ស្នេហា​នំ​ធំ​ជាង​នាឡិ ថ្ងៃ​ចូល​រោងការ​ឪពុក​ម្ដាយ​ខាង​ស្រី​តាម​បំបែក ផ្អើល​អស់​ភ្ញៀវ

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​មួយគូ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ស្នេហ៍​នំ​ធំ​ជាង​នាឡិ​នោះ បាន​បង្កើត​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​តែ​ពួក​គេ​បាន​ស្រលាញ់​គ្នា​យ៉ាង​ស្អិតរ​មួ​ត​បេះ​មិន​ចេញ ហើយ​កន្លង​មក ឪពុក​ម្ដាយ​ខាង​ស្រី មិន​ឯកភាព​ឱ្យ​អ្នក​ទាំង​២​រស់នៅ​ជាមួយ​គ្នា​ទេ និង​បាន​តាម​បំបែក​ជា​បន្តបន្ទាប់​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ប៉ុន្តែ​មិន​អាច​បំបែកពួក​គេ​បាន​ឡើយ ។

ទីបំផុត​អ្នក​ទាំង​២ បាន​សម្រេចចិត្ត​ចូល​រោងការ​ដោយ​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង ពី​សំណាក់​ឪពុក​ម្ដាយ​ខាង​ប្រុស ដែល​នៅ​ក្នុង​ពិធី​មង្គលការ​នោះ បាន​រៀបចំ​ឡើង​យ៉ាង​អធិក​អ​ធ័​ម​ទៅ​តាម​ប្រពៃណី​ខ្មែរ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​សាច់ញាតិ និង​ភ្ញៀវ​យ៉ាងច្រើន​កុះករ ប៉ុន្តែ​មិន​មាន​វត្តមាន​ឪពុក​ម្ដាយ​ខាង​ស្រី​ចូលរួម​ឡើយ ។

ពិធី​មង្គលការ​នោះ បាន​ប្រព្រឹត្ត​ទៅ​កាលពី​វេលា​ព្រឹក​ថ្ង​ទី​៣០ តុលា ២០១៥ ស្ថិត​នៅ​ក្នុងភូមិ​សាមគ្គី​ទី​៣ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ ។ ក្នុង​ខណៈ​ដែល​ពិធី​កំពុង​តែ​ប្រព្រឹត្ត​ទៅ​ក្នុង​ភាព​សប្បាយ​រីករាយ ស្រាប់តែ​លេចមុខ​ឪពុក​ម្ដាយ​ខាង​ស្រី ទៅ​ដល់​ស្ទុះ​ទៅ​ចាប់ដៃ​កូនស្រី​ទាញ​ឱ្យ​ឡើង​រថយន្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ ជាមួយ​ពួក​គាត់ និង​បដិសេធន៍​ដាច់ខាត
មិន​ឱ្យ​កូន​រៀប​ការ​ឡើយ ។ ប៉ុន្តែ​ពេល​នោះ​នាង​មិន​ព្រមទៅ​ជាមួយ​ទេ និង​បាន​ស្ទុះ​ទៅ​ឱប​យុវជន​ដែល​ជា​អនាគត​ស្វាមី ដោយ​ការ យំ​ស្រែក «​សូម​ម៉ែ កុំ​បំបែក​កូន​ទាំង​ពីរ​អី ខ្ញុំ​ទាំង​២​នាក់​សុខចិត្ដ​ស្លាប់​រស់​ជាមួយ​គ្នា​ហើយ​» ។

ចំណែក​ភ្ញៀវ ដែល​ចូលរួម​ម្នាក់​ៗ​មាន​សភាព​ស្រឡាំងកាំង​រក​និយាយ​មិន​ចេញ​ឡើយ បន្ទាប់​មក​នាង​បាន​ដឹក​ដៃ​កូន​ក​ម្លោះ​ធ្វើ​ដំណើរ​ទៅ​កាន់​សាលាសង្កាត់ ត្រពាំង​ក្រសាំង ទាំង​សម្លៀក​បំពាក់​កូនក្រមុំ​យ៉ាង​ស្រស់​ស្អាត ដើម្បី​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ និង​សុំ
ឱ្យ​អាជ្ញាធរ​បំពេញ​យាម​បំណង ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ឱ្យ​ពួក​គេ ។

គូស្នេហ៍​មួយគូ​នោះ កូនកំលោះ​ឈ្មោះ អឿ​ន វិសាល អាយុ​២៣​ឆ្នាំ ទើបតែ​ប្រឡង​បាក់​ឌុ​ប​ជាប់​នៅ​ឆ្នាំ​២០១៥ និង​ជា​អ្នក​រស់នៅ រាជធានី​ភ្នំពេញ ចំណែក​កូនក្រមុំ​ឈ្មោះ​លី គឹ​ម​អឿ​ន អាយុ​២៣​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៤ មាន​ទីលំនៅ​ភូមិ​ថ្ម​ស ឃុំ​ថ្ម​ស ស្រុក​បទុម​សាគរ ខេត្ដកោះកុង និង​បាន​មក​ស្នាក់​នៅ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​ដែរ ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា ពន្លក​ស្នេហ៍​ក​ម្លោះ​អឿ​ន វិសាល និង​ក្រមុំ លី គឹ​ម​អឿ​ន បាន​ដុះ​ឡើងជា​យូរ​មក​ហើយ ខណៈ​នាង​ចាក​ចេញពី​ស្រុក​កំណើត​មក​ស្នាក់​នៅ​សិក្សា​នៅ​រាជធានី​ភ្នំពេញ ហើយ​ការ​ស្រលាញ់​គ្នា​នេះ មាន​ភាព​ស្អិតរ​មួ​ត​បេះ​មិន​ដាច់ និង​ស្មោះស្ម័គ្រ​រវាង​គ្នា​និង​គ្នា ។ បើ​ទោះបីជា​ស្លាប់ ក៏​មិន​បែក​គ្នា​ដែរ ។ មិន​តែ​បុ​ណ្ណោះ ឪពុក​ម្ដាយ​ខាង​ប្រុស បាន​ពេញចិត្ត​នៅ​ពេល បានឃើញ​កូន​ស្រលាញ់​គ្នា​បែប​នេះ ។ ប៉ុន្តែ​ចំណែក​ឪពុក​ម្ដាយ​ខាង​ស្រី មិន​បាន​ពេញចិត្ត​នោះ​ទេ ហើយ​មូលហេតុ​អ្វី​មិន​មាន​នរណា​បានដឹង​ឡើយ ហើយ​ឪពុក​-​ម្ដាយ​ខាង​ស្រី បាន​ព្យាយាម​បំបែក​មិន​ឲ្យ​ស្រលាញ់​គ្នា​នោះ​ទេ ប៉ុន្តែ​ទោះបី​បែប​ណា មិន​អាច​បំបែក​ពួ​ល​គេ ទាំង​ពីរ​នាក់​បាន​ឡើយ​។

រហូត​ដល់​ថ្ងៃ​ចូល​រោងការ ឪពុក​-​ម្ដាយ​ខាង​ស្រី​នៅ​តែ​ខឹង​ច្រឡោត​និង​បដិសេធ​យ៉ាង​ដាច់ខាត​មិន​ឱ្យ​កូនស្រី​របស់​ខ្លួន​រៀប​ការ​ជាមួយ​កំលោះ អឿ​ន វិសាល នោះ​ឡើយ ។ បើ​ទោះបី​ស្ថិត​ក្នុង​រូបភាព​ណា​ក៏​ដោយ នៅ​ខណៈនោះ​ដោយសារ​តែ​ដោះស្រាយ​គ្នា​នៅ​រោងការ​មិន​ត្រូវ​គ្នា ទើប​នាំ​គ្នា​ទៅ​សាលាសង្កាត់​ត្រពាំង​ក្រសាំង ។ ម្យ៉ាងទៀត ទោះជា​ពិធី​មង្គលការ នៅ​មិន​ទាន់​បាន​ចប់​ទើប​ដល់​ត្រឹម​វគ្គ​ហែរ​ជំនូន​ក្ដី ដោយ​ជួប​ការ​លំបាក ហើយ​គូស្នេហ៍​ទាំង​២​បាន​សុំ​ឱ្យ​មន្ដ្រីសង្កាត់​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ពួក​គេ​ទាំង​២​នាក់​ឱ្យ​ក្លាយទៅជា​ប្ដី​ប្រពន្ធ​ស្របច្បាប់​តែ​ម្ដង ។

ក្រោយ​ពេល​ទៅ​ដល់​សាលាសង្កាត់ មន្ត្រីសង្កាត់​បាន​ធ្វើការ​សម្របសម្រួល ព្រមទាំង​ពន្យល់​ដល់​ឪពុក​ម្ដាយ​ខាង​ស្រី រហូត​ពួក​គាត់​បាន​យល់​ច្បាស់ ទើប​ពួក​គាត់​ស្ងប់ចិត្ត ហើយ​បន្ត​ពិធី​មង្គលការ​នោះ រហូត​ចប់​ចុង​ចប់​ដើម ៕