លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ឧបត្ថម្ភ​កង់ និង​ផ្តល់ប្រាក់​ប្រចាំខែ ​ដល់​សិស្ស​អតីត​រើស​អេតចាយ ចំនួន ៥ នាក់​

​សៀមរាប: នេះ​មិនមែន​ជាការ​ចៃដន្យ​សំរាប់​សិស្ស ឬក៏​ប្រជាពលរដ្ឋ​ណា​ម្នាក់​ទេ ប៉ុន្តែ​នេះ គឺជា​ទង្វើ ដែល​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ និង​ក្រុមគ្រួសារ តែងតែ​ធ្វើឡើង​ក្នុងនាម​មនុស្សធម៌ តាំងពីដើម​រៀងមក ហើយ​ភាពជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៥​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​មេបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ បានផ្តល់​កង់​ចំនួន ៥​គ្រឿង និង​ឧបត្ថម្ភ​ថវិកា​ដល់​សិស្ស ដែលជា​អតីត​អ្នក​រើស​អេតចាយ នៅតាម​ទីសាធារណៈ​ចំនួន ៥​រូប​។
​    ​
​កង់ និង​ថវិកា ដែល​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ឧបត្ថម្ភ​ដល់​សិស្ស​អតីត​អ្នក​រើស​អេ​ត ចាយ​ខាងលើនេះ ធ្វើឡើង​នៅ​ភោជនីយដ្ឋាន PTT ក្រុង​សៀមរាប ខេត្តសៀមរាប បន្ទាប់ពី​សិស្ស និង រូប​នាយ​បានទទួល​ទាន​អាហារ​ជាមួយគ្នា​រួចមក​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង រ៉ា ជំនួយការ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ និង​ជា​មេបញ្ជាការរង​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ ទី​៤ បាន​ឲ្យ​ដឹងថា សិស្ស​ទាំង ៥​រូប គឺមាន​ឈ្មោះ​ទី​១.​ស្រី ខន ភេទ​ស្រី អាយុ ១២​ឆ្នាំ រៀន​ថ្នាក់​ទី​៦ ជាប់​ចំណាត់ ថ្នាក់​ប្រចាំ​លេខ​២, ទី​២.​វរៈ ស្រី​រ៉ុ​ម ភេទ​ស្រី អាយុ​១៤​ឆ្នាំ រៀន​ថ្នាក់​ទី​៥ ជាប់​ចំ​ណាត​ថ្នាក់​ប្រចាំឆ្នាំ លេខ​១០, ទី​៣.​ផាត ពៅ ភេទ​ស្រី អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៣ ជាប់​ចំណាត់ថ្នាក់​ប្រចាំឆ្នាំ​លេខ​១, ទី​៤.​ផាត មោ​ន ភេទ​ស្រី អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៤ ជាប់​ចំណាត់ថ្នាក់​ប្រចាំឆ្នាំ​លេខ​១៣ និង​ទី​៥. ទឹម ប៊ុន​ណេង ភេទ​ប្រុស អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៥ ជាប់​ចំណាត់ថ្នាក់​ប្រចាំឆ្នាំ​លេខ​៤៣​។ ពួកគេ​ទាំងអស់ រៀន​នៅ​សាលាបឋមសិក្សា​បន្ទាយ​ចាស់ ស្ថិតនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង សៀមរាប និង​ស្នាក់នៅ​ភូមិ​សង្កាត់​ខាងលើ​។
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍ ខេង រ៉ា បាន​ប្រាប់​អ្នកកាសែត​ថា សិស្ស​តូចៗ​ខាងលើ គឺ​ត្រូវបាន​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួប​ពួកគេ​ដំបូង នៅ​ភោជនីយដ្ឋាន​PTT ក្នុង​ក្រុង​សៀមរាប ជាច្រើន​ឆ្នាំមុន ខណៈពេលដែល​ពួកគេ មក​រើស​អេតចាយ ហើយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បានឃើញ និង​សួរ​ពី​ប្រវត្តិ និង​បាន​ឧបត្ថម្ភ​អាហារ​ពេលព្រឹក​ជា​រៀងរាល់ថ្ងៃ និង​ឲ្យ​ក្មេងៗ​ទាំងនោះ ទៅ​ចុះឈ្មោះ​ចូលរៀន​ចាប់ ពី​ពេល​នោះមក​។​
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍ ខេង រ៉ា បាន​បញ្ជាក់ថា ក្រៅពី​ឧបត្ថម្ភ​អាហារ​ពេលព្រឹក​ប្រចាំថ្ងៃ លោក​ក៏​ផ្តល់​ថ​វិ កា​ប្រចាំខែ ចំនួន ២០$ ជា​រៀងរាល់ខែ និង​ឲ្យ​ក្មេងៗ ឈប់​រើស​អេតចាយ​បន្តទៅទៀត និង​ចុងក្រោយ​បាន​សន្យាថា បើ​ក្មេងៗ​រៀន​ជាប់​ចំណាត់​ពី​លេខ​១ ដល់​លេខ​៣ ប្រចាំឆ្នាំ និង​ផ្តល់​កង់​ម្នាក់​០១​គ្រឿង​។ ប៉ុន្តែ​នៅថ្ងៃនេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សម្រេច​ផ្តល់​កង់​ចំនួន ៥​គ្រឿង ដោយ​មួយគ្រឿង​តម្លៃ ៧៥ ដុល្លារ និង​ឧបត្ថម្ភ​សំរាប់​ខែវិច្ឆិកា​នេះ ២០$ ក្នុង​នាក់​។
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ នា​ឪ​កាស​នោះ ក៏បាន​ប្រាប់​ដល់​ក្មេងៗ អតីត​អ្នក​រើស​អេតចាយ​ថា ឆ្នាំក្រោយ គឺ​រូបគាត់ នឹង​ផ្តល់​កង់​ដល់​សិស្ស​ណា ដែល​រៀន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៣  ធ្វើ​ដូចនេះ គឺ​ដើម្បី​ឲ្យ​ពួកគេ​ប្រណាំងប្រជែង​ក្នុងការ​រៀនសូត្រ​។ ក្មេងៗ​ទាំងនោះ ក៏បាន​សន្យា​ចំពោះមុខ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ថា​នឹង​ខិតខំ​រៀន ហើយ​លុយ​ដែល​ឧបត្ថម្ភ​ប្រចាំខែ យកទៅ​ឲ្យ​ឪពុកម្តាយ ដើម្បី​ដោះស្រាយ​ជីវភាព​៕

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ឧបត្ថម្ភ​កង់ និង​ផ្តល់ប្រាក់​ប្រចាំខែ  ​ដល់​សិស្ស​អតីត​រើស​អេតចាយ ចំនួន ៥ នាក់​

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ឧបត្ថម្ភ​កង់ និង​ផ្តល់ប្រាក់​ប្រចាំខែ  ​ដល់​សិស្ស​អតីត​រើស​អេតចាយ ចំនួន ៥ នាក់​

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ឧបត្ថម្ភ​កង់ និង​ផ្តល់ប្រាក់​ប្រចាំខែ  ​ដល់​សិស្ស​អតីត​រើស​អេតចាយ ចំនួន ៥ នាក់​
​រូបភាព​៖​មិនមែន​ជាការ​ចៃដន្យ​ទេ គឺ​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ បានផ្តល់​កង់​៥​គ្រឿង និង​ឧ​ប​ត្ថ ម្ភ​ប្រាក់​២០$​ប្រចាំខែ​ដល់​សិស្ស អតីត​អ្នក​រើស​អេតចាយ​ចំនួន​៥​រូប​៕​ច​ន្ទ័​គារ​