រាជរដ្ឋាភិបាល ប្រកាស​ផ្អាក​ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ឆ្នាំនេះ

ភ្នំពេញ: ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានចេញ​សារាចរ សម្រេច​ផ្អាក​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​ចុ​ណ្យ​អុំទូក រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤​វិច្ឆិកា នៅ​ឆ្នាំនេះ​។ មូលហេតុ ត្រូវបាន​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល លើកឡើងថា ដោយសារតែ​ទឹកទន្លេ​មាន​កម្រិត​ទាប ហើយ​កម្ពុជា បាន និង​កំពុង​ជួបប្រទះ​គ្រោះរាំងស្ងួត​។ សារាចរ ស្តីពី ការផ្អាក ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៥ ត្រូវបាន​សម្តេច​ហ៊ុនសែន ចុះហត្ថលេខា កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៥​។​

​ក្នុង​សារាចរ សម្តេច​ហ៊ុនសែន បាន​លើកឡើងថា ជា​រៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល​តែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ចំនួន ៣ ថ្ងៃ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​ប្រពៃណីជាតិ និង​បន្ត​រក្សា​ទំនៀមទម្លាប់​ដ៏​ប្រពៃ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែលមាន​តាំងពី​យូរលង់​មកហើយ​។ ក្នុងឱកាស​មហោឡារិក​នេះ រាជរដ្ឋាភិបាល​បានរៀបចំ​ពិធី​ប្រណាំង​ទូកង ប​ណ្តែ​ង​ប្រទីប និង​សំ​ព្រះ​ខែ អកអំបុក នៅតាម​ដង​ទន្លេសាប មុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ និង​ដោយឡែក​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ក៏បាន​រៀបចំ​ពិធី​នេះ​ផងដែរ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន លើកឡើងថា ដោយសារ​ឆ្នាំនេះ ទឹកទន្លេ​មាន​កម្រិត​ទាប​ពេក ហើយ​ចំពោះមុខ ព្រះរាជាណាចក្រ​កម្ពុជា បាន និង​កំពុង​ជួបប្រទះ​គ្រោះរាំងស្ងួត ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​ប្រមូលផ្តុំ​កម្លាំង​សរុប មធ្យោបាយ​សរុប ក្នុងការ​ដោះស្រាយ​បញ្ហា​កង្វះខាត​ទឹក សម្រាប់​ស្រូវប្រាំង​ជូន​ប្រជាកសិករ​នៅតាម​ខេត្ត រាជរដ្ឋាភិបាល សូម​ធ្វើ​ការណែនាំ ដូចតទៅ​៖

១-​ផ្អាក​ការរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅតាម​ដង​ទន្លេសាប មុខ​ព្រះបរមរាជវាំង ដែល​គ្រោង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៤ ថ្ងៃទី​២៥ និង​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

២-​ការរៀបចំ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅតាម​ខេត្ត​នានា អាច​ប្រព្រឹត្តទៅ​ជាធម្មតា តាម​ទំនៀមទម្លាប់​ប្រពៃណី និង​តាម​លទ្ធភាព​របស់​អាជ្ញា​ធរ ដែលជា​អ្នករៀបចំ​។​

៣-​ការឈប់​សម្រាក​របស់​មន្ត្រីរាជការ និយោជិត កម្មករ ចំនួន ៣ ថ្ងៃ ក្នុង​ព្រះ​រាជពិធី​នេះ នៅ​រក្សា​ដដែល

៤-​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រាជធានី និង​ខេត្ត ត្រូវ​បន្ត​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​កង្វះខាត​ទឹក ដើម្បី​ជៀសវាង​ការខូចខាត​ផលដំណាំ​របស់​ប្រជាកសិករ​នៅតាម​បណ្តា​ខេត្ត ជាពិសេស​រដូវប្រាំង​ឆ្នាំនេះ។

សូមរម្លឹកថា កាលពីឆ្នាំ២០១២ បន្ទាប់ពីព្រះករុណា សម្តេចព្រះនរោត្តម សីហនុ យាង​ចូលទិវង្គត រាជរដ្ឋាភិបាល​ ក៏បានប្រកាសផ្អាក​រៀបចំព្រះរាជពិធីបុណ្យអុំ​ទូក។ ក្រោយ​មក នៅឆ្នាំ២០១៣ នៅពេលដែលកម្ពុជា ជួបប្រទះគ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ នៅ​ទូទាំង​ប្រទេស​ រាជរដ្ឋាភិបាលក៏ផ្អាក មិនរៀបចំ​ព្រះរាជពិធីបុណ្យអុំទូក​ផងដែរ​។

ដោយ​ឡែក កាលពីឆ្នាំ២០១៤ រាជរដ្ឋាភិបាល បានរៀបចំ​ព្រះរាជពិធីបុណ្យ​អុំទូក នៅ​ទន្លេសាប មុខ​ព្រះបរម​រាជវាំង​​ឡើង​វិញ​៕​