់កាល​ប្រគល់។ អា​ហ្នឹង​អាជ្ញាសាលា»

អ្នក​នាំ​ពាក្យ និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក ជីន ម៉ាលីន បដិសេធ​មិន​វិនិច្ឆ័យ​ករណី​ចោទ​ឆ្លើយ​ទាក់ទិន​ការ​អនុវត្ត​សាលក្រម​នោះ​ទេ ក៏ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា សេចក្ដី​ណែនាំ​របស់​ក្រសួង​យុត្តិធម៌ នៅ​តែ​មាន​សុពលភាព​ ខណៈ​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អាជ្ញាសាលា​មិន​ទាន់​ចាត់តាំង​ចូល​បំពេញ​តួនាទី។

ដោយ​ឡែក​លោក​កត់សំគាល់​ថា ក្រសួង​យុត្តិធម៌ កំពុង​រៀបចំ​លក្ខន្តិកៈ​សម្រាប់​មន្ត្រី​កិច្ចការ​អាជ្ញា​សាលា​ដើម្បី​កំណត់​តួនាទី​ភារកិច្ច​បាន​ត្រឹមត្រូវ ចៀសវាង​អនុវត្ត​ខុស​តួនាទី​របស់​មន្ត្រី​តុលាការ​ក្នុង​ការ​អនុវត្ត​សាលក្រម សាលដីកា និង​ដីកា​សម្រេច​របស់​តុលាការ៖ «ខ្ញុំ​មិន​ដឹង​ការងារ​ជាក់ស្ដែង​យ៉ាង​ម៉េច​ដែរ ជួនកាល​ការងារ​បន្ទាន់​ដែរ មើល​ទៅ​ជា​ការងារ​បែបបទ​រដ្ឋបាល»

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ក៏​បាន​អំពាវ​នាង​សុំ​ឲ្យ​ក្រសួង​យុត្តិធម៌ សើរើ​រឿង​ក្ដី​នេះ​ឡើង​វិញ បន្ទាប់​ពី​លោក​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​បង្ក​ឲ្យ​មាន​ភាព​អយុត្តិធម៌​ពីរ​ផ្នែក​ចំពោះ​ម្ចាស់​ដី គឺ​តុលាការ​មិន​បាន​ផ្ដល់​ព័ត៌មាន​ទូលំទូលាយ​ពី​សាលដីកា​រឹប​អូស​ដី​ជាង ៨​អារ ដែល​ពាក់ព័ន្ធ​ម្ចាស់​កាន់កាប់​ពីរ​នាក់។

ចំណែក​ដី​ដែល​ប្រកាស​លក់​ឡាយឡុង​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ឈ្មោះ លី សុវណ្ណារ៉ា ជា​កូនប្រសា​ដើម​បណ្ដឹង​ដែល​ច្បាប់​ចាត់​ទុកជា​សហព័ទ្ធ​នៃ​ភាគី​ជម្លោះ គឺ​មិន​អនុញ្ញាត​ឲ្យ​ទិញ​ដី​នោះ​បាន​ទេ ពិសេស​ទៀត គឺ​តម្លៃ​ដេញ​ថ្លៃ​លក់​ដី​ដែល​រឹប​អូស​ទាប​ត្រឹម ៧៥​ដុល្លារ​ក្នុង ១​ម៉ែត្រការ៉េ ខណៈ​តម្លៃ​ទីផ្សារ​លក់​ដី​បច្ចុប្បន្ន​ជាង ១៧០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។