អភិបាលស្រុក​រវៀង និង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តព្រះវិហារ​រង​ការរិះគន់​បើកដៃ​ឲ្យ​ជីក​រ៉ែ​មាស​

​បើទោះជា​លោក គង់ មករា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តព្រះវិហារ ព្រមទាំង អភិបាលស្រុក​រវៀង ខេត្តព្រះវិហារ លោក ឯ សារ៉ូ បាន​អះអាងថា បាន​សហការ​ជាមួយ​សមត្ថកិច្ច​ស្រុក ចុះ​ហាមឃាត់​ការ​បូម​ជីក​រ៉ែ​មាស​យ៉ាង​អនាធិបតេយ្យ​ចំនួន​២​ដង​មកហើយ​ក៏ដោយ ក៏​បញ្ហា​នេះ​ត្រូវគេ​សង្កេតឃើញ​នៅតែ​កើតមានឡើង​ដដែល​។ ជាងនេះទៅទៀត​សកម្មជន​បរិស្ថាន នៅ​ខេត្តព្រះវិហារ​បាន​អះអាងថា ពាក់​ព័​ន្ឋ​ទៅនឹង​ការកាយ​បូម​ដី​រក​រ៉ែ​អនាធិបតេយ្យ​នៅក្នុង​ស្រុក​រវៀង ខេត្តព្រះវិហារ ប្រជាពលរដ្ឋ​បាន​បំភ្លឺថា​ពួកគេ បាន​បង់ប្រាក់​ជូន​អភិបាលស្រុក និង​លោក​ប្រធាន​មន្ទីរ ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត​អស់ហើយ ទើប​ពួកគេ​អាចធ្វើ​សកម្មភាព​បាន​ដូច​សព្វថ្ងៃនេះ​។​

​សកម្មជន​បរិស្ថាន​នៅ​ខេត្តព្រះវិហារ បាន​រៀបរាប់ថា នៅក្បែរ​ផ្លូវជាតិ​លេខ ៦២ ត្រង់ចំណុច​ភូមិ​ភ្នំ​ដែក ឃុំ​រមណី ស្រុក​រវៀង ខេត្តព្រះវិហារ គេ​ឃើញ​មាន​ប្រជាពលរដ្ឋ ខ្មែរ រួមទាំង​ជនជាតិ​ចិន​ផង​បាននិងកំពុង​នាំគ្នា​កាយ​គាស់​ដី​ក្រហេងក្រហូង​កាយ​បូម​រក​រ៉ែ​មាស​យ៉ាង​អនាធិបតេយ្យ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ការរុករក​រ៉ែ​មាស​យ៉ាង​អនាធិបតេយ្យ​ហាក់បីដូចជា​ពួកគេ​មានច្បាប់​ទម្លាប់​ព្រោះ​គេ​មិនឃើញ មាន​សមត្ថកិច្ច​ណា​ហាមឃាត់​ឡើយ​។ សកម្មភាព​គឃ្លើន​នេះ​ធ្វើ​ឲ្យ​មានការ​សង្ស័យថា​អាជ្ញាធរ​ស្រុក​រវៀង​ដែលមាន​លោក ឯ សារ៉ូ ជា​អភិបាលស្រុក ព្រមទាំង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តព្រះវិហារ បានទទួល​លាភសក្ការៈ​ហើយ ទើប​គ្មាន​ការទប់ស្កាត់​។​

​ក្នុង​សកម្មភាព​បំផ្លាញ​រ៉ែ​មាស​នៅ​ស្រុក​រវៀង ខេត្តព្រះវិហារ ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា ពួកគាត់​អាច រក​មួយថ្ងៃ​បាន ១​ហ៊ុន ទៅ​២​ហ៊ុន គិត​ជា​ទឹកប្រាក់​១០​ម៉ឺន​រៀល ហើយ​កាត់ថ្លៃ​បង់ពន្ធ​ក្រៅ​ផ្លូវច្បាប់​ទៅ​គឺ​នៅសល់​តិចតួច​ណាស់ តែដោយសារ​ពួកគាត់​គ្មាន​មុខរបរ ទើប​នាំ​ប្រព​ន្ឋ​កូន​មក​បូម​រ៉ែ​មាស​ដើម្បី​បាន​ចំណូល​ខ្លះ​។ ចំពោះមុខ​បញ្ហា​នេះ ពលរដ្ឋ និង​មន្ត្រីរាជការ​នៅ​ខេត្តព្រះវិហារ​បានលើកឡើង​ថា​រដ្ឋាភិបាល​គួរ​ត្រួតពិនិត្យ​ពី​ភាពមិនប្រក្រតី​នេះ​ឡើងវិញ បើ​មិន​ដូច​ច្នេះ​ទេ ភាពអនាធិបតេយ្យ​នៅតែ​កើតមាន​ដដែល ហើយ​ថវិកាជាតិ​ក៏​ខាតបង់​ផងដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​ចង់បង្ហាញ​ភាព​ស្អាតស្អំ​របស់ខ្លួន លោក គង់ មករា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តព្រះវិហារ ព្រមទាំង អភិបាលស្រុក​រវៀង ខេត្តព្រះវិហារ លោក ឯ សារ៉ូ គួរ​ទប់ស្កាត់ និង​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឲ្យ​បាន​ឆាប់ និង​មាន​ប្រសិទ្ធភាព ដើម្បី​ធ្វើ​ឲ្យ​មានការ​ជឿជាក់​ពី​ប្រជាពលរដ្ឋ​ឡើងវិញ​៕

mine-Phnom-preuk1-500x335