តារា​ខ្មែរ-បារាំង គ្រោង​រួម​គ្នា​សម្ដែងក្នុង​​រាត្រី​សមោសរ​សប្បុរសធម៌

តារា​ខ្មែរ-បារាំង គ្រោង​រួម​គ្នា​សម្ដែងក្នុង​​រាត្រី​សមោសរ​សប្បុរសធម៌

តារា​ម៉ូដែល​កម្ពុជា​ជិត២០នាក់ និង​តារា​មក​ពី​ប្រទេស​បារាំង​មួយ​ចំនួន​ទៀត គ្រោង​សម្ដែង​រួម​គ្នា​នៅ​រាត្រី​សមោសរ​សប្បុរសធម៌​មួយ ដើម្បី​ស្វែង​រក​ថវិកា​ជួយ​ដល់​​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ “PSE” ដោយ​គម្រោង​នៃ​​កម្មវិធី​នេះ​ នឹង​​ធ្វើ​នៅ​ថ្ងៃ​ទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ខាង​មុខ​នេះ នៅ​​មជ្ឈមណ្ឌល​កោះពេជ្រ។

 

 

តារា​ខ្មែរ-បារាំង គ្រោង​រួម​គ្នា​សម្ដែងក្នុង​​រាត្រី​សមោសរ​សប្បុរសធម៌

 

 

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​​ម្សិល​មិញ លោក ពិន សារពេជ្ញ នាយក​កម្មវិធី​អង្គការ​ដើម្បី​ភាព​ញញិម​នៃ​កុមារ “PSE” បាន​ឲ្យ​ដឹង​ថា តារា​ៗ​កម្ពុជា​ដែល​គ្រោង​ចូល​រួម​នោះ គឺ​មក​ក្រុម Sun Super Models Cambodia ចំនួន១៥នាក់ និង​ក្មេងៗ​នៅ​ក្នុង​អង្គការ​របស់​លោក៥នាក់​ផ្សេង​ទៀត ត្រូវ​បាន​រៀប​ចំ​ឲ្យ​ដើរ​ម៉ូដ បង្ហាញ​ពី​​វប្បធម៌​បារាំង ចាប់​តាំង​ពី​សម័យ​ឆ្នាំ ១៧០០ រហូត​មក​ដល់​បច្ចុប្បន្ន។ ជា​មួយ​គ្នា​នេះ ក៏​មាន​តារា​មក​ពី​ប្រទេស​បារាំង៣នាក់ និង ក្រុម​បច្ចេកទេស បរទេស​ជិត៣០នាក់​ផ្សេង​ទៀត​​ដែរ។

 

 

តារា​ខ្មែរ-បារាំង គ្រោង​រួម​គ្នា​សម្ដែងក្នុង​​រាត្រី​សមោសរ​សប្បុរសធម៌

 

 

នាយក​កម្មវិធី​អង្គការ​នៃ​ការ​មួយ​នេះ​បាន​លើក​ឡើង​ថា រាត្រី​សមោសរ​សប្បុរសធម៌​មួយ​នេះ ភ្ញៀវ​ដែល​ចូល​រួម គឺ​ត្រូវ​ទិញ​សំបុត្រ ដោយ​សំបុត្រ​ដាក់​ជា​២ប្រភេទ​​ផ្សេង​គ្នា មាន​កន្លែង​ធម្មតា និង​ពិសេស។ ២៥០ ដុល្លារ/១សន្លឹក​ សម្រាប់​តម្លៃ​សំបុត្រ​ពិសេស និង ១៩០ ដុល្លារ​/១សន្លឹក សម្រាប់​តម្លៃ​សំបុត្រ ធម្មតា។ ចំពោះ​សំបុត្រ​សម្រាប់​លក់​ជា​ក្រុម​វិញ ១០ កន្លែង នឹង​ទទួល បាន ១ កន្លែង​ដោយ ឥតគិតថ្លៃ សម្រាប់ តុ​ពិសេស​ថ្លៃ ២២៥០ ដុល្លារ សម្រាប់ ១០ កន្លែង និង​តុ​ធម្មតា ថ្លៃ ១៧១០ ដុល្លារ សម្រាប់ ១០ កន្លែង។

លោក ពិន សារពេជ្ញ បាន​បញ្ជាក់​ថា ភ្ញៀវ​ដែល​រួម​កម្មវិធី​នេះ​មិន​ខុស​បំណង​ឡើយ ដោយ​អ្នក​ទាំង​នោះ​នឹង​ទទួល​អារម្មណ៍​​ពិសេស ហាក់​ដូច​ជា​បាន​ទៅ​ដល់​ប្រទេស​បារាំង​ពិតៗ ។ ទាំង​​អាហារ​ក៏​ដូច​ភេសជ្ជៈ ត្រូវ​បាន​ក្រុម​បច្ចេកទេស រៀបចំ​រចនា​យ៉ាង​ផ្ចិត​ផ្ចង់​បំផុត។

តារា​ខ្មែរ-បារាំង គ្រោង​រួម​គ្នា​សម្ដែងក្នុង​​រាត្រី​សមោសរ​សប្បុរសធម៌

តាម​ការ​គ្រោង​ទុក រាត្រី​សមោសរ​សប្បុរសធម៌​មួយ​នេះ គ្រោង​ទទួល​ភ្ញៀវ​តែ ៣០០នាក់​ប៉ុណ្ណោះ។ ថវិកា​ដែល​​ទទួល​បាន គឺ​សម្រាប់យ​ក​ទៅ​ផ្គត់ផ្គង់​ដល់ ដំណើរការ​កម្មវិធី បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៃ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ “PSE” ទាំង​អស់៕

អត្ថបទ៖ ខុត សីហា