រាជរដ្ឋាភិបាល សម្រេចផ្អាក ព្រះរាជពិធី បុណ្យអុំទូក ដោយសារទឹកទន្លេ មានកំពស់ទាបពេក

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលគ្រោងធ្វើឡើងនា ថ្ងៃទី២៤-២៥ ខែវិច្ឆិកា ខាងមុខនេះ ដោយសារតែទឹក ទន្លេបូនមុខ នៅមុខព្រះបរមរាជវាំង នៅឆ្នាំនេះមាន កម្រិតទាបពេក ស្របពេល ដែលកម្ពុជា ជួបគ្រោះរាំងស្ងួត តម្រូវឲ្យរាជរដ្ឋាភិបាលត្រៀមលក្ខណៈ ដោះស្រាយបញ្ហាខ្វះទឹកធ្វើស្រូវប្រាំង។

បើទោះបីឆ្នាំ២០១៥នេះ មិនមានការប្រារព្ធ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានី ភ្នំពេញយ៉ាងណាក្តី តែពិធីនេះ នៅតែអនុញ្ញាតឲ្យរៀបចំធ្វើឡើងនៅតាមបណ្តាខេត្តជាធម្មតា តាមទំនៀមទម្លាប់ប្រ ពៃណី និងតាមលទ្ធភាពរបស់អាជ្ញាធរខេត្ត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥។

សេចក្តីជូនដំណឹងនេះ ក៏បានបញ្ជាក់ផងដែរថា ការឈប់សម្រាករបស់មន្រ្តីរាជការ និយោជិត កម្មករ រយៈពេល ០៣ថ្ងៃ នៃព្រះរាជពិធីនេះ នៅរក្សាដដែលតាមប្រតិទិន ឈប់សម្រាករបស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ ២០១៥។

រាជរដ្ឋាភិបាល ក៏បានអំពាវនាវឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ រាជធានី និងខេត្ត ត្រូវបន្ថយចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ក្នុងការជួយដោះស្រាយបញ្ហាកង្វះខាតទឹក ដើម្បីចៀសវាងការខូចខាតផលដំណាំ របស់ប្រជាកសិករនៅតាម បណ្តាខេត្ត ជាពិសេសនៅរដូវប្រាំងឆ្នាំនេះ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ធ្លាប់បានផ្អាក កាលពីឆ្នាំ ២០១១ ២០១២និង២០១៣ ដោយសារបញ្ហាទឹកជំនន់ និងការយាងចូលទិវង្គត របស់ព្រះបរមរតនកោដ្ឋ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ៕

រាជរដ្ឋាភិបាល សម្រេចផ្អាក ព្រះរាជពិធី បុណ្យអុំទូក ដោយសារទឹកទន្លេ មានកំពស់ទាបពេក

រាជរដ្ឋាភិបាល សម្រេចផ្អាក ព្រះរាជពិធី បុណ្យអុំទូក ដោយសារទឹកទន្លេ មានកំពស់ទាបពេក