ទី​ដែល​ធ្លាប់​ជូរចត់​ខ្លោចផ្សារ​ជំនាន់​ប៉ុលពត​៖ ហែ​កឋិន​ទៅ​វត្ត ហើយ​អហោ​សកម្ម​

បន្ទាយមានជ័យ: ទី​ដែល​ធ្លាប់​ជូរចត់​កំសត់​ខ្លោចផ្សារ កាល​ជំនាន់​ខ្មែរក្រហម​ប៉ុលពត អៀង​សារី ខៀវ​សំផន នៅពេលនេះ ទើប​សប្បុរសជន​ជាច្រើន​ក្រុម បាន​មូលមតិ​គ្នា​ធ្វើ​អង្គ​កឋិនទាន​សាមគ្គី ពី​ទីកន្លែង​ផ្សេងៗ ហែ​កឋិន​ទៅ​វត្ត ហើយ​បាន​អហោ​សកម្ម​។ ទីនោះ គឺ​វត្តភ្នំ​ទ្រ​លោក ស្ថិតនៅលើ​ភូមិ​ភ្នំ​ទ្រ​លោក ឃុំ​ភ្នំ​លៀប ស្រុក​ព្រះ​នេត្រ ព្រះ​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​៣០​តុលា ឆ្នាំ​២០១៥​។​
    
​ក្នុងចំណោម​មក​ចាស់​អង្គ​កឋិន​សាមគ្គី​នោះ ក៏មាន​អង្គ​កឋិនទាន​ផ្តួចផ្តើម​ដោយ​ឧបាសិកា ស៊ីវ​ហ្គិ​ច អ្នកស្រី​លាភ រ៉ានី និង​លោក ឡោ ប៊ុន​ពេជ្រ នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ នៃ​សាលាខេត្ត​បន្ទាយមានជ័យ​ផងដែរ​។​
    
​លោក ប្រាក់ សុ​ភ័ត អនុប្រធាន​មន្ទីរ​ធម្មការ និង​កិច្ចការ​សាសនា ខេត្តបន្ទាយមានជ័យ និង​ជា​អាចារ្យ​ថ្នាក់​ខេត្ត អោយដឹងថា អង្គ​កឋិនទាន​សាមគ្គី​ដង្ហែ​ទៅ​វត្តភ្នំ​ទ្រ​លោក​លើ​នោះ មាន​ច្រើន​ក្រុម ដូចជា ពុទ្ធបរិស័ទ​នៅ​ក្រុង​សិរីសោភ័ណ នៅ​ស្រុក​ព្រះនេត្រព្រះ នៅ​ចំណុះជើងវត្ត នៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប និង​អាណិកជន​ខ្មែរ មកពី​សហរដ្ឋអាមេរិក និង​បារាំង​ផងដែរ​។​
 
​បច្ច័យ​កសាង​វត្ត គឺ​ប្រមូលបាន​ជាង ៤៤​លាន​រៀល សី​ម៉​ង់​ត៍​ជាង ១០​តោន​។ ក៏មាន​បច្ច័យ​សង្កត់​ត្រ័យ ដែល​ត្រូវ​ប្រគេន​ព្រះសង្ឃ​ចំនួន ៥​អង្គ ប្រើប្រាស​ផ្ទាល់ខ្លួន​ដែរ គឺ ១​អង្គៗ ប្រគេន ១៥ ម៉ឺន​រៀល​។​
    
​លោក ឡោ ប៊ុន​ពេជ្រ និយាយ​ពី​បុព្វហេតុ​នៃ​បុណ្យកឋិន​តាម​ប្រពៃណី​។ លោក​ក៏​លើកឡើង​ភ្ជាប់​នឹង​អនុស្សាវរីយ៍​កំសត់​ជូរចត់​ឈឺចាប់ ការសម្លាប់​ជីវិត​របស់​ម្តាយ ម្តាយក្មេក​លោក និង​បងប្អូន​ប្រជាជន​ទាសករ​កម្ពុជា ដែល​រស់នៅ​ទីនោះ ជំនាន់​ប៉ុលពត អៀង​សារី ខៀវ​សំផន​។ ហេតុនេះ ទើប​លោក និង​ក្រុមគ្រួសារ និង​សប្បុរសជន​ពុទ្ធបរិស័ទ មូលមតិ​គ្នា​ដង្ហែ​កឋិន​មក​វត្ត ដែលជា​កន្លែង​កាប់សម្លាប់​មនុស្ស ក្នុងសម័យ​ខ្មែរក្រហម​៕

ទី​ដែល​ធ្លាប់​ជូរចត់​ខ្លោចផ្សារ​ជំនាន់​ប៉ុលពត​៖ ហែ​កឋិន​ទៅ​វត្ត ហើយ​អហោ​សកម្ម​

ទី​ដែល​ធ្លាប់​ជូរចត់​ខ្លោចផ្សារ​ជំនាន់​ប៉ុលពត​៖ ហែ​កឋិន​ទៅ​វត្ត ហើយ​អហោ​សកម្ម​

ទី​ដែល​ធ្លាប់​ជូរចត់​ខ្លោចផ្សារ​ជំនាន់​ប៉ុលពត​៖ ហែ​កឋិន​ទៅ​វត្ត ហើយ​អហោ​សកម្ម​
​ហែ​កឋិន​ទៅ​វត្ត​នៅ​ទី​អនុស្សាវរីយ៍​ជូ​ចត់ ឈឺចាប់ ប៊ិះ​ស្លាប់​ជំនាន់​ប៉ុលពត​(​រូប​:​សូ​ផុន​)​