កែម ឡី៖ CPP គ្មាន​ទំនុក​ចិត្ត​ខ្ពស់​ថា នឹង​អាច​ឈ្នះ​ឆ្នោត

កាលណាបង្ហាញសាច់ដុំ ម្ដងហើយម្ដងទៀតរបៀបនេះ គឺបង្ហាញថា ទំនុកចិត្តរបស់គណបក្ស​ប្រជាជនកម្ពុជា ដែល​ត្រូវ​ប្រកួត​ប្រជែង ក្នុងថ្ងៃខាងមុខ មានកម្រិតទាប។ នេះ ជាការលើកឡើងរបស់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែក​សង្គម នៅ​ក្នុង​បទ​វិភាគ​មួយ បន្ទាប់​ពី​ព្រឹត្តិការណ៍​ដក​លោក កឹម សុខា ពីតំណែង​ជា​អនុប្រធាន​ទីមួយ​នៃ​រដ្ឋសភា។
កែម ឡី៖ CPP គ្មាន​ទំនុក​ចិត្ត​ខ្ពស់​ថា នឹង​អាច​ឈ្នះ​ឆ្នោត
លោក ហ៊ុន សែន បង្ហាញចង្អុលដៃ បន្ទាប់ពីលោកបានបោះឆ្នោត នៅឆ្នាំ២០១៣រួច។ (រូបថត Reuters)

គេច្បាស់ជាឆ្ងល់ ថាលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលបានកាន់អំណាច តាំង​ពី​ជាង​៣០​ឆ្នាំ​មកហើយនោះ បែរជាទ្រាំមិនបាន នឹងការថ្លែងនានា របស់លោក កឹម សុខា រហូតចាត់ទុកថា ការ​ថ្លែង​ទាំង​នោះ ជាការញុះញង់ បង្កឲ្យមានអស្ថិរភាព... ហើយទីបំផុតទៅ បានដកអនុប្រធាន​គណបក្ស​ប្រឆាំង​រូបនេះ ចេញ​ពីតំណែង ជាអនុប្រធានទីមួយ នៃរដ្ឋសភា? តើគណបក្សប្រជានកម្ពុជា មួយទាំងមូល ពិតជា​គ្មាន​សមត្ថភាព​សម្រាប់​តទល់អ្វីផ្សេង ក្រៅតែពីការបង្ហាញសាច់ដុំ ដូចជា បាតុកម្ម ធ្វើញត្តិ ចាប់ចង់ ឬដេញ​អ្នក​នេះ ចាប់​អ្នក​នោះ ឬ​យ៉ាង​ណា?

សម្រាប់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គមវិញ បានយល់ថា ចម្លើយមានបីយ៉ាង ក្នុងនោះចំណុចទីបី គឺគណបក្សប្រជាជនកម្ពុជា មិនមានទំនុកចិត្តខ្ពស់ ក្នុងការយកជ័យជំនះ នៃការបោះឆ្នោត នាពេល​ខាងមុខ​នោះឡើយ។ ថ្លែងកាលពីយប់ថ្ងៃទី៣០ ខែតុលា នៅក្នុងកម្មវិធី «វេទិកាអ្នកស្ដាប់» របស់វិទ្យុអាស៊ីសេរី លោក កែម ឡី បានពន្យល់ទាក់ទង នឹងហេតុការណ៍បង្ហាញសាច់ដុំ របស់គណបក្សកាន់អំណាច នៃការដកមេ​ដឹក​នាំ​គណបក្សប្រឆាំង ពីតំណែងជាន់ខ្ពស់ នៅក្នុងរដ្ឋសភា ថាមានមូលហេតុបីយ៉ាង៖

ទី១) គណបក្សកាន់អំណាច ដែលដឹកនាំដោយលោក ហ៊ុន សែន អនុវត្តន៍រូបមន្ត បង្វែស្ថានការណ៍ ក្នុងនោះ​មានការចង់ងាកចេញ ពីបញ្ហាផែនទីព្រំដែន កម្ពុជា-វៀតណាមដ៏ចម្រូងចម្រាស់។

ទី២) ជាសេណារីយ៉ូនយោបាយមួយ ដើម្បីឲ្យសាធារណជនងាកចេញ ពីអំពើហិង្សាដ៏ឃោឃៅ នៃការ​វាយ​តប់ទាត់ធាក់ ទៅលើតំណាងរាស្ត្រពីររូប មកពីគណបក្សសង្គ្រោះជាតិ។

និងទី៣) ព្រោះទំនុកចិត្ត របស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវប្រកួតប្រជែង នៅថ្ងៃខាងមុខ មាន​កម្រិត​ទាប ហើយតម្រូវឲ្យគណបក្សមួយនេះ ត្រូវធ្វើសកម្មភាពច្រើនទៀត ទោះស្ថិតក្នុងរូបភាពអ្វីក៏ដោយ។

អ្នកស្រាវជ្រាវផ្នែកសង្គម ដ៏ល្បីឈ្មោះរូបនេះ បានថ្លែងឲ្យដឹងទៀតថា៖ «បើសិនជាគណបក្សប្រជាជន គាត់​មានភាពច្បស់លាស់ បានន័យថា មានទំនុកចិត្តខ្ពស់ (នោះ) គាត់អត់លេងទេ ល្បែងនយោបាយអាក្រក់ៗ​ណ្នឹង ល្បែងនយោបាយ ដែលសាធារណជន​មិនអាចទទួល​យកបានណ្នឹង គឺគាត់អត់លេងទេ។»

សូមរំលឹកឡើងវិញថា រដ្ឋសភាកម្ពុជា បានដកអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ពីតំណែង ជាអនុប្រធានទីមួយ នៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ដោយអង្គប្រជុំសភាពេញអង្គ របស់​រដ្ឋសភា ក្រោមសម្លេង៦៨លើ៦៨ នៃតំណាងរាស្ត្រមកពីគណបក្ស​ប្រជាជន​កម្ពុជា។ លោក ឈាង វុន អ្នកនាំ​ពាក្យរដ្ឋសភា មកពី​គណបក្ស​ប្រជាជនកម្ពុជា បានថ្លែងប្រាប់​អ្នក​សារព័ត៌មាន នៅក្រោយការបោះឆ្នោត​ទម្លាក់​នោះថា ការបញ្ចប់តំណែងនេះ គឺដើម្បីការពារនូវវប្បធម៌សន្ទនា រវាងគណបក្សទាំងពីរ។

ប៉ុន្តែសម្រាប់គណបក្សសង្គ្រោះជាតិវិញ បានបរិហាករណីដកដេញ តំណែងរបស់លោក កឹម សុខា ថាជា​ការ​រំលោភយ៉ាងធ្ងន់ធ្ងរ ទៅលើរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងនយោបាយ​ដ៏តក់ក្រហល់មួយ ដែលបានធ្វើ​ឡើង ក្រោយពីព្រឹត្តិការណ៍ស្ពាននាគ កាលពីពាក់កណ្ដាលខែកក្កដា ឆ្នាំ២០១៤ ហើយមន្ត្រីជាន់ខ្ពស់ជា​ច្រើន របស់​គណបក្ស ត្រូវបានចាប់វាយខ្នោះ យកទៅឃុំខ្លួន នៅពេលនោះ៕