ឈ្មួញ​ឈ្មោះ ហាក់ ម៉ៅ និង សុធា​រី នាំ​ទំនិញគេចពន្ធ​ចូល​តាម​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង តាម​អំពើ​ចិត្ត​

ការហូរចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​សៀម ចូល​តាម​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង ត្រូវបាន​គេ​ដឹងថា​មានការ​បើកដៃ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន ជាពិសេស​សមត្ថកិច្ច​គ​យ​តែម្ដង​។ លោក ឆាយ បូ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ដូង ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា ជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ តាម​រថយន្ត​ធំៗ​ចូលមក​ប្រទេស​កម្ពុជា​យ៉ាង​ពេញបន្ទុក​។ ប្រការនេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ទំនិញគេចពន្ធ​ហូរ​ចូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​តទៅ​ទៀត ព្រោះ​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ​។

ការ​ពី​ជាង​មួយ​សប្ដាហ៍​កន្លងមក​មាន​រថយន្ត​ដឹកទំនិញ​គេចពន្ធ​ធំៗ​ចំនួន​៣​គ្រឿង ដែល​ចេញពី​ច្រក​អន្តរជាតិ​ដូង​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ត្រូវ​កម្លាំង​សមត្ថកិច្ច​គយ​ខេត្ត​ពោ​ធ៍​សាត់​ចាប់បាន​។ ប្រភពពី​សមត្ថកិច្ច​ដែល​ចូលរួម​ក្នុងការ​បង្ក្រាប​នោះបាន​ឲ្យ​ដឹងថា ទំនិញ​មួយ​រថយន្ត​សណ្ដោង​គឺជា​របស់​ឈ្មួញ​ឈ្មោះ ហាក់ ម៉ៅ ហើយ​ទំនិញ​២​រថយន្ត​សណ្ដោង​ផ្សេងទៀត គឺជា​របស់​ឈ្មួញ​ឈ្មោះ សុធា​រី​។ តាម​ការបង្ហាញ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង បាន​ឲ្យ​ដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក ឆាយ បូ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ដូង​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ ហាក់ ម៉ៅ និង​ឈ្មោះ សុធា​រី មិនអាច​នាំចូល​ទំនិញគេចពន្ធ​តាម​អំពើ​ចិត្ត​បានទេ​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ច្រក​អន្តរជាតិ​ដូង​បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ធំ​តូច​ដឹកទំនិញ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​គគ្រឹកគគ្រេង ហើយ​ភាគច្រើន​នៃ​ទំនិញ​ទាំងនោះ​គឺជា​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​។ សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ឆាយ បូ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ដូង ពួកគេ​អាច​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ គេ​វាយតម្លៃថា​ប្រសិនបើ​មានការ​ប្រមូល​ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ គឺ​នៅ​ច្រក​អន្តរជាតិ​ដូង​អាច​រកបាន​ចំណូល​ទ្វេ​មួយ​ជា​បី ហើយ​មន្ត្រី​គយ​ពុករលួយ​មិនអាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បានឡើយ​៕

210 61 IMG_5458