បទល្មើស​នេសាទ​នៅ​ឃុំ​រាំង​ទឹល ស្រុក​កណ្ដៀង ជាប់​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​ពុករលួយ​

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​រាំង​ទឹល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ បាន​អំពាវនាវ​ឲ្យ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ក៏ដូចជា​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​រាំង​ទឹល បាន​ឲ្យ​ដឹងថា​មន្ត្រីរដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់ និង​មន្ត្រីរដ្ឋបាល​ជលផល​ប្រចាំ​ស្រុក​កណ្ដៀង ព្រមទាំង​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ខុសច្បាប់​នោះទេ គឺ​ពួកគេ​គិតតែ​រឿង​ផលប្រយោជន៍​។

ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​ឃុំ​រាំង​ទឹល បាន​ឲ្យ​ដឹងថា នៅក្នុង​ផ្ទៃ​បឹង​ទន្លេសាប​ភូមិ​កោះ​ក្អែក ឃុំ​រាំង​ទឹល មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទ​ឈ្នក់​យ៉ាង​ពេញបន្ទុក ហើយ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​រាំង​ទឹល ឈ្មោះ ចាន់ សុខា ហៅ​សុខ កំពុង​ដើរ​ប្រមូល​លុយរាប់​លាន​រៀល​ពី​អ្នក​ប្រកប​របរ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​។ ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួ​សារបាន​ឲ្យ​ដឹង​ទៀតថា នាយរង​ប៉ុស្តិ៍​រដ្ឋបាល​រាំង​ទឹល​មក​ប្រចាំ​នៅ​ស្នាក់ការ​ក្នុងភូមិ​កោះ​ក្អែក​ជា​រៀងរាល់ឆ្នាំ តែងតែ​ដើរ​ប្រមូល​លុយ​ពី​អ្នក​ប្រកប​របរ​នេសាទ​ខុសច្បាប់ ដោយ​ក្នុង​ឈ្នក់​១ អំពូល​ភ្លើង​១ ត្រូវ​បង់លុយ​១៦០០០០​រៀល​។ ប្រសិនបើ​អ្នក​ប្រើ​ឧបករណ៍​ខុសច្បាប់​មិន​បង់លុយ​តាម​ការកំណត់​ទេនោះ ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តពោធិ៍សាត់ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បទល្មើស​នេសាទ​ក្នុង​ផ្ទៃ​បឹង​ទន្លេសាប​នៃ​ភូមិ​កោះ​ក្អែក ឃុំ​រាំង​ទឹល ស្រុក​កណ្ដៀង កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​បង្ក្រាប​ទេ​។ ប្រការនេះ​គេ​សង្ស័យថា លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ ទទួលបាន​ផលប្រយោជន៍​ពីបទ​ល្មើស​នេសាទ​ទើប​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។ ដូច្នេះ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ត្រូវ​ពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​ខេត្តពោធិ៍សាត់​ជាបន្ទាន់ ព្រោះ​ពួកគេ​ឃុបឃិត​គ្នា​ដើម្បី​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល ហើយ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​៕

08-12-2014_meet_australyលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ