ក្រសួងការងារ ប្រកាសផ្តល់ ឱកាសការងារ ជាង៧កន្លែង សម្រាប់អ្នក ស្វែងរកការងារធ្វើ

ភ្នំពេញ៖ តាមរយៈ ទីភ្នាក់ងារជាតិនិងមុខរបរ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសផ្តល់ឱកាសការងារ ដល់យុវជន សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើទាំងអស់ ប្រមាណជាង៧ពាន់កន្លែង ដើម្បីដោះស្រាយ បញ្ហាអត់ការងារធ្វើរបស់ប្រជាពលរដ្ឋ។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសនឹងរៀបចំពិព័រណ៍ការងារថ្នាក់ជាតិ លើកទី៥ នៅរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ខាងមុខនេះ ដើម្បីផ្តល់លទ្ធភាព កាន់តែងាយស្រួល ដល់ក្រុមអ្នក ស្វែងរកការងារធ្វើមានឱកាស ជួបជាមួយក្រុមហ៊ុន នឹងដាក់ពាក្យចូលបំរើការងារដោយផ្ទាល់ ព្រមទាំងទទួលបាន ការណែនាំអាជីព សម្រាប់ការអប់រំបណ្តុះបណ្តាលជំនាញ ដែលមានតម្រូវការទីផ្សារ។

លោក ហៃ ហ៊ុនឡេន អនុប្រធានទីភ្នាក់ងារជាតិមុខរបរ បានមានប្រសាសន៍ថា ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៣០ ខែតុលា នៅទីភ្នាក់ងារមុខរបរថា គណៈកម្មាធិការជាតិបណ្តុះបណ្តាល សហការជាមួយ សហភាពសព័ន្ធយុវជនកម្ពុជា បាននឹងរៀបចំពិព័រណ៍ ការងារថ្នាក់ជាតិលើកទី៥ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៦ ដល់ទី៧ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោកថា នៅក្នុងព្រឹត្តិការណ៍នោះក្រុមយុវជន ដែលបានចូលរួមទាំងអស់ នឹងបានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅ មកលើវិស័យការងារ ពិសេសគឺចង់ឲ្យក្រុមយុវជន ដែលជាកម្លំាងពលកម្មវ័យក្មេង ទទួលបានការបណ្តុះបណ្តាលជំនាញ តាមរយៈការប្រមូលបានព័ត៌មាន អំពី រោងចក្រ សហគ្រាស និងនិយោជក ដែលកំពុងមានសកម្មភាពក្នុងទីផ្សារការងារ។

លោកអៈអាងថា ក្រៅពីនេះក្រុមយុវជន ក៏ទទួលបានការសម្ភាសន៍ និងឱកាសការងារភ្លាមៗ ហើយចំពោះអ្នក ដែលធ្លាក់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ឬមានកម្រិតវប្បធម៌ទាប ក៏ទទួលបានឱកាសការងារដូចគ្នា ដែលដូច្នេះទាមទាឲ្យក្រុមយុវជនទាំងអស់ ចូលរួមឲ្យបានកុះករ។

ចំណែកលោក អន ប៊ុនណារិទ្ធ តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ដ៏ល្អ ដែលបានជួយដោះស្រាយ វិបត្តិ គ្មានការងារធ្វើរបស់ក្រុមយុវជន ហើយក៏បានធ្វើឲ្យពួកគេ មានឱកាសរៀនជំនាញណា ដែលទីផ្សារត្រូវការ ដែលទទួលបាន ប្រាក់បៀវត្សខ្ពស់។ លោកគាំទ្រឲ្យរាជរដ្ឋាភិបាល រៀបចំវេទិកានេះឲ្យបានច្រើនបន្ថែមទៀត ខណៈដែលក្នុងមួយលើកៗ អាចឲ្យយុវជនទទួលបានការងារ ធ្វើចាប់ពី១ម៉ឺននាក់ឡើងទៅ។

មន្រ្តីទីភ្នាក់ងារជាតិ និងមុខរបររំពឹងថា ពិព័រណ៍ការងានេះ នឹងទទួលបានអ្នកចូលរួមទស្សនា ប្រមាណជាង២២.០០០នាក់ ស្របពេលដែលមានក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមានឧស្សាហកម្ម មានដំណើរការសេដ្ឋកិច្ចខ្លំាង នៅក្នុងប្រទេសកម្ពុជា ប្រមាណជា៧៥មូលដ្ឋានចូលរួម ក្នុងនោះមានទាំងវិស័យធនាគារ និងហិរញ្ញវត្ថុ ការអប់រំបណ្តុះបណ្តាល សណ្ឋាការនិងបដិសណ្ឋារកិច្ច និង វិស័យកម្មន្តសាលផ្សេងទៀត ដែលត្រូវការបុគ្គលិកបំពេញការងារ រហូតដល់ជាង៧ពាន់នាក់ ក្នុងមុខតំណែងជាង៧០ប្រភេទ៕

ក្រសួងការងារ ប្រកាសផ្តល់ ឱកាសការងារ ជាង៧កន្លែង សម្រាប់អ្នក ស្វែងរកការងារធ្វើ

ក្រសួងការងារ ប្រកាសផ្តល់ ឱកាសការងារ ជាង៧កន្លែង សម្រាប់អ្នក ស្វែងរកការងារធ្វើ

ក្រសួងការងារ ប្រកាសផ្តល់ ឱកាសការងារ ជាង៧កន្លែង សម្រាប់អ្នក ស្វែងរកការងារធ្វើ