រដ្ឋាភិបាល​សម្រេច​ផ្អាក​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នៅ​ឆ្នាំ​២០១៥​នេះ

រដ្ឋាភិបាល​កម្ពុជា​សម្រេច​ផ្អាក​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះខែ និង​អកអំបុក ក្នុង​ឆ្នាំ​២០១៥​នេះ។

សារាចរ​របស់​រដ្ឋាភិបាល​ចុះ​ហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​នៅ​ថ្ងៃ​ទី​៣១ ខែ តុលា នេះ​បញ្ជាក់​ថា ដោយសារ​កម្ពស់​ទឹក​ទន្លេ មាន​កម្រិត​ទាប​ពេក ស្រប​ពេល​កំពុង​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត ដែល​ទាមទារ​អោយ​រដ្ឋាភិបាល​ត្រូវ​ប្រមូល​ផ្ដុំ​កម្លាំង មធ្យោបាយ ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​សម្រាប់​ស្រូវ​ប្រាំង​ជូន​ប្រជាកសិករ។

ករណី​នេះ​រដ្ឋាភិបាល​សម្រេច​ផ្អាក​ការរៀបចំ​ព្រះរាជ​ពិធី​បុណ្យ អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះខែ និង​អកអំបុក នៅ​តាម​ដងទន្លេ​សាប​ខាង​មុខ​ព្រះបរមរាជវាំង ដែល​ពិធី​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៤ ២៤ និង​២៦ ខែ វិច្ឆិកា។ ប៉ុន្តែ​ពិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​នៅ​តាម​បណ្ដា​ខេត្ត​នានា ទៅ​តាម​លទ្ធភាព​នៃ​អាជ្ញាធរ​ខេត្ត​ដែល​ជា​អ្នក​រៀបចំ។

បើ​ទោះ​ជា​យ៉ាងណា​ការ​ឈប់​សម្រាក​របស់​មន្ត្រី​រាជការ និយោជិត កម្មករ ចំនួន​៣​ថ្ងៃ ក្នុង​ព្រះ​រាជពិធី​នេះ​នៅ​រក្សា​ដដែល។

ស្រប​គ្នា​នេះ​រដ្ឋាភិបាល​បាន​ជំរុញ​អោយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រាជធានី និង​ខេត្ត យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​សម្រាប់​កសិករ។

រដ្ឋាភិបាល​ធ្លាប់​ប្រកាស​ផ្អាក​ព្រះរាជ​ពិធី​បុណ្យ អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះខែ និង​អកអំបុក​នៅ​រាជធានី​ភ្នំពេញ រយៈពេល​៣​ឆ្នាំ​ចាប់​ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៣ បន្ទាប់​ពី​មាន​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះពេជ្រ​កាល​ពី​យប់​ថ្ងៃ​បង្ហើយ​នៃ​ព្រះ​រាជពិធី​នេះ​កាល​ពី​ថ្ងៃទី​២២ ខែ វិច្ឆិកា​ ឆ្នាំ​២០១០ ធ្វើ​អោយ​មនុស្សស្លាប់​ជាង​៣០០​នាក់ និង​របួស​ជា​ច្រើ​នាក់។ ព្រះ​រាជ​ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើងវិញ​កាល​ពី​ឆ្នាំ​២០១៤ ដោយ​មាន​ការ​រឹត​បន្តឹង​សុវត្ថិភាព តាមរយៈ​ការ​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​រាប់​ពាន់នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។