ប្រធាន​ស្នាក់ការ​បរិស្ថាន ឃុំ​ពពក ស្រុក​ស្ទោង ខេត្តកំពង់ធំ ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​

​បទល្មើស​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តកំពង់ធំ ត្រូវបាន​គេ​ដឹងថា​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ស្នាក់ការ​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផងដែរ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា​មន្ត្រី​បរិស្ថាន​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ តែងតែ​ឃុបឃិត​បើកដៃ​ឲ្យ​ជនល្មើស​ធំៗ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ផ្ទុយទៅវិញ​នៅពេល​ប្រជាពលរដ្ឋ​ដឹកឈើ​បន្តិចបន្តួច​តាម​រទេះគោ​ក្របី​មក​ជួសជុលផ្ទះ​ឬ​ដឹកអុស បែរជា​ត្រូវ​មន្ត្រី​បរិស្ថាន​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឃុបឃិត​គ្នា​គាបសង្កត់​ជំរិត​យកលុយ​តាម​អំពើ​ចិត្ត​។

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ពពក ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​ឈ្មោះ សៀវ ដែលជា​ប្រធាន​ស្នាក់ការ​បរិស្ថាន​ឃុំ​ពពក ស្រុក​ស្ទោង តែងតែ​ជំរិត​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅពេល​ពួកគាត់​ដឹកឈើ​តូចៗ​មក​ជួសជុលផ្ទះ​ឬ​ដឹកអុស​ពី​ព្រៃ​យកមក​ទុក​ដុត ត្រូវបាន​ឈ្មោះ សៀវ បង្ខំ​ឲ្យ​បង់លុយ​ក្នុង​មួយ​រទេះ​១០​ម៉ឺន​រៀល ដោយ​ពុំមាន​ការយោគយល់​ឡើយ​។ ចំណែក​ក្រុម​ជនល្មើស​និង​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​តាម​គោយន្ត​យ៉ាង​អនាធិបតេយ្យ​មិនដែល​ឃើញ​លោក សៀវ ប្រធាន​ស្នាក់ការ​បរិស្ថាន​ឃុំ​ពពក ស្រុក​ស្ទោង ចាត់វិធានការ​ទប់ស្កាត់​ឬ​ជំរិត​យកលុយ​នោះទេ ដោយមាន​ឃុបឃិត​ជា​ប្រព័ន្ធ​។

​ប្រជាពលរដ្ឋ​នៅ​ឃុំ​ពពក ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​អំពាវនាវ​ឲ្យ​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ ចាត់វិធានការ​ទៅលើ​ឈ្មោះ សៀវ ប្រធាន​ស្នាក់ការ​បរិស្ថាន​ភូមិ​ពពក ជាបន្ទាន់​។ ដោយហេតុថា​មន្ត្រី​បរិស្ថាន​រូបនេះ ធ្វើបាប​គាបសង្កត់​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​នៅក្នុង​ឃុំ​ពពក ស្រុក​ស្ទោង តាម​អំពើ​ចិត្ត​។ ប្រសិនបើ​គ្មាន​វិធានការ​ទៅលើ​លោក សៀវ ប្រធាន​ស្នាក់ការ​បរិស្ថាន ឃុំ​ពពក ស្រុក​ស្ទោង ទេនោះ​គឺ​បុគ្គល​នេះ នឹង​បន្ត​ធ្វើបាប​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​ស្លូតត្រង់​តាម​អំពើ​ចិត្ត​ជាមិនខាន​៕

Image181-600x439លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ 12193304_1643386705925111_1819516572360143662_n 11666274_1643386675925114_7165984034144843902_n