អាជីវករ ប្រជាពលរដ្ឋ ស្វែងយល់ពីនីតិវិធី ពាក់ព័ន្ធ គយ និងរដ្ឋាករ កាន់តែងាយស្រួល ជាមួយគេហទំព័រ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា បានដាក់ដំណើរការ គេហទំព័រថ្មីរបស់ខ្លួន ដោយបានបញ្ចូលបណ្តុំព័ត៌ មាន ទិន្នន័យជាច្រើន ពាក់ព័ន្ធទៅនិងនីតិវិធី ក្នុងការបង់ពន្ធអាករ ការនាំចេញនាំចូលទំនិញ ក៏ដូចជាការទូទាត់តម្លៃពន្ធលើទំនិញផ្សេងៗជាដើម។

មន្រ្តីគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា គេហទំព័រថ្មីនេះ នឹងជួយឲ្យអាជីវករ និង ប្រជាពលរដ្ឋ កាន់តែងាយស្រួលក្នុងការចូលទៅស្វែងរកនូវទិន្នន័យ ក៏ដូចជាព័ត៌មានស្តីអំពីច្បាប់ និងនីតិវិធីជាច្រើន ពាក់ព័ន្ធការបង់ពន្ធ ការទូទាត់ពន្ធអាករជាដើម។

មន្រ្តីគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា គេហទំព័រនេះ នឹងលាតត្រដាងទាំងអស់ នូវតារាងតម្លៃទូទាត់ពន្ធ និងនីតិវិធី ដែលពាក់ព័ន្ធពន្ធអាករ ដោយគ្មានអ្វីជាអាថ៌កំបាំង ដែលនាំឲ្យប្រជាពលរដ្ឋសង្ស័យពីភាពមិនប្រក្រតីនៅក្នុងស្ថាប័នមួយនេះឡើយ។

មន្រ្តីគយ និងរដ្ឋាករ ក៏បានអំពាវនាវដល់អ្នកជំនួញ អាជីវករ និងប្រជាពលរដ្ឋព្យាយាមស្វែងយល់អំពីនីតិវិធី និងច្បាប់នានា ពាក់ព័ន្ធគយ និងរដ្ឋាករ ហើយត្រូវទៅស្វែងរកសេវាដោយផ្ទាល់ ជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចៀសវាងការពឹងពាក់អ្នកបម្រើសេវាខាងក្រៅ ដែលនាំឲ្យមានការចំណាយកម្រៃសេវា ក្រៅផ្លូវការខ្ពស់។

ដើម្បីជ្រាបកាន់តែច្បាប់អំពីច្បាប់ និងនីតិវិធី ពាក់ព័ន្ធទៅនឹង គយ និងរដ្ឋាករ សូមចូលទៅកាន់គេហទំព័រ៖ www.customs.gov.kh

អាជីវករ ប្រជាពលរដ្ឋ ស្វែងយល់ពីនីតិវិធី ពាក់ព័ន្ធ គយ និងរដ្ឋាករ កាន់តែងាយស្រួល ជាមួយគេហទំព័រ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ