គណៈកម្មការ​ក្រសួងមហាផ្ទៃ​គួរ​អនុវត្តន៍​នីតិវិធី​ច្បាប់​លើ​ជនសង្ស័យ​ឈ្មោះ​ចាយ សារិទ្ធ​

ស្នងការ ស្នងការដ្ឋាន​បុគ្គលិក បណ្តុះបណ្តាល​នៃ បញ្ជាការដ្ឋាន​អង្គរក្ស កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ បានធ្វើកា​បដិសេធ បុគ្គល​ឈ្មោះ ចាយ សារិទ្ធ ដែលជា​ជនសង្ស័យ​ប្រើ​អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ​ថា​មិនមាន​ឈ្មោះ​នៅក្នុង​ក្របខ័ណ្ឌ បញ្ជាការដ្ឋាន​អង្គរក្ស ដូចដែល​នៅក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហេ្វ​ស​ប៊ុ​ក​មួយចំនួន​បាន​ផ្សព្វផ្សាយ​នោះទេ​។ ជាមួយគ្នានេះ បញ្ជាការដ្ឋាន​អង្គរក្ស បានបញ្ជាក់​ទៀតថា នាយ និង​ពលទាហាន​ទាំងអស់​ក្នុង​បញ្ជាការដ្ឋាន​អង្គរក្ស មាន​ភារកិច្ច​ចូលរួម​ថែរក្សា​ការពារ សន្តិសុខ​របៀបរៀបរយ​សង្គម និង​ការពារ​ថ្នាក់ដឹកនាំ​ជាតិ និង​អន្តរជាតិ ពិសេស​ក្នុង​បុព្វហេតុ​ការពារជាតិ​មាតុភូមិ​។​

​ការចេញលិខិត​បដិសេធ​របស់​បញ្ជាការដ្ឋាន​អង្គរក្ស​ក្នុងករណីនេះ ត្រូវគេ​សង្កេតឃើញថា​ធ្វើឡើង​ក្រោយពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ចោទប្រកាន់​បុគ្គល​ឈ្មោះ ចាយ សារិទ្ធ ថា​ជា​ជនសង្ស័យ​ក្នុងករណី​ប្រើប្រាស់​អំពើហិង្សា​យ៉ាង​ព្រៃផ្សៃ​ទៅលើ​តំណាងរាស្ត្រ​ពីររូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ បុគ្គល​ឈ្មោះ ចាយ សារិទ្ធ ត្រូវបាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចោទប្រកាន់​ដោយ​ផ្អែកទៅលើ​រូបភាព និង​វីដេអូ​ដែល​គេ​បាន​កាត់​ចេញពី​សកម្មភាព​ប្រើ​អំពើហិង្សា​យ៉ាង​កំរោល​ទៅលើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​រូបភាព​ជនសង្ស័យ​នៅក្នុង​ឯកសារ​ខាងលើនេះ​មាន​ភិនភាគ​ដូច​ទៅនឹង​បុគ្គល​ឈ្មោះ ចាយ សារិទ្ធ ហើយ​បុគ្គល​ឈ្មោះ ចាយ សារិទ្ធ ក៏ត្រូវ​បាន​គេ​បញ្ជាក់ថា​មាន​តួនាទី​នៅក្នុង​បញ្ជាការដ្ឋាន​អង្គរក្ស​ផងដែរ នេះ​បើ​យោងតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​បាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​។​

​ជុំវិញ​បញ្ហា​នេះ​មជ្ឈដ្ឋាន​ទូទៅ និង​មន្ត្រី​ច្បាប់​បានលើកឡើង​ថាបើ​ទោះជា​បុគ្គល​ឈ្មោះ ចាយ សារិទ្ធ មាន ឬ​គ្មាន​តួនាទី​នៅក្នុង​បញ្ជាការដ្ឋាន​អង្គរក្ស​យ៉ាងណាក៏ដោយ ក៏​សូម​ឲ្យ​គណៈកម្មការ​ពិសេស​របស់​ក្រសួងមហាផ្ទៃ​ក្រោម​ការដឹក​នាំ​របស់លោក ឯម សំអាន ជា​ប្រធាន​គណៈកម្មការ​គួរ​អនុវត្តន៍​តាម​នីតិវិធី និង​បច្ចេកទេស​ស៊ើបអង្កេត​ប្រឆាំងនឹង​ជនសង្ស័យ​ឈ្មោះ ចាយ សារិទ្ធ ឲ្យ​មាន​ប្រសិទ្ធភាព​។ ទន្ទឹមនឹងនេះ ប្រភព​ដដែល​បាន​បញ្ជាក់ថា​នៅមាន​ជនសង្ស័យ​ប្រើ​អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ​ជា​ជាច្រើន​នាក់​ទៀត​នៅក្នុង​រូបភាព និង​វីដេអូ ដែល​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​តាមរយៈ​រូបភាព និង​វីដេអូ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដូច្នេះ​ស្ថាប័ន​ជំនាញ​គួរ​ចាត់វិធានការ​ច្បាប់​ប្រឆាំង​លើ​ជនសង្ស័យ​ទាំងនោះ​៕

11221340_954138771312591_5725373879486922609_n 12046774_441589689371984_4411728403504597015_n 12196069_841422982640847_326240042820883129_n